កម្មវិធី ACCESS បានចាប់ផ្តើមអនុវត្តកម្មវិធីនៅក្នុងខេត្តគោលដៅទាំងបី

កម្មវិធី ACCESS បានចាប់ផ្តើមអនុវត្តកម្មវិធីនៅក្នុងខេត្តគោលដៅទាំងបី

កម្មវិធី ACCESS មានមោទនភាពក្នុងការប្រកាសអំពីអង្គការដៃគូអភិវឌ្ឍន៍ចំនួន១៣ ដែលមកពីអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដែលនឹងធ្វើការងារសំដៅចូលរួមចំណែកដល់ការពង្រឹងលទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ កម្មវិធី ACCESS បានជ្រើសរើសអង្គការដៃគូអភិវឌ្ឍន៍តាមរយៈដំណើរការជ្រើសរើសដែលមានភាពប្រកួតប្រជែង ដឹកនាំដោយក្រុមការងារយន្តការវិនិយោគដែលមានភាពប្រកួតប្រជែង។

ក្នុងចំណោមអង្គការដៃគូអភិវឌ្ឍន៍ទាំង១៣ អង្គការដៃគូចំនួន ៧ នឹងសហការជាមួយក្រសួងកិច្ចការនារីដើម្បីធានាថាស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រមានលទ្ធភាពទទួលបានសេវាដែលមានគុណភាពដើម្បីបំពេញនូវសិទ្ធិនិងសេចក្តីត្រូវការរបស់ពួកគេ។ អង្គការដៃគូអភិវឌ្ឍន៍ទាំងនោះរួមមាន មូលនិធិអាស៊ី មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្ត្រីមានវិបត្តិ អង្គការ Care អូស្រ្តាលី ជំនួយផ្នែកច្បាប់កម្ពុជា អង្គការចិត្តសង្គមអន្តរវប្បធម៌ UNFPA និង UN Women។

អង្គការដៃគូអភិវឌ្ឍន៍ ៦ ផ្សេងទៀតរួមមាន Agile Development Group អង្គការជនពិការកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន អង្គការ Humanity and Inclusion អង្គការ Light for the World និងUNDP នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីគាំទ្រដល់ការយល់ដឹងអំពីសិទ្ធិ និងលទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម និងបង្កើនការផ្តល់ឱកាសស្វែងរកប្រាក់ចំណូលដល់ជនមានពិការភាព។ កម្មវិធី ACCESS ប្រើប្រាស់សមិទ្ធផល និងមេរៀនដែលទទួលបានពីកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។