កិច្ចប្រជុំលើកទី៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីពិនិត្យសមិទ្ធិផលសំខាន់ៗ និងផែនការសកម្មភាព

កិច្ចប្រជុំលើកទី៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីពិនិត្យសមិទ្ធិផលសំខាន់ៗ និងផែនការសកម្មភាព

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពខេត្តបាត់ដំបង និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ(UNDP) បានរៀបចំកិច្ចប្រជុំលើកទី៣ក្រុមប្រឹក្សាសកម្មភាពខេត្ត ដើម្បីពិភាក្សាលើលទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាសកម្មភាពខេត្តពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ និងកំណត់ទិសដៅបន្តនៅក្នុងបរិយាបន្នពិការភាពនៅក្នុងខេត្តបាត់ដំបង តាមរយៈការគាំទ្រពីកម្មវិធី ACCESS។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាពីសមិទ្ធិផលដែលសម្រេចបានរបស់ក្រុមប្រឹក្សាសកម្មភាពខេត្តពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ពិនិត្យ និងសម្រេចលើផែនការសកម្មភាពពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២២ និងពិនិត្យ និងសម្រេចលើផែនការសកម្មភាប្រចាំឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អគ្គលេខាធិការរងនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពខេត្តបាត់ដំបង សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបាត់ដំបង ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងក្រុមការងារកម្មវិធី ACCESS។

ឯកឧត្តម ឆាយ ម៉ាទីណាល់ ប្រធានក្រុមប្រឹក្សាសកម្មភាពខេត្តបាត់ដំបង និងជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងសុន្ទរកថាបើក បានគូសបញ្ជក់ពីលទ្ធផលការងារដែលសម្រេចបានពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នៅខេត្តបាត់ដំបង។ លទ្ធផលទំាងនេះរួមមាន ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ការកំណត់អត្តសញ្ញាញកម្មជនមានពិការភាព ការផ្តល់សេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ការផ្តល់នូវសម្ភារសង្រ្គោះបន្ទាន់សម្រាប់ជនមានពិការភាពក្រីក្រ និងការសម្របសម្រួលឱ្យជនមានពិការភាពទទួលបានការចាក់វាំងសំាងការពារជំងឺកូវីដ-១៩។

លោកបណ្ឌិត រស់ ឆាយ ប្រធានកម្មវិធីជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា មានការកោតសរសើរចំពោះសមិទ្ធិផលដែលសម្រេចបានដោយក្រុមប្រឹក្សាសកម្មភាពខេត្តបាត់ដំបង រួមទាំងកិច្ចប្រជុំទៀងទាត់ជាមួយក្រុមការងារ ការរៀបចំផែនការ និងការអនុវត្តន៍ផែនការសកម្មភាព ផ្តល់វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយសម្ភារស្តីពីបរិយាបន្នពិការភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល ការសម្របសម្រួលកម្មវិធីកិច្ចគាំពារសង្គម និងការដាក់បញ្ចូលតម្រូវការរបស់ជនមានពិការភាពនៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់ និងសកម្មភាពផ្សេងៗដែលផ្តល់ជាប្រយោជន៍សម្រាប់ជនមានពិការភាព៕

UNDP គឺជាដៃគូអនុវត្តគម្រោងមួយរបស់កម្មវិធី ACCESS ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី។ ដោយមានការគាំទ្រពីកម្មវិធីACCESS UNDPបាននឹងកំពុងធ្វើការក្នុងការលើកកម្ពស់បរិយាបន្នពិការភាព និងការពារសិទ្ធិជនមានពិការភាព៕