កម្មវិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ដល់អ្នកផ្តល់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីងាយរងគ្រោះនៅខេត្តគោលដៅ

កម្មវិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ដល់អ្នកផ្តល់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីងាយរងគ្រោះនៅខេត្តគោលដៅ

ចាប់ពីថ្ងៃទី៣ដល់១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តគោលដៅទាំង៦ ដោយបានសហការជាមួយរដ្ឋបាលស្រុកគោលដៅ បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ទៅដល់អ្នកផ្តល់សេវាតាមថ្នាក់ស្រុក និងថ្នាក់ឃុំ និងស្រ្តីងាយរងគ្រោះនៅ២១ស្រុកក្នុងខេត្តគោលដៅ រួមមាន៖ កំពង់ចាម សៀមរាប កំពង់ស្ពី ត្បូងឃ្មុំ រតនៈគីរី និងខេត្តព្រះស៊ីហនុ។

សម្ភារការពារទាំងនេះត្រូវបាឧបត្ថម្ភដោយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌(ACCESS)។ ជាលទ្ធផល ស្រ្តីងាយរងគ្រោះនៅខេត្តគោលដៅទាំង៦ បានទទួលម៉ាស់ចំនួន៤៥០០០ម៉ាស់ អាល់កុលសម្អាតដៃចំនួន៤៨០០ដប និងសាប៊ូចំនួន៣៨៨០០ដុំ សម្រាប់ការពារកូវីដ-១៩។ ជាងនេះទៅទៀត ផ្ទាំងរូបភាពអំពីសេវាអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រព័ត៌មាននិងសេវាបង្ការជំងឺកូវីដ-១៩ចំនួន៧០០០សន្លឹក ផ្លឹតចំនួន៤៨៨០ កូនសៀវភៅព័ត៌មានអំពីនិតិវិធីប្រតិបត្តិការសម្រាប់អ្នកផ្តល់ប្រឹក្សាតាមអនឡាញចំនួន៩៧២ក្បាលក៏ត្រូវបានប្រគល់ដល់ស្រ្តីកម្ពុជាដែរ។

លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បានគូសបញ្ជាក់អំពីផលប៉ះពាល់ដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ជាពិសេសផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះស្រ្តីមានពិការភាព។ គម្លាតសង្គម បានផ្តល់ផលលំបាកទៅដល់ស្រ្តីងាយរងគ្រោះក្នុងការទទួលបានសេវាដែលពួកគេត្រូវការ។ នៅក្នុងបរិយាបថនេះ អ្នកផ្តល់សេវាបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការស្វែងរកមធ្យោបាយដ៏ប្រសើរដើម្បីគាំទ្រដល់អ្នកទាំងនោះតាមរយៈអនឡាញឬទូរស័ព្ទ។ ជាងនេះទៀត សម្ភារព័ត៌មានដែលបានចែកជូននៅក្នុងពិធីនេះ ជាប្រភពព័ត៌មានដែលមានសារះប្រយោជន៍សម្រាប់ទាំងអ្នកផ្តល់សេវា និងស្រ្តីងាយរងគ្រោះកំឡុងពេលជំងឺកូវីដ-១៩រាតត្បាត។

លោកស្រី ឆែម សុធា ជាអភិបាលរងស្រុកពួក ខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះមន្ទីរកិច្ចការនារីខេត្ត ក្នុងការផ្តល់សម្ភារការពារក្រោមជំនួយឧបត្ថម្ភពីកម្មវិធីACCESS។ លោកស្រីបានបញ្ជាក់ថា៖ «នេះជាពេលវាលមួយដ៏លំបាកនៅក្នុងប្រទេសក៏ដូចជាសកលលោក ប៉ុន្តែយើងត្រូវធ្វើការជាមួយគ្នាការពារខ្លួនយើង និងសហគមន៍របស់យើងពីការរាតត្បាតជំងឺកូវីដ-១៩»។

តាមរយៈកម្មវិធីACCESS រដ្ឋាភិបាលអូស្រ្តាលី បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវានិរន្តភាព គុណភាព និងបរិយាបន្ននៅកម្ពុជាសម្រាប់ជនមាពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ។ កម្មវិធីនេះនឹងបន្តជួយដើម្បីធានាបាននូវសេវាមូលដ្ឋានសម្រាប់ក្រុមងាយរងគ្រោះកំឡុងពេលរាតត្បាតនេះ៕