កម្មវិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលកម្ពុជាដោយឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

កម្មវិធីប្រគល់ទទួលសម្ភារការពារ និងសម្ភារផ្សព្វផ្សាយព័ត៌មានពីជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលកម្ពុជាដោយឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ផាប្លូ កាង(Pablo Kang) បានប្រគល់សម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដល់ក្រសួងកិច្ចការនារី តំណាងស្រ្តីងាយរងគ្រោះ និងតំណាងសហគមជនជាតិភាគតិច។

សម្ភារការពារទាំងនេះ ត្រូវបានឧបត្ថម្ភដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព​​ និងសមធម៌(ACCESS)។ ជាលទ្ធផល ស្រ្តីងាយរងគ្រោះអាចទទួលបានម៉ាស់បន្ថែមចំនួន ៤៥០០០ម៉ាស់ អាល់កុលលាងដៃចំនួន៤៨០០ដប និងសាប៊ូលាងដៃចំនួន៣៨៨០០ដុំ ដើម្បីប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ផាប្លូ កាង បានបញ្ជាក់ថា៖ «តាមរយៈកម្មវិធី ACCESS អូស្រ្តាលីបានផ្តោតសំខាន់ទៅលើការឆ្លើយតប និងការស្តារឡើងវិញដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយហិង្សា។ តាងនាមឱ្យរដ្ឋាភិបាលអូស្រ្តាលី  ខ្ញុំសូមកោតសរសើរដល់ក្រសួងកិច្ចការនារីដែលបានប្តេជ្ញាចិត្ត និងធ្វើសកម្មភាពក្នុងការលើកកម្ពស់សិទិ្ធស្រ្តី និងលប់បំបាត់រាល់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តមអគ្គរាជទូត ផាប្លូ កាង ជំនួយរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលអូស្រ្តាលី ក្នុងភាពជាដៃគូ និងគាំទ្រនៅក្នុងការផ្តល់នូវសម្ភារការពារកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងកំឡុងពេលនេះដែរ ស្រ្តីដឹងថាខ្លួនឯងដាច់ឆ្ងាយពីអ្នកដ៏ទៃ និងប្រភពដែលអាចជួយពួកគាត់បាន។ ក្នុងចំណោមស្រ្តីទាំងនោះដែរ ស្រ្តីដែលមានពិការភាព និងស្រ្តីនៅក្នុងសហគមជនជាតិដើមភាគតិច ក៏អាចប្រឈមនឹងឧបសគ្គកាន់តែច្រើនក្នុងការទទួលបាននូវការគាំទ្រដែលពួកគាត់ត្រូវការ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយក្រសួងកិច្ចការនារី និងអង្គការដៃគូអនុវត្ត ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងសេវាក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសារក្នុងការបង្ការតាមរយៈកម្មវិធីវិទ្យុ សម្ភារព័ត៌មាន និង​ការអភិវឌ្ឍសមត្ថភាពទូលំទូលាយទៅដល់អ្នកផ្តល់សេវាក្នុងតំបន់ និងទៅដល់តំបន់ភូមិសាស្រ្តគោលដៅរបស់កម្មវិធី ACCESS ទាំង៨ខេត្ត។ កម្មវិធីនេះ ព្យាយាមធ្វើឱ្យប្រាកដថា ស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយហិង្សាបានទទួលព័ត៌មាន និងសេវាដែលចាំបាច់។

តាមរយៈគម្រោង ACCESS រដ្ឋាភិបាលអូស្រ្តាលី គឺបាននឹងកំពុងធ្វើការជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើឱ្យប្រសើរឡើងនូវនិរន្តភាព​ គុណភាព និងបរិយាបន្ននៅកម្ពុជាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កម្មវិធីនេះ នឹងបន្តជួយដើម្បីធានាបានថា សេវាជាមូលដ្ឋាននៅតែមានសម្រាប់ក្រុមងាយរងគ្រោះកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩៕