ប្រារព្វទិវាអន្តរជាតិនារី ៨មីនា ២០២៣ ជាមួយក្រុមការងារកម្មវិធី ACCESS
ឆ្នាំនេះគឺជាខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។
ក្រុមការងាររបស់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS) បានចូលរួមជាមួយគ្នា ដើម្បីគាំទ្រដល់ទិវាអន្តរជាតិនារី លើកទី១១២ ឆ្នាំ២០២៣។ មូលបទជាសកលនៅឆ្នាំនេះគឺត្រូវនឹងប្រធានបទអាទិភាពសម្រាប់សម័យប្រជុំលើកទី៦៧ នៃគណៈកម្មាការស្តីពីស្ថានភាពស្រ្តី(CSW-67) នាពេលខាងមុខនេះ។
មូលបទនៅកម្ពុជា «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្រ្តីនិងបុរសនឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជារៀងរាល់ឆ្នាំ កម្មវិធី ACCESS ផ្តល់ការគាំទ្រដល់សមភាគីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រារព្វទិវាអន្តរជាតិនារី។ នៅឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ កម្មវិធី ACCESS បានគាំទ្រដល់ការបោះពុម្ពអាវយឺតពណ៌ស្វាយ ដែលផ្តល់ជាសារដើម្បីអបអរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ហើយអាវយឺតទាំងនេះ ផ្តល់ដល់ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី នៃខេត្តគោលដៅទាំង៦របស់កម្មវិធី ACCESS ដៃគូអនុវត្តគម្រោងរបស់កម្មវិធី ACCESS ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយក្រុមការងារកម្មវិធី ACCESS និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏ទទួលបានអាវយឺតនេះខ្លះដែរ។
ដើម្បីអបអរទិវាអន្តរជាតិនារី ក្រុមការងារកម្មវិធីACCESS បានចូលរួមជាមួយគ្នា ដើម្បីថតរូបជុំគ្នា នៅក្នុងដំណើរកម្សាន្តប្រចាំឆ្នាំរបស់កម្មវិធីACCESS និងថតរូបដែលបង្ហាញពីសារសំខាន់ៗស្របទៅនឹងមូលបទរបស់កម្ពុជាដើម្បីលើកកម្ពស់ស្រ្តីនៅក្នុងយុគសម័យឌីជីថល។
ក្រុមការងារកម្មវិធី ACCESS ក៏បានចូលរួមដោយផ្ទាល់ផងដែរដើម្បីប្រារព្វទិវាអន្តរជាតិនារី នៅក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី។
សូមចូលរួមជាមួយយើង នៅក្នុងការប្រារព្វទិវាអន្តរជាតិនារី ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រី ដើម្បីកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រីនៅក្នុងយុគសម័យឌីជីថល៕