គាំទ្រជនមានពិការភាពឱ្យមានសុវត្ថិភាពកំឡុងពេលជំងឺកូវីដ-១៩

គាំទ្រជនមានពិការភាពឱ្យមានសុវត្ថិភាពកំឡុងពេលជំងឺកូវីដ-១៩

កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចូលរួមប្រគល់សម្ភារបង្ការជំងឺកូវីដ-១៩ ទៅដល់បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា  និងក្រុមគោលដៅ នៅក្នុងខេត្តសៀមរាប ដែលជាមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង៥ក្រោមការគាំទ្រពីកម្មវិធីសហប្រត្តិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។

លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានប្រគល់សម្ភារបង្ការជំងឺកូវីដ-១៩ ដល់ក្រុមគោលដៅ

ការរាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយសារការរឹតបន្តឹងក្នុងការបំលាស់ទី និងសេរីភាពក្នុងការធ្វើដំណើរត្រូវបានកាត់បន្ថយ។ ជនមានពិការភាព មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ដោយសារការទទួលបានព័ត៌មានអំពីវិធានការណ៍ការបង្ការនៅមានកម្រិត និងមានការលំបាកក្នុងការអនុវត្តវិធានការអនាម័យផ្សេងៗ ហើយពួកគាត់មានការលំបាកក្នុងការរក្សាគម្លាតសង្គមដោយសារតែពួកគេត្រូវពឹងផ្អែកច្រើនលើអ្នកថែទាំ។ ពួកគេក៏ជួបហានិភ័យខ្ពស់ផងដែរក្នុងការបាត់បង់ចំណូល មុខរបរ និងអស្ថេរភាពស្បៀងអាហារ។

លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានប្រគល់សម្ភារបង្ការជំងឺកូវីដ-១៩ ដល់លោក ជូ រតនៈ នាយកមូលនិធិជនពិការ

សម្ភារការពារជំងឺកូវីដ-១៩ ចែកទៅដល់បុគ្គលិករបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក៏ដូចជាក្រុមគោលដៅ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងកូវី-១៩ ហើយសម្ភារទាំងនេះត្រូវបានការគាំទ្រដោយកម្មវិធីACCESS។ ក្រោមគំនិតផ្តួចផ្តើមនេះ ​បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងក្រុមគោលដៅ ទទួលបាននូវម៉ាស់ក្រណាត់ចំនួន១២០០ និងម៉ាស់វេជ្ជសាស្រ្ត៣៥ប្រអប់ ស្រោមដៃចំនួន២០ប្រអប់ និងអាល់កុលចំនួន១២០០ដប ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ។

លោកស្រី Sarah Leary ជាលេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីធានាបានថា គ្មានអ្នកណាម្នាក់ត្រូវបានទុកចោលកំឡុងការរាតត្បាត ឬនៅពេលណាមួយឡើយ។

លោក ជូ រតនៈ នាយកមូលនិធិជនពិការ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកាយវិការប្រកបដោយការយយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបន្តការគាំទ្រវិស័យពិការភាក្នុងប្រទេសកម្ពុជា ជាពិសេសការគាំទ្រសម្ភារបង្ការជំងឺកូវីដ-១៩នេះ លោកធានាថានឹងប្រើប្រាស់សម្ភារដែលផ្តល់មកនេះឱ្យមានប្រសិទ្ធិភាព។​

ចាប់តាំងពីឆ្នាំ២០១៨មក កម្មវិធីACCESS បានគាំទ្រដល់មូលនិធិជនពិការ ក្នុងការចាត់ចែងមណ្ឌលឱ្យមានប្រសិទ្ធិភាព ដើម្បីធានាបានថា ជនមានពិការភាពបន្តទទួលបាននូវសេវាស្តារនិតិសម្បទាគ្រប់ជ្រុងជ្រោយ ទោះបីជាក្នុងកាលៈទេសៈរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ៕