កិច្ចប្រជុំឆ្នាំ២០២១ យន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង

កិច្ចប្រជុំឆ្នាំ២០២១ យន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា​ បានរៀបចំកិច្ចប្រជុំយន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង ដែលដឹកនាំកិច្ចប្រជុំដោយ លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។

កិច្ចប្រជុំយន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង មានការចូលរួមពីសំណាក់ តំណាងមកពី ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រុមការងារកម្មវិធី ACCESS។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗ៤ រួមមាន ផ្តល់បទបង្ហាញអំពីលទ្ធផលសម្រេចបានសំខាន់ៗដោយដៃគូអនុវត្តកម្មវិធី ACCESS ពិនិត្យនិងធ្វើសេចក្តីសម្រេចលើលទ្ធផលនៃការវាយតម្លៃការអនុវត្តរបស់ដៃគូអនុវត្តរបស់កម្មវិធី ACCESS ពិនិត្យនិងផ្តល់យោបល់លើសំណើរទាក់ទងនឹងវិធីសាស្រ្តភាពជាដៃគូ និងការវិភាជថវិកាជំនួយសម្រាប់ដំណាក់កាលទី២ មុននឹងដាក់ជូន ASC ក្នុងការអនុម័ត ពិនិត្យលើហានិភ័យចម្បងៗសម្រាប់ការអនុវត្តកម្មវិធីACCESSក្នុងដំណាក់កាលទី២ និងការផ្តល់ជាសំណើរក្នុងការកាត់បន្ថយហានិភ័យទាំងនេះសម្រាប់ដាក់ជូន ASC ក្នុងការអនុម័ត។

ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្នែកពិការភាពរបស់កម្មវិធីACCESS បានធ្វើបទបង្ហាញពីលទ្ធផលនៃការវាយតម្លៃនៃការអនុវត្តរបស់ដៃគូអនុវត្តគម្រោងទាំងពីរផ្នែក ហើយប្រធានផ្នែកត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្រ ក៏បានធ្វើបទបង្ហាញផងដែរអំពី លទ្ធផលរបស់កម្មវិធី និងសមិទ្ធិផលសំខាន់ៗរបស់ដៃគូរអនុវត្តគម្រោង។

លោកស្រី Elizabeth Adler បានកត់សម្គាល់ថា លោកស្រីមានក្តីសោមនស្សរីករាយដែលឃើញសមិទ្ធិផលដែលកម្មវិធីACCESS សម្រេចបានរហូតមកដល់បច្ចុប្បន្ន ដើម្បីគាំទ្រដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានបញ្ជាក់ថា​ លោកស្រីមានការកោតសរសើរចំពោះសមភាគីរដ្ឋាភិបាលកម្ពុជា សម្រាប់ការប្តេជ្ញាចិត្ត និងក្នុងភាពជាដៃគូរក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។

កិច្ចប្រជុំយន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង គឺជាសមិទ្ធិលមួយ ហើយភាគីទាំងអស់ សម្តែងនូវការពេញចិត្តចំពោះសមិទ្ធិផលនេះ និងសមិទ្ធិផលរបស់កម្មវិធីACCESS និងសកម្មភាពរបស់ដៃគូអនុវត្តគម្រោងសម្រេចបាន។ ធាតុចូលរបស់អ្នកចូលរួម គឺមានសារៈសំខាន់ណាស់សម្រាប់កិច្ចប្រជុំនេះ សម្រាប់ការអនុវត្តកម្មវិធីACCESS ដំណាក់កាលទី២។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងអ្នកផ្តល់សេវាវិស័យឯកជន ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាប្រកបដោយនិរន្តភាព គុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សម្រាប់ជនមានពិការភាព រួមមានសេវាស្តារពលកម្មនីតិសម្បទា និងសេវាបរិយាបន្នសេដ្ឋកិច្ច។ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ កម្មវិធីACCESS គឺបាននឹងកំពុងផ្តោតលើការថែទាំសុខភាព សេវាច្បាប់ និងសេវាសង្គមចាំបាច់ផ្សេងៗ៕