តំណាងស្រ្តីទទួលបានវគ្គបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នពិការភាព

តំណាងស្រ្តីទទួលបានវគ្គបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នពិការភាព

កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រា្តលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នពិការភាព ដែលវគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ ស្រ្តីមានពិការភាព ដែលជាតំណាងអង្គការបណ្តាញជនមានពិការភាព។ សិក្ខាកាមចំនួន៣៨នាក់ (ដែលមាន២នាក់ជាបុរស និង៣៥នាក់ជាស្រ្តីមានពិការភាព) មានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បង្កើនការយល់ដឹងបន្ថែមដល់សិក្ខាកាម អំពីយេនឌ័រ និងពិការភាព ច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នពិការភាព ដើម្បីលើកកម្ពស់វិស័យទាំងពីរ និងសេវាផ្សេងៗ ព្រមទាំងសេវាឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់នៅក្នុងការបើកវគ្គបណ្តុះបណ្តាលថា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៣ ដែលបានចែងថា ការបន្ត និងពង្រឹងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ​ និងលើកកម្ពស់សិទ្ធិ និងសុខមាលភាពជនមានពិការភាព ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការ ក៏ដូចជាការពង្រឹងគុណភាព និងប្រសិទ្ធិភាពសេវាពាក់ព័ន្ធ។ លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមានការជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវបទពិសោធន៍ថ្មីៗពាក់ព័ន្ធទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ និងគោលនយោបាយ ដើម្បីលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ការបញ្រ្ជៀបយេនឌ័រ បរិយាបន្នយេនឌ័រ ក៏ដូចជាភាព្រទាក់ក្រឡាគ្នារវាងយេនឌ័រ និងពិការភាព»។

លោកស្រី Anne ROUVE-KHIEV ប្រធានកម្មវិធី ACCESS បានមានប្រសាសន៍ថា ស្រ្តីមានពិការភាពភាគច្រើន ប្រឈមបញ្ហាក្នុងការស្វែងរកសេវា ឬការគាំទ្រ ដោយសារកង្វះទំនុកចិត្ត និងការគាំទ្រពីក្រុមគ្រួសាររបស់គាត់ និងសហគមន៍។ ទោះជាយ៉ាងនេះក្តី ស្ថានភាពនេះ អាចផ្លាស់ប្តូរបាន តាមរយៈការបណ្តុះបណ្តាលពង្រឹងអំណាចដល់ពួកគាត់។ ស្រ្តីមានពិការភាព ដែលមានសិទ្ធិអំណាច និងមានទំនុកចិត្តអាចចែករំលែបបទពិសោធរបស់គាត់ និងរួមចំណែកជាមតិយោបល់ផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហារបស់គាត់។

ក្នុងកំឡុងវគ្គបណ្តុះបណ្តាល សិក្ខាកាមមានឱកាស បានពិភាក្សា និងចែករំលែកនូវទស្សនៈរបស់គាត់លើបញ្ហាប្រឈមនីមួយៗដែលបានជួបប្រទះ នៅក្នុងការបញ្រ្ជៀបយេនឌ័រ និងបរិយាបន្នពិការភាព ហើយអ្នកទាំងនោះទទួលបាននូវដំណោះស្រាយពីដៃគូការងាររបស់គាត់។

សិក្ខាកាមួយរូប មកពីខេត្តសៀមរាប លោកស្រី ឈុយ សារ៉េត អ្នកលក់វត្ថុអនុស្សាវរីយ៍ និងជាសកម្មជននៅសហគមន៍មួយរូប ដែលធ្វើការគាំទ្រដល់ជនចាស់ជរា និងជនមានពិការភាព បាននិយាយថា វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈប្រយោជន៍សម្រាប់គាត់ ដោយសារលោកស្រីទទួលបាននូវចំណេះដឹងបន្ថែម ស្តីពីបរិយាបន្នពិការភាព និងសិទ្ធិរបស់ជនមានពិការភាព រួមទាំងសិទ្ធិក្នុងការបញ្ចេញយោបល់ និងសិទ្ធិក្នុងការស្វែងរកការងារធ្វើ។ លោកស្រីបានបន្តថា៖ «ខ្ញុំមានឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយស្ត្រីមានពិការភាពដទៃទៀត ចែករំលែកនូវផលវិបាក និងរៀនសូត្រពីគ្នាទៅវិញទៅមក»។

តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្រ្តាលី កម្មវិធី ACCESS បានធ្វើការក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ ដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងពីភាពប្រទាក់ក្រឡាគ្នារវាងសមភាពយេនឌ័រ និងបរិយាបន្នពិការភាព ដល់ដៃគូពាក់ព័ន្ធជា រួមទាំងមន្រ្តីមកពីក្រសួងពាក់ព័ន្ធ អ្នកផ្តល់សេវានៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តគម្រោង តំណាងអង្គការបណ្តាញជនមានពិការភាព និងជនមានពិការភាព៕