កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាពប្រចាំត្រីមាសទី១០ ស្តីពីការបង្ហាញនូវបរិយាបន្នពិការភាពនៃការងារផ្នែកពិការភាពរបស់កម្មវិធី ACCESS

កិច្ចប្រជុំប្រចាំត្រីមាសផ្នែកពិការភាពប្រចាំត្រីមាសទី១០ ស្តីពីការបង្ហាញនូវបរិយាបន្នពិការភាពនៃការងារផ្នែកពិការភាពរបស់កម្មវិធី ACCESS

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្របសម្រួលកិច្ចប្រជុំប្រចាំត្រីមាសលើកទី១០​ ផ្នែកពិការភាពនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវា​ប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ដែលកម្មវិធីនេះគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញលើវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាលើការអនុវត្តល្អៗសម្រាប់លទ្ធផលកម្មវិធី ប្រកបដោយប្រសិទ្ធិភាព។ អ្នកចូលរួមបានចែករំលែកនូវរឿងរ៉ាវជោគជ័យគួរឱ្យកត់សម្គាល់ និងបង្ហាញពីការងារអាទិភាពសម្រាប់ត្រីមាស់បន្ទាប់ រួមទាំងផែនការនិរន្តរភាពក្នុងការអនុវត្តគម្រោងរបស់កម្មវិធីACCESS និងឯកសារពាក់ព័ន្ធនានា ដែលបានបង្កើតឡើងរហូតមកដល់ពេលនេះបច្ចុប្បន្ន។  របៀបវារះនៃកិច្ចប្រជុំនេះ រួមមានទាំងការធ្វើបទបង្ហាញស្តីពីការកែសម្រួលសង្វាក់លទ្ធផលកម្មវិធី ACCESS ជុំទី២ ការធ្វើបទបង្ហាញអំពីផលិតផលកម្ចីដែលតម្រូវឱ្យមានការពិនិត្យ និងអនុម័ត និងបានបង្ហាញពីកម្មវិធីទូរស័ព្ទស្តីពីឱកាសការងារផងដែរ។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរដល់កម្មវិធីACCESS ចំពោះការគាំទ្រនូវការអភិវឌ្ឍកម្មវិធីទូរស័ព្ទ «ឱកាស» ដែលនឹងធ្វើឱ្យកាន់តែប្រសើរនូវបរិយាបន្ន និងលទ្ធភាពទទួលបានសម្រាប់ជនមានពិការភាពកំឡុងពេលដំណើការដាក់ពាក្យសុំធ្វើការ និងបង្កើនលទ្ធភាពទទួលបានការងារតាមរយៈវេទិការដែលមានប្រសិទ្ធិភាពតាមប្រព័ន្ធឌីជីថល។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសហដឹកនាំកិច្ចប្រជុំនេះ ជាមួយឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ លោកFloyd បានរាយការណ៍ថា ចន្លោះពីខែតុលា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២ ACCESS បានគាំទ្រដល់ជនមានពិការភាព ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែង មានជនពិការចំនួន៣២២៦នាក់ ដែលក្នុងនោះមានស្រ្តីចំនួន២៨ភាគរយ ទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មចំនួន៦ ដែល មជ្ឈមណ្ឌលនេះគាំទ្រដោយផ្ទាល់ពីកម្មវិធី ACCESS ។ នៅក្នុងរយៈពេលដដែល ជនមានពិការភាពចំនួន៦១០នាក់ ទទួលបានឱកាសសេដ្ឋកិច្ចកាន់តែប្រសើរឡើងតាមរយៈសេវាគាំទ្រផ្សេងៗពីដៃគូអនុវត្តកម្មវិធីរបស់កម្មវិធី ACCESS ។ នៅក្នុងចំណោមអ្នកទាំង៦១០នាក់ មានជនមានពិការភាពចំនួន២៤នាក់ជាសហគ្រិន ៤៣នាក់បានការងារតាមរយៈកម្មវិធីផ្គូរផ្គងការងារ ១៣នាក់ទទួលបានការផ្តល់ប្រាក់កម្ចី ២២នាក់ដែលជាស្រ្តីមានពិការភាព បានបញ្ចប់ការសិក្សាអាជីវកម្មពោធិប្រឹក្ស ជនមានពិការភាពចំនួន១១នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជនមានពិការភាពចំនួន៤៩៧នាក់ទទួលបានសេវាបណ្តុះបណ្តាល និងប្រឹក្សាមុខរបរឱកាសការងារ។

លោក Floyd ក៏បានកត់សម្គាល់ផងដែរថា​ ការអភិវឌ្ឍសមត្ថភាពរបស់ជនមានពិការភាព បង្កើតបានជាលទ្ធផលដ៏សំខាន់សម្រាប់កម្មវិធី ACCESS ។ លោកបាននិយាយថា សិក្ខាកាមចំនួន១៦៧នាក់ (៩នាក់ជាជនមានពិការភាព) មកពីសមភាគីរាជរដ្ឋាភិបាលកម្ពុជា មកពីក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងមកពីដៃគូអនុវត្តកម្មវិធីបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាស៊េរី ស្តីពីបរិយាបន្នពិការភាព និងប្រធានបទដែលពាក់ព័ន្ធ។ លោកបានបន្តទៀតថា សិក្ខាកាមចំនួន៥៧នាក់ (៨នាក់ជាជនមានពិការភាព) មកពីសមភាគីរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តកម្មវិធី បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រ។ នៅក្នុងពេលដូចគ្នានេះដែរ គ្រូបង្គោលចំនួន២៧នាក់មកពីនាយកដ្ឋានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា​ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដោយជោគជ័យ ដែលមានរយៈពេល៥ថ្ងៃ ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានអបអរសាទរចំពោះសមិទ្ធិផលរបស់កម្មវិធី ACCESS រួមទាំងកិច្ចប្រឹងប្រែងរបស់ដៃគូអនុវត្តកម្មវិធី ដែលហុចផលដល់សហគម ជាពិសេសជនមានពិការភាពនៅកម្ពុជា។ កិច្ចប្រឹងប្រែងទាំងនេះ បានរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩ដល់២០២៣ និងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។

ឯកឧត្តម បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តការគាំទ្រដល់ជនមានពិការភាព នៅក្នុងការទទួលបានឱកាសសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់គុណភាពជីវិត និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តការគាំទ្រ និងពង្រឹងដល់ការផ្តល់សេវាស្តារនីតិសម្បទាប្រកបដោយសមធម៌ រួមទាំងសេវាចាំបាច់នានា ក៏ដូចជាការពង្រឹង និងពង្រីកនូវការអភិវឌ្ឍជំនាញវិជ្ជាជីវៈ សហក្រិនភាព និងការទទួលបានសេវាហិរញ្ញវត្ថុ។

ជាផ្នែកមួយនៃសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ការគាំទ្រ និងភាពជាដៃគូ តាមរយៈកម្មវិធីACCESS ចំពោះការរួមចំណែកដ៏គួរឱ្យស្ងើចសរសើរក្នុងការងារអភិវឌ្ឍន៍សម្រាប់សហគមជនមានពិការភាពនៅកម្ពុជា៕