គណៈប្រតិភូអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចដៃគូអនុវត្តគម្រោង ដែលធ្វើការលើការលើកកម្ពស់ជីវភាពសហគ្រិនស្រ្តីមានពិការភាពនៅកម្ពុជា

គណៈប្រតិភូអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចដៃគូអនុវត្តគម្រោង ដែលធ្វើការលើការលើកកម្ពស់ជីវភាពសហគ្រិនស្រ្តីមានពិការភាពនៅកម្ពុជា

សហគ្រិនស្រ្តីមានពិការភាព ប្រឈមនឹងឧបសគ្គជាច្រើន រួមទាំងបរិស្ថានដែលមិនបង្កលក្ខណៈងាយស្រួល កង្វះព័ត៌មាន និងទំនាក់ទំនង អាកប្បកិរិយាអវិជ្ជមានចំពោះជនមានពិការភាព និងការទទួលបានឱកាសសេដ្ឋកិច្ចនៅមានកម្រិត។ កម្មវិធីបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋានពោធិព្រឹក្ស និងកម្មវិធីបណ្តុះបណ្តាលអាជីវកម្មជាន់ខ្ពស់ពោធិព្រឹក្ស រៀបចំឡើងដោយសហគ្រាសក្រុមហ៊ុនអ៊ែដ្យាយល៍ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) ដែលរៀបចំឡើងដើម្បីជួយដល់សហគ្រិនស្រ្តីដែលមានពិការភាពដែលការទទួលបានឱកាសសេដ្ឋកិច្ចរបស់គាត់នៅមានកម្រិត។ កម្មវិធីទាំងនេះអនុញ្ញាតិឱ្យសហគ្រិនស្រ្តីមានពិការភាពទទួលបាននូវជំនាញគ្រប់គ្រងអាជីវកម្ម ភ្ជាប់ខ្លួនទៅប្រភពដើមទុនប្រកបដោយសក្តានុពល ដើម្បីបង្ហាញនូវវត្តមានរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយ និងឱកាសទទួលបានដើមទុនផ្សេងៗដើម្បីចាប់ផ្តើមអាជីវកម្ម។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា រួមមានលោកស្រី  Benita Chudleigh លេខាទី១ និងលោក Connor Floyd ជាលេខាទី២ បានចូលរួមជាមួយឯកឧត្តម សំហេង បុរស ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការ និងក្រុមការងាររបស់កម្មវិធី ACCESS បានទៅទស្សនកិច្ចនៅសហគ្រាសក្រុមហ៊ុនអ៊ែដ្យាយល៍។

ដំណើរទស្សនកិច្ចនេះផ្តល់ឱកាសដល់គណៈប្រតិភូ និងអ៊ែដ្យាយល៍ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម និងហសគ្រិនភាពស្រ្តីនៅក្នុងទំនាក់ទំនងដែលអាចកើតមានរវាងវិស័យទាំងពីរ។ ដំណើរទស្សនកិច្ចនេះដែរ ក៏មានគោលបំណងស្វែងយល់បន្ថែមពីវឌ្ឍនភាព និងនវានុវត្តន៍របស់អ៊ែដ្យាយល៍ ក្នុងភាពជាសគ្រិនស្រ្តីមានពិការភាព។

តាមរយៈការគាំទ្ររបស់កម្មវិធី សហគ្រិនស្រ្តីមានពិការភាព បង្កើនសមត្ថភាពជាសហគ្រិន បង្កើតបណ្តាញមិត្តគាំទ្រមិត្ត និងបង្កើនការយល់ដឹងអំពីការរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ពួកគេចំពោះសង្គម។ ក្រុមស្រ្តីទាំងនោះក៏បានបង្កើនឱកាសឌីជីថលដើម្បីទទួលបានប្រភពដើមទុនសម្រាប់ការពន្លឿនអាជីវកម្ម។

ឯកឧត្តម បុរស មានការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់សហគ្រិនស្រ្តីមានពិការភាព តាមរយៈការអភិវឌ្ឍជំនាញហសគ្រិនភាពរបស់គាត់នៅក្នុងវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយអ៊ែដ្យាយល៍តាមរយៈកម្មវិធី ACCESS។

អ៊ែដ្យាយល៍ គឺជាដៃគូអនុវត្តគម្រោងមួយក្នុងចំណោមដៃគូទាំង១៣ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS។ ជាមួយការគាំទ្រនេះ អ៊ែដ្យាយល៍នឹងអាចបន្តការគាំទ្រដល់ជនមានពិការភាព ដោយផ្តល់ភាពអង់អាចដល់គាត់ក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ដែលនឹងរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០១៩-២០២៣ (NDSP 2019-2023)៕