កិច្ចប្រជុំត្រីមាសលើកទី៣ ផ្នែកពិការភាពរបស់កម្មវិធី សហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តរភាព (ACCESS)

កិច្ចប្រជុំត្រីមាសលើកទី៣ ផ្នែកពិការភាពរបស់កម្មវិធី សហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តរភាព (ACCESS)

ដោយមានការគាំទ្រ និងសម្របសម្រួលពីកម្មវិធី ACCESS អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) បានដឹកនាំ និងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ផ្នែកពិការភាព នៃថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនោះរួមមាន តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា និងមូលនិធិជនពិការ(PWDF)  មន្ទីរកិច្ចការនារីខេត្តសៀមរាប និងអង្គការដៃគូអនុវត្តគម្រោងចំនួន៧ រួមមាន៖ សហគ្រាសសង្គម អ៊ែដ្យាយល៍(Agile) អង្គការជនពិការកម្ពុជា(CDPO) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក (CMP) អង្គការ​ Humanity & Inclusion (HI), អង្គការឡៃហ្វ័រឌឺវើល(LFTW), អង្គការ UNDP និងអង្គការ ADD International។ តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារACCESS ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ​គឺ ពិនិត្យឡើងវិញលើវឌ្ឍនភាព ពិភាក្សាលើបញ្ហាប្រឈមនៅក្នុងការអនុវត្ត និងដំណោះស្រាយដែលអាចមាន​ និងកំណត់ពីអាទិភាពសម្រាប់ត្រីមាសបន្ទាប់ ដោយផ្អែកលើមេរៀនបទពិសោធន៍ លើស្ថានភាពបច្ចុប្បន្នរួមទាំងស្ថានភាពកូវីដ-១៩ផងដែរ។ កិច្ចប្រជុំក៏សម្លឹងមើលលើ​ឱកាសក្នុងការពង្រឹងកិច្ចសហការរវាងដៃគូអនុវត្តផ្នែកពិការភាព និងកំណត់រកការងារជាលក្ខណៈប្រមូលផ្តុំកម្លាំងគ្នារវាងផ្នែកGBV និងផ្នែកពិការភាព។ ជាងនេះទៅទៀត ក៏មានបទបង្ហាញនិងការណែនាំអំពីយុទ្ធសាស្ត្រ «ភាពជាដៃគូសម្រាប់ការស្តារឡើងវិញ៖ ការឆ្លើយតបនៃការអភិវឌ្ឍស្ថានភាពកូវីដ-៩ របស់អូស្រ្តាលី» របស់នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម​ (DFAT) និងណែនាំឱ្យស្គាល់អង្គការដៃគូថ្មីរបស់កម្មវិធី ACCESS គឺអង្គការ ADD International​។

ដៃគូអនុវត្តនីមួយៗ បានរាយការណ៏ពីផលសម្រេច បញ្ហាប្រឈម មេរៀនបទពិសោធន៍ដែលទទួលបាន និងជំហ៊ានបន្ទាប់។ អង្គការដៃគូទាំងនោះបានគូសបញ្ជាក់ពីបទពិសោធស្រដៀងគ្នាកំឡុងពេលរីករាលដាលកូវីដ-១៩ ជាមួយនឹងផលប៉ះពាល់ទៅលើការអនុវត្តសកម្មភាព ជាពិសេសពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងការផ្តល់សេវាសម្រាប់ជនមានពិការភាព។ ដៃគូអនុវត្តទាំងនោះក៏បានសង្កត់ធ្ងន់ទៅលើការធ្វើការងារតាមប្រព័ន្ធអនឡាញ ដែលជាមធ្យោបាយមួយសម្រាប់ធ្វើការងារកំឡុងពេលរីករាលដាល ជាពិសេសគឺធ្វើការតាមរយៈSkype ឬZoom។ ទោះបីជាជាមានបញ្ហាប្រឈមខ្លះ ប៉ុន្តែពួកគេបានបន្សាំទៅនឹងបច្ចេកវិទ្យាថ្មី និងស្ថានភាពថ្មី។

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំសូមទទួលស្គាល់នូវការដឹកនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ និងដៃគូរបស់យើង នាយកដ្ឋានសុខមាលភាពសម្រាប់ជនពិការ (DWPD) មូលនិធិជនពិការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា និងក្រសួងកិច្ចការនារី ហើយក៏សូមថ្លែងអំណរគុណដល់ការដឹកនាំ​ និងការគាំទ្រផ្នែកបច្ចេកទេសដល់កម្មវិធីACCESS និងអរគុណដល់អង្គការដៃគូអនុវត្តដែលនៅជួរមុខក្នុងការអនុវត្តគម្រោង»។

លោកស្រីបានបន្តទៀតថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាលអូស្រ្តាលី យើងសូមកោតសរសើរអ្នកទាំងអស់ដែលបានប្តេជ្ញាអនុវត្តសកម្មភាព ដើម្បីធានាបានថា ជនមានពិការភាពជាទិសដៅអទិភាពនៃការឆ្លើយតបបញ្ហាកូវីដ-១៩។ អរគុណដល់អ្នករាល់គ្នាក្នុងការខិតខំប្រឹងប្រែងធ្វើការក្នុងកំឡុងកូវីដ-១៩»។

ឯកឧត្តម នេត អ៊ុន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនមានពិការ បានមានប្រសាសន៍ថា៖ «សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី និងប្រជាជនអូស្រ្តាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដែលគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យពិការភាព។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័នជាតិ​ មន្ទីរសង្គមកិច្ច និងមន្ទីកិច្ចការនារីខេត្តដែលបានសម្របសម្រួលដល់កម្មវិធីរបស់ACCESS ប្រកបដោយរលូន។ ព្រមទាំងអរគុណនូវការចូលរួមពីសំណាក់តំណាងអង្គការដៃគូអនុវត្ត។ ខ្ញុំសូមកោតសរសើរនូវការយកចិត្តទុកដាក់របស់អស់លោក»។

កម្មវិធីACCESS គឺជាកម្មវិធីរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដែលស្ថិតនៅក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនដែលមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕​