ជំនាញក្នុងការចរចា៖ ជំនាញសំខាន់ដែលស្រ្តី និងក្មេងស្រីមានពិការភាពកំពុងរៀនដើម្បីបំបែកភាពស្ងៀមស្ងាត់

ជំនាញក្នុងការចរចា៖ ជំនាញសំខាន់ដែលស្រ្តី និងក្មេងស្រីមានពិការភាពកំពុងរៀនដើម្បីបំបែកភាពស្ងៀមស្ងាត់

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងកិច្ចការនារី បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញចរចា សម្រាប់ស្រ្តី រួមទាំងអ្នកមានពិការភាព ដែលវគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ស្ថាប័នដែលបានរៀបចំ ជឿជាក់ថា ជំនាញនេះមានសារៈសំខាន់សម្រាប់សហគមន៍ក្នុងការទាមទារសិទ្ធិរបស់ពួកគេ ទទួលបានសេវាដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់វគ្គបណ្តុះបណ្តាលនេះ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី -កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)។

«ជំនាញចរចា មានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព ហើយយើងនឹងទទួលបានទំនុកចិត្តកាន់តែច្រើន ដែលយើងអាចជម្នះជាមួយក្រុមគ្រួសារ និងសហគមន៍ដើម្បីដោះស្រាយបញ្ហាប្រឈម» អ្នកស្រី ជាតិ សុខា បានមានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញចរចា និងមូលដ្ឋានទាក់ទងនឹងយេនឌ័រ និងពិការភាព។

វគ្គបណ្តុះបណ្តាលនេះ គឹជាវគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ​ ដែលធ្វើសកម្មភាពរួមគ្នា ដែលមានបំណងលើកកម្ពស់ការរៀនសូត្រដែលមានភាពប្រទាក់ក្រឡារវាងវិស័យទាំងពីរ នៅក្នុងការផ្តល់សេវាប្រកបដោយបរិយាបន្នពិការភាព និងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលថា៖ «ជំនាញចរចា មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា ដែលនាំឱ្យយើងទទួលបានជោគជ័យ»។ ឯកឧត្តម បានស្នើរឱ្យផ្តល់វគ្គបណ្តុះបណ្តាលនេះទៅដល់អ្នកទទួលផល។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ ដោយទាញចេញពីរបាយការណ៍សកល និងក្នុងតំបន់នាពេលថ្មីៗនេះថា ស្រ្តីមានពិការភាពទំនងជាប្រឈមនឹងទម្រង់នៃការរើសអើង និងហិង្សាជាងស្រ្តីមិនមានពិការភាព។ លោកបានបន្ថែមទៀតថា៖ «ស្រី្តមានពិការភាពដែលមានសិទ្ធិអំណាច និងទំនុកចិត្ត អាចចែករំលែកបទពិសោធរបស់ពួកគេ និងរួមចំណែកក្នុងការកំណត់អត្តសញ្ញាណក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។ ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដែលចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តោតលើជំនាញចរចា និងការនិយាយជាសាធារណៈ ហើយតាមរយៈវគ្គបណ្តុះបណ្តាលនេះ ស្រ្តីមានពិការភាពទទួលបានផលប្រយោជន៍ពីវា»។

លោកជំទាវ ញែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិការភាពនៃក្រសួងកិច្ចការនារី បានលើកឡើងពីសារៈសំខាន់នៃការរួមចំណែកពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS នៅក្នុងកិច្ចការងាររបស់រដ្ឋាភិបាលកម្ពុជាបន្តធ្វើរួមគ្នាជាមួយសហគមន៍មានពិការភាព និងស្រ្តីនៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា បន្ថែមលើយុទ្ធសាស្រ្ត ក្របខណ្ឌច្បាប់ និងជំនួយពីដៃគូអភិវឌ្ឍ ការចូលរួមរបស់សហគមន៍មានសារៈសំខាន់ណាស់។ លោកជំទាវសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងបន្តលើកទឹកចិត្តដល់ស្រ្តីមានពិការភាព ដើម្បីឱ្យទទួលបានទំនុកចិត្ត ដោយពួកគេត្រូវបានគេស្តាប់ ហើយពួកគេអាចទទួលបានការជួយ ជាពិសេសនៅក្នុងការឆ្លើយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា៖ «ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទាមទារដំណោះស្រាយដែលអាចដោះស្រាយបញ្ហាឫសគល់ដូចជា ការលុបបំបាត់ការរើសអើង ផ្តល់ភាពអង់អាចដល់ស្រ្តី ជាពិសេសផ្នែកសេដ្ឋកិច្ច និងបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍសហគមន៍តាមរយៈ បង្កើតឱកាសបន្ថែមទៀតដល់ពួកគេ»៕