កិច្ចប្រជុំទ្វេរភាគីជាមួយក្រសួងកិច្ចការនារី

កិច្ចប្រជុំទ្វេរភាគីជាមួយក្រសួងកិច្ចការនារី

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក Andreas Zurbrugg អគ្គរាជទូតរងនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានជួបជាមួយលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងតំណាងមកពីនាយកដ្ឋានផ្សេងៗរបស់ក្រសួងកិច្ចការនារី រួមមាននាយកដ្ឋានអភិវឌ្ឍន៍សង្គម អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងនាយកដ្ឋានកិច្ចការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី។​

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាពីសមិទ្ធិផលក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តី ក្នុងបរិបទនៃកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ក៏ដូចជាការរៀបចំវេទិការអាស៊ី-អឺរ៉ុបស្តីពី ស្រ្តី​ សន្តិភាព និងសន្តិសុខ នៅក្នុងខែតុលា ឆ្នាំ២០២១នេះ និងកិច្ចប្រជុំកំពូលមេដឹកនាំស្រ្តីអាស៊ាននៅក្នុងឆ្នាំ២០២២។

នៅក្នុងការបើកកិច្ចប្រជុំនេះ លោកជំទាវ ហ៊ូ សាមិត្ត បានស្វាគមន៍ដល់លោក Andreas ដែលមកកាន់តួនាទីថ្មីនៅកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ ដល់ស្ថានទូតអូស្រ្តាលីសម្រាប់ការគាំទ្រ និងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ស្រ្តីងាយរងគ្រោះ និងជនមានពិការភាពនៅកម្ពុជា។

លោក Andreas បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីរីករាយណាស់ដែលបានពិភាក្សាអំពីភាពជាដៃគូយូរអង្វែង និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញសិទ្ធិស្រ្តីនៅកម្ពុជា។ សមភាពយេនឌ័រ គឺជាចំណុចស្នូលនៃជំនួយអូស្រ្តាលីនៅកម្ពុជា»។  លោក Andreas បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះវេទិកាស្រ្តីអាស៊ានលើកទី២ ហើយលោកបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈការចូលរួមរបស់ស្រ្តីក្នុងការងារដោះមីននៅកម្ពុជា ដែលរដ្ឋាភិបាលអូស្រ្តាលីបានគាំទ្រជាយូរមកហើយ។

ស្ថានទូតអូស្រ្តាលី និងក្រសួងកិច្ចការនារី នឹងពិភាក្សាពីកិច្ចអន្តរាគមន៍ និងសកម្មភាពសមស្របមួយចំនួនសម្រាប់ការគាំទ្រដល់ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសមភាពយេនឌ័រ នៅមុនពេលប្រារព្វវេទិកាដែលនឹងមកដល់នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង ដើម្បីពង្រឹងនិរន្តរភាព គុណភាព និងសមធម៌សេវាដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កម្មវិធី ACCESS ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រលើការងារសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍផ្នែកពិការភាពប្រកដដោយបរិយាបន្ន៕