កិច្ចប្រជុំ យន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង (CIMP) លើកទី៨៖ ការពិនិត្យឡើងវិញលើគម្រោងសាកល្បងពីការផ្តល់ផលិតផលកម្ចី និងពិភាក្សាអំពីការងារផ្សេងទៀត

កិច្ចប្រជុំ យន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង (CIMP) លើកទី៨៖ ការពិនិត្យឡើងវិញលើគម្រោងសាកល្បងពីការផ្តល់ផលិតផលកម្ចី និងពិភាក្សាអំពីការងារផ្សេងទៀត

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំយន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែង ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។​

កិច្ចប្រជុំយន្តការវិនិយោគដែលមានលក្ខណៈប្រកួតប្រជែងនេះ ត្រូវបានចូលរួមដោយតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលទ្ធផលវាយតម្លៃលើសមិទ្ធិផលកម្ចីសាកល្បងរបស់ចម្រើនមីក្រូហិរញ្ញវត្ថុ នៅជុំទី១ និងផ្តល់ការអនុម័តលើអនុសាសន៍ដែលបានស្នើរឡើងសម្រាប់ការអនុវត្តកម្ចីសាកល្បងនៅជុំទី២។

លោក Connor Floyd បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ អំពី​កម្មវិធី ACCESS កាលដែលក្រុមការងារផ្នែកពិការភាព បានរួមចំណែកដល់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលគាំទ្រដល់ការទទួលបានឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព។ កម្មវិធី ACCESS បានធ្វើការក្នុងភាពជាដៃគូជាមួយចម្រើនមីក្រូហិរញ្ញវត្ថុ និង Good Return ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងពីហានិភ័យមីក្រូហិរញ្ញវត្ថុសម្រាប់ជនមានពិការភាព ព្រមទាំងផ្តល់នូវគម្រោងកម្ចីសាកល្បងមីក្រូហិរញ្ញវត្ថុដល់ជនមានពិការភាព។

បន្ថែមទៅលើរបៀបវារះ ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្នែកពិការភាពរបស់កម្មវិធី ACCESS បានធ្វើបទបង្ហាញ និងធ្វើបច្ចុប្បន្នភាពស្តីពីបដិភាជថវិកាកម្មវិធី ACCESS នៅជុំទី២ សម្រាប់ដៃគូនីមួយៗ។ បន្ទាប់មក អ្នកដឹកនាំកិច្ចប្រជុំបានកំណត់សកម្មភាពអាទិភាព សម្រាប់ជំហ៊ានបន្ទាប់ និងបានដាក់សំណើរកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាល កម្មវិធី ACCESS នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕