កិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី ស្តីពីផែនការឆ្នាំទី៤ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី ស្តីពីផែនការឆ្នាំទី៤ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចផែនការឆ្នាំទី៤ ស្តីពីកិច្ចអន្តរាគមន៍ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងកិច្ចសហការជាមួយកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជាដើម្បីផ្តល់សេវាប្រដបដោយនិរន្តរភាព និងសមធម៌(ACCESS)។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា សម្រេចផែនការ និងស្វែងយល់ពីការគាំទ្ររបស់កម្មវិធី ACCESS លើផែនការការងាររបស់ក្រសួងកិច្ចការនារី ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។

កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍសង្គមនៃក្រសួងកិច្ចការនារី ហើយក៏មានក្រុមការងារបច្ចេកទេសពីក្រសួងកិច្ចការនារីចូលរួមផងដែរ រួមមាន នាយកដ្ឋានអភិវឌ្ឍសង្គម និងនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ ដែលបានរួមចំណែកក្នុងការពិភាក្សាផងដែរ។

លោកស្រី ប៊ូ មករា ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជាតំណាងមកពីកម្មវិធីACCESS បានធ្វើបទបង្ហាញពីសមិទ្ធិផលរបស់ក្រសួងកិច្ចការនារីតាមរយៈការគាំទ្រពីកម្មវិធី ACCESS នៅឆ្នាំទី៣ (ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១)។ លោកស្រីក៏បានគូសបញ្ជាក់ពីការរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ រួមទាំងបញ្ហាប្រឈម និងមេរៀនដែលបានរៀនពីឆ្នាំមុន។

លោកស្រី ស ស៊ីណែត អនុប្រធាននាយកដ្ឋានអភិវឌ្ឍសង្គមក្រសួងកិច្ចការនារី បានធ្វើបទបង្ហាញពីផែនការឆ្នាំទី៤ដែលបានដាក់ស្នើរ (ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២)។ លោកជំទាវ ញាណ សុចិត្រា ក៏បានបើកការពិភាក្សា ហើយអ្នកចូលរួមបានឯកភាពថា ក្រសួងកិច្ចការនារីនឹងផ្តោតលើចំណុចខាងក្រោម៖

១- បន្តការកសាងសមត្ថភាពដល់មន្រ្តីវ័យក្មេងរបស់ក្រសួងកិច្ចការនារី ដែលមកពីនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ ស្តីពីច្បាប់កម្ពុជាលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ

២- ពិនិត្យ និងពិគ្រោះយោបល់លើការសម្របសម្រួលផែនការសកម្មភាព នៅក្នុងការឆ្លើយបតទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើការផ្តល់សេវាសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ដោយឡែក ក្រសួងនឹងពិនិត្យមើលលើគោលនយោបាយ គោលការណ៍ណែនាំ និងការរឹតបន្តឹងនានា ដើម្បីធានាបានថា គោលការណ៍ទាំងឡាយឆ្លើយតបនឹងយេនឌ័រ។

៣- កំណត់ការផ្សារភ្ជាប់ជាមួយក្រសួងសុខាភិបាល អំពីការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ​នៅក្នុងវិស័យសុខាភិបាលក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

៤- កំណត់ការផ្សព្វផ្សាយផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ ទៅថ្នាក់ក្រោមជាតិ និងធ្វើការពិនិត្យមើលរយៈពេល៦ខែម្តង រវាងមន្រ្តី /ភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី​ ជាមួយមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបានថា ជនរងគ្រោះផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រអាចទទួលបានសេវា។

ជាលទ្ធផលនៃកិច្ចព្រមព្រៀងលើសកម្មភាពសម្រាប់ឆ្នាំទី៤ដែលបានដាក់ស្នើរត្រូវបានអនុម័ត។

លោកជំទាវ ញាណ សុចិត្រា បានសម្តែងនូវការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសពីក្រុមការងារកម្មវិធីACCESS ដល់ក្រសួងកិច្ចការនារី រួមទាំងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ​កំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

កម្មវិធីACCESS បានធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការសកម្មភាពជាតិស្តីពីពិការភាព។ កម្មវិធីACCESS បាននឹងកំពុងពង្រឹងសមត្ថភាពអ្នកផ្តល់សេវាឯកជន សង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសេវាប្រកបដោយនិរន្តរភាពសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕