កិច្ចសន្ទនាលើកទី៤ ស្តីពីបរិយាបន្នពិការភាព នៅក្នុងកិច្ចគាំពារសង្គម និងការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ជនមានពិការភាព ក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩
«កិច្ចប្រជុំនេះ បានបង្ហាញពីឱកាសដ៏សំខាន់សម្រាប់តំណាងអង្គការជនមានពិការ ដើម្បីចែករំលែកក្តីបារម្ភ និងបញ្ហាប្រឈមជាមួយអ្នកតាក់តែងគោលនយោបាយ» នេះជាសម្តីរបស់លោកស្រី ជាតិ សុខា ប្រធានសមាគមផលិតខួរឆ្អឹងខ្នងកម្ពុជា ដែលបានមានប្រសាសន៍នៅពេលដែលលោកស្រីចូលរួមនៅក្នុងកិច្ចសន្ទនាលើកទី៤ រវាងអ្នកតាក់តែងគោលនយោបាយ និងតំណាងអង្គការជនពិការ ស្តីពី «បរិយាបន្នពិការភាពនៅក្នុងកិច្ចគាំពារសង្គម និងការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ជនមានពិការភាព ក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដែលធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ លោកស្រីបានបន្ថែមថា៖ «ខ្ញុំនឹងចែករំលែកអនុសាសន៍សំខាន់ៗពីកិច្ចសន្ទនាថ្ងៃនេះជាមួយអជ្ញាធរក្នុងតំបន់ ដើម្បីចាត់វិធានការបន្ត ដើម្បីឱ្យមានបរិយាបន្នក្នុងការគាំទ្រដល់តម្រូវការរបស់ជនមានពិការភាព។ ខ្ញុំចង់ផ្ញើរសារលើកទឹកចិត្តដល់ជនមានពិការភាព ឱ្យមានភាពក្លាហាន និងចូលរួមនៅក្នុងសង្គម»។
ឯកឧត្តម សំហេង បុរស ជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងការបើកកិច្ចប្រជុំថា៖ «ការបន្តក្នុងភាពជាដៃគូរបស់យើង ដែលជាលទ្ធផលនៃសកម្មភាពរួម គឺជាគន្លឹះក្នុងការដោះស្រាយពីតម្រូវការរបស់ជនមានពិការភាព»។
លោក Connor Floyd ជាលេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសុន្ទរកថាថា៖ «ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងការបេ្តជ្ញាចិត្តយ៉ាងមុតមាំ និងការចូលរួមយ៉ាងសកម្មរបស់អង្គការតំណាងជនពិការ ការប្តេជ្ញាចិត្តខ្ពស់របស់អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវា ធ្វើឱ្យយើងអាចដោះស្រាយបញ្ហាដែលនៅសេសសល់បាន»។
កិច្ចសន្ទនានេះ ត្រូវបានសហការរៀបចំដោយ អង្គការជនពិការកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌។ គោលបំណងនៃកិច្ចសន្ទនានេះ គឺដើម្បីស្វែងយល់ពីកម្រិតនៃការចូលរួមរបស់អង្គការតំណាងជនពិការ និងសមាជិករបស់ខ្លួននៅក្នុងក្របខ័ណ្ឌនៃកិច្ចគាំពារសង្គម និងបរិយាបន្នពិការភាព ដើម្បីស្វែងយល់ និងកំណត់នូវឱកាសដែលអាចមាននៅក្នុងការលើកកម្ពស់ជីវភាព និងឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព និងដើម្បីបង្កើតវេទិកាសម្រាប់កិច្ចសន្ទនារវាងអ្នកបង្កើតគោលនយោបាយ និងជនមានពិការភាព ទាក់ទងនឹងកិច្ចគាំពារសង្គម រួមទាំងការស្តារឡើងវិញនូវជីវភាពរបស់ពួកគេ។
លោក Floyd បានបន្ថែមទៀតថា៖ «ខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះឆន្ទះ ដែលបង្ហាញដោយឯកឧត្តម សំហេង បុរស ឯកឧត្តម ឈួរ សុបញ្ញា និងលោក យៀប ម៉ាលីណូ ដែលបានផ្តល់នូវកន្លែងសម្រាប់អង្គការតំណាងជនពិការ ដើម្បីផ្តល់នូវតម្រូវការ និងផ្តល់នូវមតិយោបល់»។
លោកស្រី ម៉ាក់ មូនីកា ជាយិកាប្រតិបត្តិនៃអង្គការជនពិការកម្ពុជា ដែលបានសម្របសម្រួលនូវកិច្ចសន្ទនានេះ បានដឹកនាំអ្នកចូលរួមពិភាក្សា ស្តីពីកិច្ចគាំពារសង្គម និងនីតិវិធីដែលជនមានពិការភាពអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីវា ទទួលបានការងារតាមរយៈវេទិកាឌីជីថល (ឱកាសការងារ) ដែលកម្មវិធីនេះ ដឹកនាំដោយនាយកដ្ឋានសុខមាលភាពជនពិការ និងការទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាជីវះ និងឱកាសការងារផ្សេងៗទៀត។ ជាងនេះទៀត វាគ្មិនបីនាក់ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទីភ្នាក់ងារជាតិមុខរបរ ត្រូវបានអញ្ជើញឱ្យថ្លែងទៅកាន់អ្នកចូលរួម ដែលខាងក្រសួងសង្គមកិច្ចបានគូសបញ្ជាក់ថា ជនមានពិការភាពចំនួន២៣៧,១៤៥នាក់ រួមមាន៤៧ភាគរយជាស្រ្តី បានចុះឈ្មោះក្នុងកម្មវិធីកំណត់អត្តសញ្ញាណជនពិការតាំងពីដើមឆ្នាំ២០២១ ដែលជាជំហ៊ានសំខាន់សម្តៅធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចគាំពារសង្គម កិច្ចថែទាំសង្គម និងឱកាសជីវភាពសម្រាប់ជនមានពិការភាព។
ដើម្បីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម សំហេង បុរស បានគូសបញ្ជាក់ពីតួនាទីរបស់តំណាងជនពិការ ដែលជាតំណាងឱ្យសម្លេងរបស់ជនមានពិការភាព។ ឯកឧត្តម បានកត់សម្គាល់ថា មានអតិថិជនខ្លះបានខកខាននូវការទទួលបានសេវាគាំទ្រ ដោយសារមិនបានដឹងព័ត៌មានទូលំទូលាយអំពីប្រភេទសេវាដែលនឹងត្រូវទទួលបាន។ ជាលទ្ធផល ឯកឧត្តម និងក្រុមការងាររបស់គាត់ មានផែនការទៅជួបជាមួយជនមានពិការភាពផ្ទាល់នៅសហគម នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីការបោះឆ្នោតឃុំ/សង្កាត់នៅក្នុងខែមិថុនា ឆ្នាំ២០២២ត្រូវបានបញ្ចប់។ ឯកឧត្តម ក៏បានផ្តល់ជាអនុសាសន៍ ឱ្យបង្កើតក្រុមតេឡេក្រាមសម្រាប់បណ្តាញអង្គការជនពិការ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា។
អង្គការជនពិការកម្ពុជា គឺដៃគូមួយក្នុងចំណោមដៃគូអនុវត្តទាំង១៤របស់កម្មវិធី ACCESS ដែលតំណាងឱ្យបណ្តាញអង្គការជនពិការ និងសហព័ន្ធស្រ្តីជនពិការ នៅថ្នាក់ជាតិ និងតស៊ូមតិសម្រាប់សិទ្ធិជនពិការ។ អង្គការជនពិការកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានសមាជិកដែលជាបណ្តាញអង្គការពិការ និងសហព័ន្ធស្រ្តីជនពិការចំនួន៧៥៕