កម្មវិធីប្រគល់សម្ភារការពារខ្លួនពីជំងឺកូវីដ-១៩ ដោយឯកអគ្គរាជទូតអូស្ត្រាលី

កម្មវិធីប្រគល់សម្ភារការពារខ្លួនពីជំងឺកូវីដ-១៩ ដោយឯកអគ្គរាជទូតអូស្ត្រាលី

នាថ្ងៃទី ១៩​ ខែឧសភា ឆ្នាំ ២០២០ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ផាប្លូ កាង បានប្រគល់សម្ភារការពារការចម្លងជំងឺកូវីដ-១៩ ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការជនពិការ។

សម្ភារទាំងនេះ ត្រូវបានឧបត្ថម្ភតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បី ផ្តល់សេវាប្រកប​ដោយនិរន្តភាព និងសមធម៌ (ACCESS) ។ ជាលទ្ធផល ជនមានពិការភាព នៅកម្ពុជាអាចទទួលបាននូវម៉ាស់បន្ថែមចំនួន ៥២.៥០០ ទឹកលាងដៃប្រមាណ ៣.៥០០ ដប និងអាល់កុលចំនួន ៦.០០០ ដប ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ផាប្លូ កាង ថ្លែងសន្ទរកថានៅក្នុងកម្មវិធីប្រគល់សម្ភារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។©ACCESS/You Y

ជនមានពិការភាព មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ-១៩ ដោយសារពួកគាត់មានឧបសគ្គក្នុងការ ទទួលបានព័ត៌មាន ការលំបាកក្នុងការអនុវត្តវិធានការអនាម័យ ការពឹងផ្អែកលើទំនាក់ទំនងរាងកាយ ជាមួយអ្នកថែទាំ និងបញ្ហាផ្លូវដង្ហើមបណ្តាលមកពីស្ថានភាពនៃពិការភាព។ វិធានការណ៍ទប់ស្កាត់ដូចជាការរក្សាគម្លាតសុវត្តិភាព និងការដាក់នៅដោយឡែកដែលអាចពិបាកនឹងអនុវត្ត សម្រាប់អ្នកដែលពឹងផ្អែកលើអ្នកថែទាំ ដូចជាការផ្តល់អាហារ ស្លៀកពាក់ និងសម្អាតរាងកាយ ជាដើម។

ឯកអគ្គរាជទូត ផាប្លូ កាង បានថ្លែងថា “តាមរយៈកម្មវីធី ACCESS ប្រទេសអូស្រ្តាលីកំពុងផ្តោតសំខាន់ទៅលើ ការឆ្លើយតប និងការស្តារឡើងវិញសម្រាប់ជនមានពិការ។ ទន្ទឹមនឹងការផ្តល់ជូនសម្ភារៈ យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធផ្នែកពិការភាព ដើម្បីបង្កើតព័ត៌មានដែលទាក់ទងនឹងវីរុសកូរ៉ូណានេះរួមមាន ទាំងផ្ទាំងរូបភាព វីឌីអូ និងកម្មវិធីវិទ្យុ។”

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ផាប្លូ កាង និងទទួលស្គាល់ដោយក្តីគោរព លើការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ដែលនឹងជំនួយដល់ប្រជាជនកម្ពុជាដែលមានពិការភាព ដើម្បីឆ្លងកាត់កំឡុងពេលលំបាកនេះ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការថ្លែងសន្ទរកថា នៅ ក្រសួងសង្គមកិច្ច។ ©ACCESS/You Y

កម្មវិធី ACCESS គឺជាគំនិតផ្តួចផ្តើម និងគាំទ្រដោយ ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី រយៈពេល៣ឆ្នាំ (២០១៨​-២០២១) ដែលមានគោលបំណង ដើម្បីធ្វើឱ្យមាន និរន្តរភាព គុណភាព និងបរិយាបន្នក្នុងការផ្តល់សេវាកម្ម ឱ្យកាន់តែប្រសើរឡើង សម្រាប់ជនមានពិការភាព និងស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។

ក្នុងបរិបទនៃជំងឺកូវីដ-១៩ កម្មវិធីនេះកំពុងធ្វើការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើតសារដែលទាក់ទងនឹងការការពារខ្លួនសម្រាប់ជនមានពិការភាព និងផ្តល់ជូនការឆ្លើយតបប្រកបដោយបរិយាបន្ន ក្នុងស្ថានការណ៍នៃជំងឺរាតត្បាតនេះ។ កម្មវិធី ACCESS ផ្តួចផ្តើមឡើងពីការងារយូរអង្វែង ក្នុងវិស័យពិការភាពនៅកម្ពុជា ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសអូស្ត្រាលី ក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍបរិយាប័ន្នជនមានពិការភាពនៅក្នុងតំបន់របស់យើង។ កម្មវិធី ACCESS នឹងបន្តការផ្តល់ជំនួយ និងធានាថា សេវាមូលដ្ឋាននៅតែមាន សម្រាប់ក្រុមងាយរងគ្រោះក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។