តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានផ្តល់សុន្ទរកថាបើកកិច្ចប្រជុំរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍

តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានផ្តល់សុន្ទរកថាបើកកិច្ចប្រជុំរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍

ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS)  អង្គការអន្តរជាតិ ADD  ដែលដៃគូមួយក្នុងចំណោមដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំរៀនសូត្រ និងផ្លាស់បទពិសោធន៍ចំនួនពីរ ស្តីពី «សារៈសំខាន់ និងទំនាក់ទំនងពិការភាព ក្នុងសេវាឆ្លើយតបដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ កិច្ចប្រជុំមួយសម្រាប់ខេត្តកំពង់ចាម ដែលប្រជុំកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងកិច្ចប្រជុំមួយទៀតធ្វើសម្រាប់ខេត្តត្បូងឃ្មុំ ដែលរៀបចំកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្តូរយោបល់ និងលើកឡើងនូវបញ្ហាប្រឈមដែលបានជួបផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អ្នកចូលរួមបានចែករំលែកនូវការអនុវត្តល្អៗ ពិភាក្សានូវចំណុចប្រសព្វរួមគ្នារវាងផ្នែកពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ បង្ហាញអំពីផែនការយុទ្ធសាស្រ្តថ្នាក់ជាតិស្តីពីពិការភាព (NDSP2) និងតារាងផែនការសកម្មភាព និងតារាងត្រួតពិនិត្យ​ តាមដាននិងវាយតម្លៃ ព្រមទាំងបង្ហាញពីផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានផ្តល់សុន្ទរកថាបើកកិច្ចប្រជុំជាមួយតំណាងមកពីក្រុមប្រឹក្សាសកម្មភាពជនពិការ។ លោកស្រី បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលអូស្រ្តាលីនៅតែប្តេជ្ញាចិត្តគាំទ្រដល់ដៃគូយូរអង្វែងរបស់យើង និងលើកកម្ពស់ភាពធនរបស់ប្រជាជនកម្ពុជា។ ការប្រមូលបាននូវធាតុចូល និងគំនិតល្អៗនៅក្នុងកិច្ចប្រជុំនេះ នឹងប្រើប្រាស់ដើម្បីផ្សព្វផ្សាយនូវការអនុវត្តល្អៗ ដែលអាចនឹងត្រូវបានដកស្រង់ឡើង ហើយវានឹងក្លាយជាអនុសាសន៍គោលនយោបាយ»។

តំណាងមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត អភិបាលខេត្ត និងដៃគូអនុវត្តគម្រោងរបស់កម្មវិធីACCESS ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ​ និងបានផ្តល់នូវធាតុចូលនៅក្នុងកិច្ចប្រជុំនេះ។

លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ទាក់ទងនឹពិការភាព។ នៅក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់កម្មវិធីACCESS ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅ និងគោលបំណងនៃការអភិវឌ្ឍប្រកបដោយចេរភាព ជាពិសេសលទ្ធផលរំពឹងទុក នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (២០១៩-២០២៣) និងផែនការសកម្មភាពជាតិ ស្តីពីការទប់អំពើហិង្សាលើស្រ្តី(២០១៩-២០២៣)។

លោកស្រី អាន រូ ខៀវ ប្រធានកម្មវិធីACCESS បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំដែរថានៅក្នុងកិច្ចជាមួយខេត្តត្បូងឃ្មុំថា ACCESS បានធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុត្តគម្រោង ស្តីពីបរិយាបន្នពិការភាព និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ បានបង្ហាញនូវឱកាសមួយសម្រាប់វិស័យពីររួមធ្វើការជាមួយគ្នា រៀនសូត្រ និងចែករំលែកនូវបទពិសោធវិជ្ជមាន និងកំណត់យុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហា និងឧបសគ្គនានា​ទាក់ទងនឹងការលើកកម្ពស់បរិយាបន្នពិការភាពនៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕