កិច្ចប្រជុំពិភាក្សាស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបអំពើហិង្សាលើស្រ្តី

កិច្ចប្រជុំពិភាក្សាស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបអំពើហិង្សាលើស្រ្តី

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកិច្ចការនារីបានរៀបចំកិច្ចប្រជុំស្តីពីគោលការណ៍ណែនាំនៃការអនុវត្តល្អៗសម្រាប់ការសម្រុះសម្រួលជាការឆ្លើយតបអំពើហិង្សាលើស្រ្តី។ កិច្ចប្រជុំនេះគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS)។

កិច្ចប្រជុំនេះ មានគោលបំណងក្នុងការប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់​ និងស្វែងរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាមួយក្រសួង ពាក់ព័ន្ធដើម្បីអនុវត្តឯកសារនេះ។ គោលការណ៍ណែនាំនេះ មានគោលបំណងក្នុងការប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់ ហើយផ្តោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួល ឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចប្រើប្រាស់បាននៅពេលណា​ និងដោយរបៀបណាដើម្បីធានានូវគោលការណ៍នីត្យានុកូលភាព និងភាពសមស្របដែលផ្តោតលើការពារសិទ្ធិនិងសុវត្ថិភាពរបស់ស្ត្រីរងគ្រោះជាចម្បង។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS។ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរ ព្រមទាំងផ្តល់មតិស្វាគមន៍បើក និងបិទកិច្ចប្រជុំ។ លោកជំទាវបានកោតសរសើរនូវការគាំទ្ររបស់អង្គការ UN Women ដែលគាំទ្រថវិការដោយកម្មវិធីACCESS និងមតិយោបល់ពីអ្នកពាក់ព័ន្ធដើម្បីទទួលបានធាតុចូល គ្រប់គ្រាន់ក្នុងការបន្តការអនុវត្តដោយមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយករណីដែលកើតមាននៅសហគមន៍ទាន់ពេលវេលា។

កម្មវិធីACCESS គឺធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោងតាមរយៈការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពទៅដល់ស្រ្តីដែលរងគ្រោះដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព៕