កិច្ចប្រជុំប្រចាំត្រីមាសលើកទី១១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ មេរៀនដែលបានរៀន បញ្ហាប្រឈម និងលទ្ធផលសំខាន់ៗសម្រេចបាន

កិច្ចប្រជុំប្រចាំត្រីមាសលើកទី១១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ មេរៀនដែលបានរៀន បញ្ហាប្រឈម និងលទ្ធផលសំខាន់ៗសម្រេចបាន

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំ និងសម្របសម្រួល កិច្ចប្រជុំប្រចាំត្រីមាសលើកទី១១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលីកម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌។ កិច្ចប្រជុំនេះផងដែរ មានគោលបំណង ពិនិត្យលទ្ធផលសម្រេចបានសំខាន់ៗ បញ្ហាប្រឈមចម្បងៗ និងការអនុវត្តដែលល្អៗ រួមទាំងរឿងរ៉ាវដែលនិយាយពីការជោគជ័យ និងចែករំលែកសកម្មភាពអាទិភាពសម្រាប់ត្រីមាសបន្ទាប់។

អ្នកចូលរួមក្នុងកិច្ចប្រជុំមានសរុបចំនួន៤០នាក់ (ដែលមាន២៨នាក់ជាស្រ្តី)​ រួមទាំងតំណាងមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ​ ដៃគូអនុវត្តគម្រោងរបស់កម្មវិធី (ACCESS) ដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ  រួមមាន៖ អង្គការ UN Women អង្គការ ADD International មូលនិធិអាស៊ី អង្គការ CARE Cambodia អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) និងតំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS។

លោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានផ្តល់នូវការធ្វើបច្ចុប្បន្នភាពទូទៅ ស្តីពីការគាំទ្រផ្នែកបច្ចេកទេសដោយផ្ទាល់ដល់ក្រសួងកិច្ចការនារី ដោយកម្មវិធី ACCESS។ លោកស្រីចែករំលែកនូវសមិទ្ធិផលសំខាន់ៗ ពីក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងលទ្ធផលសំខាន់ៗពីសកម្មភាពលើផ្នែកកិច្ចសហប្រតិបត្តិការរវាងវិស័យេនឌ័រ និងវិស័យពិការភាព មេរៀនដែលបានរៀន និងបញ្ហាប្រឈមនានា ព្រមទាំងទិសដៅបន្ទាប់រវាងក្រសួងកិច្ចការនារី និងកម្មវិធី ACCESS ដែលគ្រោងនឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងការរៀបចំយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី។

មន្ទីរកិច្ចការនារីខេត្តសៀមរាប បានគូសបញ្ជាក់ពីសមិទ្ធិផលផងដែរ ដោយពង្រីការគាំទ្រដល់ជណរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងស្រុកគោលដៅចំនួន៦។ អង្គការ TPO បានបញ្ជាក់ថា ការគាំទ្រផ្នែកផ្លូវចិត្ត ឬផ្លូវអារម្មណ៍ វាសំខាន់ណាស់ក្នុងការគាំទ្រដល់ស្រ្តីរងគ្រោះ និងផ្តល់អំណាចឱ្យគាត់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ក៏ដូចជាលើកកម្ពស់សិទ្ធិរបស់គាត់ផងដែរ។ អង្គការ TPO បានសង្កត់ធ្ងន់ថា ផ្តល់ការគាំទ្រដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ តម្រូវឱ្យមានការចូលរួមពីអជ្ញាធរពាក់ព័ន្ធផងដែរ។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីសន្និដ្ឋានរបស់លោកថា លោកមានក្តីសោមនស្សរីករាយដែលមានឱកាសបានចូលរួមរៀនសូត្រពីអ្នករាល់គ្នា ពីការរីកចម្រើនជារួម សមិទ្ធិផលសំខាន់ៗ និងបញ្ហាប្រឈម ព្រមទាំងវិធីដោះស្រាយបញ្ហាទាំងនោះ។ លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តគម្រោង ក្នុងការគាំទ្រដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកជំទាវ ញាណ សុចិត្រា ដែលបានដឹកនាំកិច្ចប្រជុំ បានសរុបកិច្ចប្រជុំថា៖ «កំឡុងពេលកិច្ចប្រជុំពេញមួយព្រឹក ខ្ញុំបានរៀនសូត្រច្រើនពីតំណាងមកពីដៃគូអនុវត្តគម្រោងចំនួន៧ មន្ទីរកិច្ចការនារីចំនួន៤ និងក្រុមការងារកម្មវិធី ACCESS ដែលសកម្មភាពរបស់ពួកគេគួរឱ្យសរសើរ និងគួរឱ្យកត់សម្គាល់។ លទ្ធផលទាំងនេះត្រូវបានគូសបញ្ជាក់។ លទ្ធផលទំាងនេះបានមកពីលទ្ធផលនៃកិច្ចសហការដ៏ជោគជ័យរវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង និងថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»៕