កិច្ចប្រជុំក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត នៅខេត្តកំពង់ស្ពឺ

កិច្ចប្រជុំក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត នៅខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីសេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS)   និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ UN Women អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត។

កិច្ចប្រជុំនេះ មានគោលបំណង ធ្វើបច្ចុប្បន្នភាពក្នុងការឆ្លើយតបករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ខេត្ត ដោយសមាជិកនីមួយៗ និងស្វែងរកការគាំទ្របន្ថែម សម្រាប់ករណីណាដែលមិនទាន់បានដោះស្រាយ ឬរាំងស្ទះផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

អ្នកចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន តំណាងមកពី ក្រសួងកិច្ចការនារី គណកម្មាធិការប្រឹក្សាយោបល់សម្រាប់ស្រ្តី និងកុមារមន្ទីរកិច្ចការនារី​ អភិបាលរងខេត្តទទួលបន្ទុកកិច្ចការនារី មន្ទីរកិច្ចការនារី មន្ទីរពាក់ព័ន្ធខេត្ត អង្គការ UNWomen អង្គការជំនួយផ្នែកច្បាប់កម្ពុជា និងអង្គការ CARE ។ លោកជំទាវ ឡុង បូណារ៉េត ជាអភិបាលរងខេត្តកំពង់ស្ពឺ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ និងជាអ្នកដឹកនាំកិច្ចប្រជុំ។

អ្នកចូលរួមក្នុងកិច្ចប្រជុំ បានរាយការណ៍ និងចែករំលែកនូវបច្ចុប្បន្នភាពសកម្មភាពការងារ និងបញ្ហាប្រឈម ដែលទាក់ទងនឹងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍របស់ពួកគេ មានដូចជា ការផ្តល់សេវា ការប្រមូល និងការរាយការណ៍ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ក្រុមការងារក៏បានពិភាក្សាផងដែរអំពីសេវាប្រាក់ពន្ធប្រដាប់ក្តីក្រៅពីពន្ធក្នុងករណីលែងលះ ការផ្សព្វផ្សាយព័ត៌មានស្តីពីការរីករាលដាលនៃជំងឺកូវីដ-១៩ទៅសហគមន៍។

លោកជំទាវ ឡុង បូណារ៉េត មានការស្ងើចសរសើរនូវការប្តេជ្ញាចិត្តរបស់អ្នកផ្តល់សេវា ដើម្បីគាំទ្រសេវាដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ នៅក្នុងបរិបទកូវីដ-១៩នេះ សកម្មភាពការងារមួយចំនួន គឺត្រូវធ្វើតាមរយៈអនឡាញ រួមទាំងកិច្ចប្រជុំ និងការផ្តល់សេវាប្រឹក្សាយោបល់ដល់ជនរងគ្រោះ។

កម្មវិធី ACCESS គឺបាននឹងកំពុងធ្វើការក្នុងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយនិរន្តភាព សមភាព និងបរិយាបន្នដល់ ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕