«ខ្ញុំមិនដែលគិតថា ខ្ញុំអាចបំពេញតួនាទីនេះបានទេ!»

«ខ្ញុំមិនដែលគិតថា ខ្ញុំអាចបំពេញតួនាទីនេះបានទេ!»

លោកស្រី សៀង សុខចាន់ បានរៀបរាប់នៅពេលជួបជាមួយក្រុមការងារកម្មវិធីACCESS និងគណៈប្រតិភូស្ថានទូតអូស្រ្តាលីថា៖ «នៅពេលខ្ញុំចាប់ផ្តើមតួនាទីដំបូងរបស់ខ្ញុំជានាយិកាអង្គការវេទិកាស្រ្តីពិការខេត្តបាត់ដំបង  ខ្ញុំមានការរុញរា ហើយខ្លាចថាមិនអាចបំពេញតួនាទី និងការងារដ៏សំខាន់នេះបាន។ ប៉ុន្តែអ្វីដែលខ្ញុំសម្រេចបាន គឺលើសពីការរំពឹងទុករបស់ខ្ញុំ ហើយខ្ញុំរីករាយណាស់ដែលពិការភាពអង្គុយលើរទេះរុញ មិនបានបង្អាក់នូវចំណង់ចំណូលចិត្ត  និងការប្តេជ្ញាចិត្តរបស់ខ្ញុំ​ ក្នុងការបន្តគាំទ្រដល់ស្រ្តីមានពិការភាពនៅក្នុងសហគមន៌របស់ខ្ញុំ»។

លោកស្រី សុខចាន់ ធ្លាក់ខ្លួនពិការនៅអាយុ១១ឆ្នាំ ដោយសារគ្រាប់កាំភ្លើងត្រូវឆ្អឹងខ្នង។ ក្រោយពីធ្លាក់ខ្លួនពិការ កុមារី សុខចាន់ ក៏មិនអាចបន្តការសិក្សា  ហើយក៏ត្រូវសមាជិកគ្រួសាររើងអើងផងដែរ។ ជាងនេះទៅទៀត ម្តាយរបស់គាត់ក៏បានបាត់បង់ជីវិតទៀត។​ បច្ចុប្បន្ននេះ លោកស្រី សុខចាន់ មានកូន២នាក់នៅក្នុងបន្ទុក។

កាលពីឆ្នាំ២០១២ លោកស្រីត្រូវបានបោះឆ្នោតឱ្យធ្វើជា​នាយិកាអង្គការវេទិកាស្រ្តីពិការខេត្តបាត់ដំបង ដែលមានសមាជិកសរុប ២៩៩នាក់ ក្នុងនោះមានសមាជិក១៦៨នាក់គឺជាជនមានពិការភាព។ អង្គការរបស់គាត់ធ្វើការដើម្បីលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ការពង្រឹងសិទ្ធិអំណាចដល់ស្រ្តីតាមរយៈ ការផ្តល់ជំនាញវិជ្ជាជីវៈ និងការអនុវត្តន៍សកម្មភាពនានាដើម្បីចិញ្ចឹមជីវិតរួមមាន ជំនាញកាត់ដេរដូចជា វត្ថុអនុស្សាវរីយ កាបូប និងម៉ាស់ក្រណាត់ផ្សេងៗ។ អង្គការលោកស្រីក៏ចូលរួមចំណែក្នុងការលើកកម្ពស់ការយល់ដឹងអំពី ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល និងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំណាស់ ហើយខ្ញុំប្តេជ្ញាគាំទ្រដល់ស្រ្តីមាន ពិការភាព ដោយលើកឡើងពីបញ្ហា តម្រូវការរបស់ពួកគេ និងធានាបាន ថាសិទ្ធិរបស់ពួកគេត្រូវ បានពង្រឹង និងគោរពនៅក្នុងសង្គម។ ក្នុងនាមខ្ញុំក៏ជាអ្នកមានពិការភាព ខ្ញុំដឹងពីស្ថានភាពនេះច្បាស់ ហើយខ្ញុំជឿជាក់ថា ខ្ញុំអាចដឹងនូវអ្វីដែលពួកគេត្រូវការ»។

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីACCESS ធ្វើការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោងក្នុងការគាំទ្រសេវានិរន្តភាពដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ​អង្គការវេទិកាស្រ្តីពិការ ទទួលបានការគាំទ្រពីដៃគូអនុវត្តន៍ គម្រោងរបស់កម្មវិធីACCESS ដើម្បីបង្កើនជំនាញសហគ្រិនភាពរបស់ពួកគេមានដូចជា ការរៀបចំផែនការថវិកា ការរៀបចំទីផ្សារ ការផ្សព្វផ្សាយតាមបែបឌីជីថល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល។

លោកស្រី សុខចាន់ បានបង្ហាញនូវសេចក្តីថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ នូវការគាំទ្រទាន់ពេលវេលា ដោយលោកស្រីបាននិយាយថា៖ «ខ្ញុំជឿជាក់ថា កម្មវិធីACCESS បានរួមចំណែកកាត់បន្ថយការរើសអើងចំពោះរូបខ្ញុំផ្ទាល់ក៏ដូចជាជនមានពិការភាពដទៃទៀត»៕