ជួបជាមួយ កញ្ញា ចាន់រស្មី ជាជនគំរូ គាំទ្រជនមានពិការភាព
កញ្ញា សេង ចាន់រស្មី មានមហិច្ឆិតាចង់ជួយដល់ជនមានពិការភាព ដើម្បីសម្រេចនូវគោលដៅ ហិរញ្ញវត្ថុ។ រស្មី គឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ហើយគាត់មានពិការភាពតាំង ពីគាត់មានអាយុ បាន២ឆ្នាំ បណ្តាលមកពីជម្ងឺដែលធ្វើឱ្យមុខងារនិងសាច់ដុំចុះខ្សោយ ដែលធ្វើឱ្យគាត់មានការលំបាក ក្នុងការបំលាស់ទី និងតម្រូវឱ្យគាត់ប្រើរទេះ។
ក្នុងនាមនាងជាក្មេងម្នាក់ នាងត្រូវបានមិត្តរួមថ្នាក់ធ្វើបាបចំពោះពិការភាពរបស់នាង។ រស្មី បាននិយាយថា៖ «អ្នកជិតខាង និងមិត្តរួមថ្នាក់ខ្ញុំមើលមកខ្ញុំដូចមនុស្សចម្លែក ហើយគ្មានតម្លៃ មានតែប៉ុន្មាននាក់ទេដែលរាក់ទាក់ដាក់ខ្ញុំ និងនិយាយជាមួយខ្ញុំ»។ ដោយមានបទពិសោធន៍ត្រូវបាន គេរើសអើង ពេលខ្លះធ្វើឱ្យ រស្មី មានអារម្មណ៍ថាគ្មានអ្នកណារាប់រក បោះបង់គាត់ចោល និងខ្វះការលើកទឹកចិត្តចូលរួមក្នុងសហគមន៍។ ជាលទ្ធផល រស្មី សម្រេចចិត្តបោះបង់ចោលការសិក្សា នៅថ្នាក់ទី៨ ដោយសារការតែរើសអើង និងមិនត្រូវបានគេរាប់រក។
ជីវិតគឺជួបបញ្ហាប្រឈមច្រើន ទាក់ទងនឹងការរកប្រាក់ចំណូលក្នុងនាមក្មេងម្នាក់ដែលមិនមានការសិក្សា ខ្ពង់ខ្ពស់។ បន្ទាប់ពីបោះបង់ចោលការសិក្សា រស្មី នៅផ្ទះនិងធ្វើការងារផ្ទះដូចក្មេងដ៏ទៃនៅ ក្នុងសហគមន៍។ នាងព្យាយាមរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ដ៏ដូចជាសន្សំទុកខ្លះដើម្បី ខ្លួននាង។
នៅខែធ្នូ ឆ្នាំ២០១៩ រស្មី បានចូលរួមជាមួយអង្គការមជ្ឈមណ្ឌជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ជាអ្នកអង្គុយលើរទេះរុញ ដើម្បីចែករំលែកបទពិសោធរបស់នាងទៅដល់អ្នកមាន ពិការភាពផ្សេងទៀត។ នៅខែសីហា ឆ្នាំ២០២០ រស្មី បានចូលរួមជាមួយវគ្គបណ្តុះបណ្តាលកម្មវិធីបង្វឹកចំណេះផ្នែកហិរញ្ញវត្ថុ ដែលរៀបចំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ក្នុងភាពជាដៃគូរជាមួយអង្គការ Good Return ជាផ្នែកមួយក្រោមជំនួយឧបត្ថម្ភរបស់ដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS)។ តាមរយៈការចូលរួមនេះ រស្មី បានរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងលំហូរសាច់ប្រាក់ របៀបធ្វើផែនការសន្សំប្រាក់ស្របទៅតាមតម្រូវការហិរញ្ញវត្ថុរបស់នាង និងវិធីទំនាក់ទំនងជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ។
តាមរយៈការចូលរួមជាមួយកម្មវិធី រស្មីមានលទ្ធភាពអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់នាង និងគ្រប់គ្រងលំហូរសាច់ប្រាក់។ រស្មីក៏ត្រូវបានផ្តល់អំណាចបន្ថែមទៀតដើម្បីទំនាក់ទំនង ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ក្នុងការទទួលបានហិរញ្ញវត្ថុដើម្បីប្រើប្រាស់ទៅថ្ងៃអនាគត។ រស្មី បាននិយាយថា៖ «ខ្ញុំចង់បង្កើតអាជីវកម្មអនឡាញ និងបន្តអភិវឌ្ឍអនាគតការងាររបស់ខ្ញុំ និងធ្វើឱ្យមានលំនឹងហិរញ្ញវត្ថុ»។ រស្មី បានបន្ថែមទៀតថា គាត់បាននឹងកំពុងបង្កើតផែនការអាជីវកម្ម និងផែនហិរញ្ញវត្ថុសម្រាប់ទិសដៅអនាគតដែលនេះជាលទ្ធផលដែលគាត់បានរៀន។
បច្ចុប្បន្ននេះ រស្មីធ្វើការជាមួយអង្គការមជ្ឈមណ្ឌជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញជាជនគំរូដើម្បីគាំទ្រដល់ជន មានពិការភាពដើម្បីរស់នៅដោយឯករាជ្យនៅក្នុងសហគមន៍ តាមរយៈការធ្វើជាជំនួយការផ្ទាល់ និងចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ពីវិធីដែលជនមានពិការភាពកម្រិតធ្ងន់អាចរស់នៅដោយភាពឯករាជ្យ។ តាមរយៈការងារនេះ ធ្វើឱ្យរស្មី មានភាពរីករាយ ព្រោះពេលនេះនាងមានឱកាសដើម្បីចែក រំលែកបទពិសោធន៍របស់នាងជាមួយ ជនមានពិការភាពដ៏ទៃទៀត ជាពិសេសជនមានពិការភាពដែលជាស្រ្តី។ ដូច្នេះពួកគេអាចជម្នះឧបសគ្គដែលប្រឈមនៅក្នុងសង្គម។
បន្ថែមពីនឹងទៀត ពេលនេះរស្មី បានភ្ជាប់ទំនាក់ទំនង និងបានស្គាល់ជនមានពិការភាពដ៏ទៃទៀត តាមរយៈការងារដែលនាងធ្វើ ហើយវាបានផ្លាស់ប្តូរចិត្តគំនិតរបស់នាង ហើយនាងចង់ព្យាយាម ឱ្យអស់លទ្ធភាពដើម្បីធ្វើឱ្យស្ថានភាពរស់នៅរបស់នាងកាន់តែប្រសើរឡើង និងជាសមាជិកដ៏មាន តម្លៃម្នាក់សម្រាប់សហគមន៍ និងសង្គម។ រស្មី បានបញ្ជាក់ថា៖ «ខ្ញុំសូមជូនពរជនឱ្យជនមានពិការភាព ដ៏ទៃទៀតឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩។ សូមក្រោកឡើងជាមួយគ្នាដើម្បីសង្គមរបស់ យើង»។
តាមរយៈកម្មវិធី ACCESS, អង្គការGood Return បានបង្កើតកម្មវិធីសិក្សា កម្មវិធីបង្វឹកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសម្ភារះដែលអាចផ្តល់ភាពងាយស្រួលចំពោះជនមានពិការភាព និងបណ្តុះបណ្តាលគ្រូបង្វិកពីវិធីទំនាក់ទំនងជាមួយជនមានពិការភាពដែលមានភាពពិការផ្សេងៗគ្នា ជ្រើសរើសគ្រូបង្វិកពី អង្គការមជ្ឈមណ្ឌជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញនិងពីមូលនិធិជនពិការ ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយអង្គការជនពិការ និងអ្នកដឹកនាំក្នុងតំបន់ដើម្បីផ្តល់អំណាចដល់ជនមានពិការភាពបានចូលរួមជាមួយកម្មវិធី។
រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បាននឹងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង។ ACCESS ក៏បាននឹងកំពុងធ្វើការជាមួយមូលនិធិជនពិការ និងអង្គការជនពិការតាមរយៈអង្គការជនពិការកម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព ដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និងជនមានពិការភាព៕