កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌ គាំទ្រដល់ក្រសួងកិច្ចការនារី សម្រាប់ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌ គាំទ្រដល់ក្រសួងកិច្ចការនារី សម្រាប់ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌(ACCESS) បានរៀបចំកិច្ចប្រជុំមួយជាមួយក្រសួងកិច្ចការនារី ស្តីពីការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ។ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំ និងមានមតិបើកកិច្ចប្រជុំនេះជាមួយលោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា។ នេះជាកិច្ចប្រជុំលើកទី២ជាមួយក្រសួងកិច្ចការនារី សម្រាប់ការធ្វើបទបង្ហាញ និងពិភាក្សាពាក់ព័ន្ធនឹងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ ដែលកិច្ចប្រជុំលើកទី១ធ្វើឡើងកាលពីខែមេសា។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្ហាញអំពី​របកគំហើញ និង​អនុសាសន៍សំខាន់ៗ ស្តីអំពីការធ្វើសមាហរណកម្ម​សមធម៌យេនឌ័រ​ក្នុង​ដំណើរការ​ថវិកា​ ពិភាក្សាអំពីជំហ៊ានបន្ទាប់​សម្រាប់កិច្ចសហការរវាងភាគីពាក់ព័ន្ធ និង​ជម្រើស​ (របៀប) សម្រាប់ការចូលរួមជាមួយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ / អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កិច្ចប្រជុំនេះដែរក៏មានអ្នកចូលរួមចំនួន២៥នាក់ ដែលមកពីអគ្គនាយកដ្ឋានសមភាពយេនឌ័រ និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអគ្គនាយកដ្ឋានរដ្ឋបាល និង​កិច្ចការទូទៅ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS ហើយដែលអ្នកចូលរួមទាំងនោះបានចូលរួមពិភាក្សាយ៉ាងផុសផុលលើជំហ៊ានបន្ទាប់សម្រាប់កិច្ចសហការជាមួយអ្នកពាក់ព័ន្ធ រួមទាំងការភ្ជាប់ទំនាក់ទំនងជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកស្រី ចេង ជិនណេត ជាប្រធានយកដ្ឋានសមភាពយេនឌ័រ។ លោកស្រី បានធ្វើបទបង្ហាញពីសមិទ្ធិផលសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ និងសេចក្តីព្រាងផែនទីចង្អុលបង្ហាញ។ លោកស្រីក៏បានគូសបញ្ជាក់ផងដែរ ការគាំទ្រពីកម្មវិធី ACCESS ទៅក្រសួងកិច្ចការនារី តាមរយៈនាយកដ្ឋានសមភាពយេនឌ័រ គឺដើម្បីធានាថាការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ និងសេវាសង្គមត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិនិយោគឃុំសង្កាត់។ ចំណែកលោក Jonathan Dunn ទីប្រឹក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ នៃកម្មវិធី ACCESS  បានធ្វើបទបង្ហាញពីរបកគំហើញ និងអនុសាសន៍សំខាន់ៗស្តីពីសមាហរណកម្មសមភាពយេនឌ័រនៅក្នុងដំណើរការថវិកា។ នៅក្នុងបរិបទផែនការការងារប្រចាំឆ្នាំរបស់កម្មវិធីACCESSសម្រាប់ឆ្នាំទី៤ កម្មវិធី ACCESS ដែលជាដៃគូជាមួយក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានការចាប់អារម្មណ៍ក្នុងកិច្ចសហការគ្នា រួមទាំងការពង្រឹងនូវគោលការណែនាំជាក់ស្តែង ស្តីពីការធ្វើសមាហរណកម្មយេនឌ័រនៅក្នុងផែនការយុទ្ធសាស្រ្តថវិកាប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសារាចរណែនាំស្តីពីការរៀបចំថវិកាសម្រាប់ក្រសួងពាក់ព័ន្ធ។

លោកស្រី Elizabeth Adler បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា៖ «នៅក្នុងបរិបទរបស់កម្មវិធី ACCESS រដ្ឋាភិបាលអូស្រ្តាលី គឺបាននឹងកំពុងសម្លឹងមើលលើការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការបែងចែកធនធាន ដើម្បីកាត់បន្ថយអំពើហិង្សាលើស្រ្តី និងលើកកម្ពស់បរិយាបន្នពិការភាព។​ យើងបានដឹងពីសារៈសំខាន់នៃតួនាទីរបស់ក្រសួងកិច្ចការនារី ដែលជាស្ថាប័ននាំមុខគេក្នុងការបញ្ជ្រាបយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីតស៊ូមតិសម្រាប់ក្រសួងពាក់ព័ន្ធ ដើម្បីកំណត់សកម្មភាពអាទិភាព និងវិភាជថវិកា ដែលសមស្របទៅនឹងតម្រូវការផ្នែកយេនឌ័រ​ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។

លោកជំទាវ គឹម ស៊ីផាត់ បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានផ្តល់ធាតុចូលដ៏សំខាន់ដល់ក្រុមការងារក្រសួងកិច្ចការនារី ក្នុងការយកមកប្រើប្រាស់សម្រាប់កែសម្រួល និងពង្រឹងបន្ថែមទៀតលើផែនការចង្អុលផ្លូវរបស់ក្រសួង ក្នុងការគាំទ្រ និងជំរុញការអនុវត្តការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS  ក្នុងការគាំទ្រឱ្យមានកិច្ចប្រជុំនេះ នៅក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ អ្វីដែលសំខាន់ទៀតនោះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ពីផែនការរបស់ក្រសួងក្នុងការបង្កើតក្រុមការងាររៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ ដើម្បីធានាឱ្យមានការសម្របសម្រួល និងកិច្ចសហការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមអ្នកពាក់ព័ន្ធសំខាន់ៗ៕