ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ទទួលបានវគ្គបណ្តុះបណ្តាលបរិយាបន្នពិការភាព

ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ទទួលបានវគ្គបណ្តុះបណ្តាលបរិយាបន្នពិការភាព

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) អង្គការ ADD International បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព ដល់សមាជិកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេលមួយថ្ងៃកន្លះ ដែលមានគោលបំណងកសាងចំណេះដឹងមូលដ្ឋានស្តីពីបរិយាបន្នពិការភាពក្នុងចំណោមអ្នកពាក់ព័ន្ធផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងអ្នកផ្តល់សេវា។

អង្គការ ADD International ជាដៃគូអនុវត្តមួយក្នុងចំណោមដៃគូអនុវត្តរបស់កម្មវិធី ACCESS ដែលរួមចំណែក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផែនការសកម្មភាពជាតិដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី។

វគ្គបណ្តុះបណ្តាលេនះជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលជាស៊េរី ស្តីពីបរិយាបន្នពិការភាព ដែលរៀបចំដោយអង្គការ ADD International ដែលវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីពាក់កណ្តាលខែសីហា ហើយវានឹងបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២១។ រហូតមកដល់សព្វថ្ងៃ មានអ្នកចូលរួមចំនួន១២៣នាក់(៨៣នាក់ជាស្រ្តី) ដែលជាសមាជិកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រមកពីខេត្តកំពង់ស្ពឺ កំពង់ចាម និងត្បូងឃ្មុំ បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ សមាជិកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចំនួន៣ខេត្តផ្សេងទៀតដែលមកពីខេត្តសៀមរាប រតនៈគីរី និងក្រុងព្រះស៊ីហនុ នឹងចូលរួមជាបន្តបន្ទាប់ទៀតនៅសប្តាហ៍ខាងមុខនេះ។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម មានវត្តមាននៅក្នុងកិច្ចប្រជុំទាំងពីរវគ្គនៅខេត្តកំពង់ចាម និងបានផ្តល់សុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនេះ។ លោកជំទាវ បានកត់សម្គាល់ថា ជនមានពិការភាពក៏ជាក្រុមងាយរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយលោកជំទាវបានទទួលស្គាល់ថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យលោកជំទាវទទួលបាននូវចំណេះដឹងបន្ថែមពីបញ្ហាប្រឈមរបស់ជនមានពិការភាព។ លោកជំទាវរំពឹងថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដែលមានតួនាទីសំខាន់ផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែម ដើម្បីផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងជនមានពិការភាព។ លោកជំទាវ បានថ្លែងអំណរគុណដល់ដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS និងកម្មវិធី ACCESS សម្រាប់ជំនួយបច្ចេកទេសក៏ដូចជាការគាំទ្រថវិកា ក្នុងការផ្តល់បរិយាបន្នសេវាទៅដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រី Anne Rouve-Khiev ប្រធានកម្មវិធី ACCESS បានផ្តល់វគ្គមតិស្វាគមន៍នៅក្នុងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តត្បូងឃ្មុំ។ លោកស្រីបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី អជ្ញាធរខេត្ត សម្រាប់ការគាំទ្រ និងកិច្ចសហការណ៍ និងអង្គការ ADD International សម្រាប់ជំនួយបច្ចេកទេសគាំទ្រដល់វគ្គបណ្តុះបណ្តាលនេះ។ លោកស្រីបានគូសបញ្ជាក់ពីសមិទ្ធិផលរបស់កម្មវិធី ACCESS សម្រាប់រយៈពេលបីឆ្នាំកន្លងមកនេះ នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងជនមានពិការភាពនៅកម្ពុជា។ លោកស្រីបានទទួលស្គាល់ថា ការបង្កើតក្រុមការងារឆ្លើយតបពហុវិស័យដើម្បីឆ្លើយតបទៅនឹងតម្រូវជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ​ ជាជំហ៊ានឆ្ពោះទៅមុខគួរឱ្យចាប់អារម្មណ៍។

កម្មវិធី ACCESS គឺជាកម្មវិធីរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីផ្តល់តាមរយៈក្រសួងការបរទេសនិងពាណិជ្ជកម្ម(អូស្រ្តាលី)។ ក្នុងរយៈពេល៣ឆ្នាំដំបូង រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាចំនួន១៥លានដុល្លាអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នាពេលថ្មីៗនេះ រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លាអូស្រ្តាលីតាមរយៈកម្មវិធី ACCESS សម្រាប់ការអនុវត្តកម្មវិធីរយៈពេល២ឆ្នាំបន្ថែមទៀត ដែលមានរយៈពេលសរុប៥ឆ្នាំ។​ សង្វាក់លទ្ធផលកម្មវិធីACCESS ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជាការចូលរួមចំណែករបស់កម្មវិធីចំពោះកិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងការស្តារឡើងវិញរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ រួមទាំងការងារអាទិភាពលើកិច្ចគាំពារសង្គម៕