កម្មវិធី ACCESS គាំទ្រចំណេះដឹងបន្ថែមស្តីពីសមភាពយេនឌ័រដល់ជនមានពិការភាពក្នុងការស្តាប់

កម្មវិធី ACCESS គាំទ្រចំណេះដឹងបន្ថែមស្តីពីសមភាពយេនឌ័រដល់ជនមានពិការភាពក្នុងការស្តាប់

អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពីសមភាពយេនឌ័រ សម្រាប់ជនមានពិការភាពក្នុងការស្តាប់។​ អង្គការ CWCC បានរៀបចំវគ្គបណ្តុះបណ្តាលនេះកាលពីថ្ងៃទី១៨ដល់១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS) ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បង្កើនការយល់ដឹងបន្ថែមស្តីពីសមភាពយេនឌ័រ ក្នុងចំណោមអ្នកពាក់ព័ន្ធផ្នែកពិការភាព រួមទាំងបង្កើនការយល់ដឹងអំពីភាពទាក់ទងគ្នារវាងសមភាពយេនឌ័រ​ និងអំពើហិង្សារទាក់ទងនឹងយេនឌ័រ និងយល់ដឹងអំពីរបៀបនៃការផ្តល់/ទទួលនូវសេវាប្រកបដោយបរិយាប័ន្ន។

សិក្ខាកាមចំនួន២២នាក់ ក្នុងនោះមានស្រ្តីចំនួន១២នាក់ បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមទាំងជនមានពិការភាពក្នុងការស្តាប់ដែលមកពីកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់។ សិក្ខាកាមទាំងនោះ បានចែករំលែកនូវ​ការយល់ឃើញរបស់ពួកគេ ដោយអ្នកចូលរួមម្នាក់បានលើកឡើងថា សិក្ខាសាលានេះ មិនត្រឹមតែផ្តល់ឱកាសឱ្យគាត់បានស្គាល់មិត្តភ័ក្រ្តថ្មីទេ ប៉ុន្តែក៏បានរៀនសូត្របន្ថែមពីសមភាពយេនឌ័រ និងសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមកដោយមិនគិតពីសមត្ថភាពរបស់ពួកគាត់ឡើយ។

កំឡុងពេលវគ្គបណ្តុះបណ្តាល សិក្ខាកាមបានពិភាគ្សាគ្នាលើផលជះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពាក់ព័ន្ធនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ច និងការរើសអើងលើជនមានពិការភាព ដែលនាំឱ្យបាត់បង់ឱកាសក្នុងការចូលរួមនៅក្នុងសង្គម និការអភិវឌ្ឍ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិអង្គការ CWCC បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងរបស់ជនមានពិការភាពក្នុងការស្តាប់ស្តីពីសមភាពយេនឌ័រ ដែលវាជាការបោះជំហ៊ានមួយឆ្ពោះទៅរកការអភិវឌ្ឍខ្លួន និងការអភិវឌ្ឍសង្គម។ លោកស្រីបានថ្លែងអំណរគុណដល់ដៃគូរដែលបានគាំទ្រដល់ដំណើរការវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីក៏បានកោតសរសើរចំពោះការគាំទ្រផ្នែកបច្ចេកទេសរបស់អ្នកបកប្រែភាសាសញ្ញា ដែលបានជួយឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅដោយរលូន។ លោកស្រីក៏ថ្លែងអំណរគុណដល់ការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS នៅក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង ដើម្បីគាំទ្រនិរន្តភាព និងគុណភាពសេវាដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។​ អង្គការCWCC ជាដៃគូមួយក្នុងចំណោមដៃគូអនុវត្តគម្រោងទាំង១៤របស់កម្មវិធីACCESS ដែលបាននឹងកំពុងធ្វើការលើកកម្ពស់សមភាពយេនឌ័រ​ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕