កិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ដោយមានការគាំទ្រពីសំណាក់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) កាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំត្រីមាសទី៣ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអនុវត្តមានដូចជា៖ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា​(LAC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការឃែរអន្តរជាតិប្រចាំនៅកម្ពុជា​ (CARE International in Cambodia) អង្គការមូលនិធិអាស៊ី (TAF) អង្គការUNFPAកម្ពុជា (UNFPA) និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់់ភាពអង់អាចដល់ស្រ្តី (UNW)។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពផ្នែកទប់ស្កាត់អំពើហិង្សារបស់កម្មវិធី ACCESS ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈមនិងដំណោះស្រាយដែលបានអនុវត្ត កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាសបន្ទាប់ផ្អែកលើបទពិសោធន៍និងមេរៀន ពង្រឹងកិច្ចសហការគ្នារវាងដៃគូអនុវត្តកម្មវិធីផ្នែកGBV និងពិនិត្យលទ្ធភាពដែលអាចបន្សីគ្នារវាងការងារGBV និងការងារផ្នែកពិការភាព។

គួរឱ្យកត់សម្គាល់ដែរថា អង្គការកម្ពុជាដើម្បីជួយស្រ្តី ដែលជាអង្គការដៃគូអនុវត្ត​មួយរបស់កម្មវិធីACCESS បានរាយការណ៍ថា កំឡុងពេលត្រីមាសចុងក្រោយជាពិសេសកំឡុងពេលកូវីដ-១៩ ជនរងគ្រោះដែលមករកសេវាកម្មមានការថយចុះ ប៉ុន្តែមិនអាចសន្និដ្ឋានបានថាអំពើហិង្សាទាក់ទងនឹងយេនឌ័រមានការកើនឡើងឬថយចុះនោះទេ។ អង្គការចិត្តសង្គមអន្តរវប្បធម៌ ក៏បានរាយការណ៍ស្រដៀងគ្នាដែរថា​ អ្នកមករកសេវានៅអង្គការនេះមានការថយចុះ។ អង្គការTPO ជំរុញឱ្យអ្នកផ្តល់សេវាធ្វើការតាមដានករណី និងរក្សាការផ្តល់ប្រឹក្សាទៅដល់អតិថិជនតាមរយៈទូរស័ព្ទ កំឡុងពេលកូវីដ-១៩។ អង្គការជំនួយផ្នែកច្បាប់ ដែលជាអង្គការដៃគូអនុវត្ត​មួយរបស់កម្មវិធីACCESS​ដែរ ក៏បានរាយការណ៍ថា ករណីលែងលះមានការថយចុះ ប៉ុន្តែអ្នកមករកសេវាផ្តល់ប្រឹក្សាមានការថយចុះបើធៀបទៅនឹងត្រីមាសមុន។

លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម របស់ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែគាំទ្រដល់ក្រសួងកិច្ចការនារី ហើយក៏សូមថ្លែងអំណរគុណដល់អង្គការដៃគូអនុវត្តដែលបានប្តេជ្ញាចិត្តអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី»។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា៖ «កម្មវិធីACCESS បាននាំឱ្យដៃគូរអនុវត្តធ្វើការជាមួយគ្នា ដោយរៀបចំផែនការ និងដោះស្រាយបញ្ហាជាមួយគ្នា»។

កម្មវិធីACCESS គឺជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដែលស្ថិតនៅក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនដែលមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។​

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បាននិយាយថា៖ «តាងនាមឱ្យរដ្ឋាភិបាលអូស្រ្តាលី យើងសូមថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ក្នុងការបេ្តជ្ញា ព្រមទាំងអនុវត្តសកម្មភាពក្នុងការពង្រឹងសិទិ្ធស្រ្តី និងកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឹងនៅគ្រប់ពេលវេលា និងកំឡុងពេលដែលមានវិបត្តិកូវីដ-១៩»។

លោកស្រីបានបន្ថែមទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរកិច្ចការនារី ដែលបានគាំទ្រ នូវការបង្កើតក្រុមឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ជាងនេះទៀត ខ្ញុំក៏សូមថ្លែងអំណរគុណដល់អង្គការដៃគូអនុវត្តដែលបានសហការយ៉ាងជិតឌិតជាមួយគ្នាដើម្បីគាំទ្រដល់ក្រសួងកិច្ចការនារីក្នុងការចូលរួមអនុវត្តផែនការសកម្មភាពជាតិទី៣ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី(NAPVAWIII)»៕