កិច្ចប្រជុំប្រចាំត្រីមាសលើកទី១០ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ សមិទ្ធផលសំខាន់ៗ និងការអនុវត្តល្អៗ នៅក្នុងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់នឹងយេនឌ័រ

កិច្ចប្រជុំប្រចាំត្រីមាសលើកទី១០ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ សមិទ្ធផលសំខាន់ៗ និងការអនុវត្តល្អៗ នៅក្នុងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់នឹងយេនឌ័រ

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំប្រចាំត្រីមាសលើកទី១០ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំនេះមានការគាំទ្រដោយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលីកម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធផលសម្រេចបានសំខាន់ៗ បញ្ហាប្រឈមចម្បងៗ និងការអនុវត្តល្អៗ រួមទាំងរឿងរ៉ាវដែលនិយាយពីការជោគជ័យ និងចែករំលែកសកម្មភាពអាទិភាព សម្រាប់ត្រីមាសបន្ទាប់។

លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំ។ អ្នកចូលរួម នៅក្នុងកិច្ចប្រជុំនេះ រួមមាន តំណាងមកពីក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីរកិច្ចការនារី។

ដៃគូអនុវត្តកម្មវិធីដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានដូចជា​ អង្គការ UNWomen អង្គការ ADD  អន្តរជាតិ មូលនិធីអាស៊ី អង្គការ CARE អង្គការជំនួយផ្នែកច្បាប់ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ និងអង្គការចិត្តសង្គមអន្តរវប្បធម៌។ លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។

អ្នកចូលរួមមានធ្វើបទបង្ហាញនូវបញ្ហាប្រឈម សមិទ្ធិផលដែលទទួលបាន ការងារអាទិភាពនាពេលខាងមុខ និងមេរៀនដែលបានរៀន។ បន្ទប់ពិគ្រោះយោបល់សម្រាប់អ្នកផ្តល់សេវាឆ្លើយតបបរិបថជំងឺកូវីដ-១៩ គឺជាចំណុចអាទិភាពពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ដែលបង្ហាញពីគំនិតផ្តួចផ្តើមជាក់ស្តែង ដែលផ្តល់ផលវិជ្ជមានដល់ជនរងគ្រោះ។

លោក Floyd បានចែករំលែកនូវលើការពិនិត្យ វាយតម្លៃ និងការរៀបចំកម្មវិធី ACCESS ក្រោយខែកញ្ញា ឆ្នាំ២០២៣។ លោក Floyd ក៏បានផ្តល់ជាអនុសាសន៍ និងដំណោះស្រាយឆ្លើយតបទៅបញ្ហាដែលដៃគូអនុវត្តកម្មវិធីបានលើកឡើង។​

លោកជំទាញ ញាណ សុចិត្រា បានសរុបកិច្ចប្រជុំ ដោយបានចែករំលែកនូវសកម្មភាពសម្រាប់ជំហ៊ានបន្ទាប់ រួមទាំងទស្សនកិច្ចសិក្សាសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅខេត្តគោលដៅ ការសាកល្បងកម្មវិធីស្តីពីការបើកដំណើរការនៃការកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្រ្តី សិក្ខាសាលពិគ្រោះយោបល់ថ្នាក់ជាតិ ការវាយតម្លៃប្រចាំឆ្នាំសម្រាប់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបង្កើតបន្ទប់ពិគ្រោះយោបល់សម្រាប់ការឆ្លើយតបដល់ជនរងគ្រោះក្នុងបរិបថកូវីដ-១៩។ លោកជំទាវ សូមថ្លែងអំណរគុណដល់អ្នកចូលរួម ដែលបានពិភាក្សាយ៉ាងផុសផុល និងចែករំលែកនូវមេរៀនដែលបានរៀន និងមតិយោបល់របស់ពួកគេនៅក្នុងកិច្ចប្រជុំនេះ។

លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា៖ «នៅត្រីមាសមុន ទោះជាយើងប្រឈមបញ្ហាមួយចំនួនដោយសារកូវីដ-១៩ក៏ដោយ ក៏យើងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ក្នុងការគំាទ្រដល់សហគមន៍របស់យើង ខណៈដែលយើងនៅតែគិតគូរដល់សុវត្ថិភាពរបស់អ្នកផ្តល់សេវារបស់យើង»។

កម្មវិធី ACCESS គឺបាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយដែគូជាមួយក្រសួងកិច្ចការនារី និងដៃគូអនុវត្តកម្មវិធី ដើម្បីរួមចំណែកដល់ការអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។ គោលដៅរបស់កម្មវិធី ACCESS គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕