គាំទ្រស្រ្តីមានពិការភាពនៅក្នុងវិស័យធុរៈកិច្ច និងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន

គាំទ្រស្រ្តីមានពិការភាពនៅក្នុងវិស័យធុរៈកិច្ច និងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី សហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS) អ៊ែដ្យាយល៍ឌឺវេឡុមម៉ិនគ្រុប​(Agile)​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សហគ្រិនស្រ្តីមានពិការភាព ក្នុងវិស័យធុរៈកិច្ច និងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន»។

សិក្ខាសាលានេះមានគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធនៃកម្មវិធីបណ្តុះ បណ្តាលអាជីវកម្មពោធិព្រឹក្ស បង្កើនការយល់ដឹងពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ សហគ្រិនស្រ្តីដែលមានពិការភាព ពិភាក្សាទៅលើមធ្យោបាយឆ្ពោះទៅរកការផ្តល់អំណាចដល់ សហគ្រិនស្រ្តីដែលមានពិការភាពក្នុងអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុដែលបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។

តាមរយៈកម្មវិធី ACCESS ស្រ្តីមានពិការភាពនៅខេត្តចំនួន៥ បានពង្រឹងនូវជំនាញធុរៈកិច្ចរបស់គាត់។ ជាក់ស្តែង តាមរយៈការប្រឹងប្រែងរបស់អ៊ែដ្យាយល៍ឌឺវេឡុមម៉ិនគ្រុប ស្រ្តីមានពិការភាពចំនួន៥៧នាក់ បានពង្រីកជំនាញផ្នែកធុរៈកិច្ច ការគ្រប់គ្រង់អាជីវកម្ម បណ្តាញ និងជំនាញផ្សព្វផ្សាយពីអាជីវកម្ម។

ស្រ្តី៤នាក់ បានចែករំលែកនូវបទពិសោធ និងប្រវត្តិរបស់គាត់នៅក្នុងសិក្ខាសាលានេះ។ លោកស្រី សៀង សុខចាន់ ដែលបើកអាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ នៅខេត្តបាត់ដំបង បាននិយាយថា៖ «ខ្ញុំមានភាពឯករាជ្យ និងមានអំណាចជាងមុន។ ខ្ញុំអាចរៀបចំអាជីវកម្មរបស់ខ្ញុំ បានល្អប្រសើរជាងមុន ដោយអភិវឌ្ឍផែនការថវិកាយ៉ាងច្បាស់លាស់»។ អ្វីដែលសំខាន់ទៀតនោះ គីលោកស្រីបាននឹងកំពុងធ្វើការដើម្បីបញ្ជ្រាបបរិយាបន្នពិការភាពនៅក្នុងសហគមន៍របស់គាត់។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ខានសុខុមាលភាពជនពិការ នៃក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS សម្រាប់ការបន្តនូវការគាំទ្រដល់ជនមានពិការភាព និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់និរន្តភាព និងគុណភាពសេវា។ លោក យៀប ម៉ាលីណូ បានបញ្ជាក់ទៀតថា កម្មវិធី ACCESS ក៏បានចូលរួមចំណែកគាំទ្រដល់សេវាបណ្តាញទូរស័ព្ទបន្ទាន់ សម្រាប់ជនមានពិការភាព ដើម្បីទទួលបានព័ត៌មាននិងសេវា ព្រមទាំងបានរួមចំណែកនូវការអភិវឌ្ឍន៍កម្មវិធីកំណត់អត្តសញ្ញាណ ជនមានពិការភាព ដោយផ្តល់នូវកាតជ័រប្លាស្ទីក ម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនមេសម្រាប់ការបែកអាប់ និងគាំទ្រដល់សេចក្តីសម្រេចគោលការណ៍ណែនាំជាតិស្តីពីបរិយាបន្នការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈបចេ្ចកទេស ព្រមទាំងផ្តល់នូវការចែកសម្ភារះការពារជំងឺកូវីដ១៩ ទៅដល់ ជនមានពិការភាពទៀតផង។​ លោកម៉ាលីណូ បានបន្ថែមទៀតថា៖ «យើងបានបង្កើតនូវសមិទ្ធិផលសំខាន់ៗ ជាច្រើន ហើយយើងកំពុងសហការគ្នាឆ្ពោះទៅរកសមិទ្ធិផលជាច្រើនផ្សេងទៀត»។

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ក៏មានវត្តមាននៅក្នុង សិក្ខាសាលានេះដែរ ហើយលោកស្រីបានមានប្រសាសន៍ថា៖ «ការលើកកម្ពស់បរិយាបន្នសេដ្ឋកិច្ច និងការវិនិយោគលើស្រ្តី នៅតែជាការងារស្នូលនៃកម្មវិធីជំនួយរបស់អូស្រ្តាលី។ រដ្ឋាភិបាលអូស្រ្តាលី​ នៅតែប្តេជ្ញាគាំទ្រដៃគូយូរអង្វែងរបស់យើង និងលើកកម្ពស់ភាពធនរបស់ប្រជាជនកម្ពុជា ជាពិសេសជនងាយរងគ្រោះ»៕