នាយកដ្ឋានសុខមាលភាពជនពិការ ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៦ ផ្នែកពិការភាពរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌

នាយកដ្ឋានសុខមាលភាពជនពិការ ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៦ ផ្នែកពិការភាពរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​ កិច្ចប្រជុំប្រចាំត្រីមាសលើកទី៦ ផ្នែកពិការភាពត្រូវបានប្រារព្វឡើង និងដឹកនាំដោយ នាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធី ACCESS។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យឡើងវិញលើវឌ្ឍនភាព និងចែករំលែកចំណេះដឹង បទពិសោធន៍នៃការអនុវត្តកម្មវិធីACCESS និងពិនិត្យ និងពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយដែលអាចមាន ព្រមទាំងកំណត់ការងារអទិភាពសម្រាប់ត្រីមាសបន្ទាប់ និងបែបបទនៃការអនុវត្តការងារក្នុងការសម្របទៅនឹងបញ្ហាប្រឈមដោយជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន៤២នាក់ មានតំណាងមកពីសមភាគីរដ្ឋាភិបាល មានដូចជា តំណាងលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមកពីខេត្តកំពង់ចាម សៀមរាប និងកំពង់ស្ពឺ នាយកដ្ឋានសុខមាលភាពជនពិការ មូលនិធិជនពិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដៃគូអនុវត្តគម្រោងទាំងប្រាពីរ របស់កម្មវិធីACCESS ដែលធ្វើការលើផ្នែកពិការភាព និងតំណាងមកពីស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជាក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។

លោក យៀប ម៉ាលីណូ​ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ ដែលបានដឹកនាំកិច្ចប្រជុំ បានមានមតិស្វាគមន៍ រីឯតំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ក៏បានចែករំលែកនូវ បច្ចុប្បន្នភាពលើវឌ្ឍនភាពការងារ។ លើសពីនេះទៀត តំណាងសមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអនុវត្តគម្រោង បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពសំខាន់ៗផងដែរ។

លោក យៀប ម៉ាលីណូ បានមានប្រសាសន៍នៅក្នុងការបើកកិច្ចប្រជុំថា ទោះបីជាមានការរីករាលដាល ដោយជំងឺកូវីដ-១៩នៅកម្ពុជា វិស័យពិការភាពក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយសារមានការខិតខំរបស់យើងទំាងអស់គ្នា និងធ្វើធ្វើការជាមួយគ្នា។ សមិទ្ធិផលទាំងនេះ មានដូចជា នៅក្នុងឆ្នាំ២០២០ ជនមានពិការភាពដែលបានចូលបម្រើការងារ មានការកើនឡើងចំនួន ២៩ភាគរយ នៅក្នុងស្ថាប័នសាធារណៈ និង១២ភាគរយក្នុងវិស័យឯកជន ។ លោកក៏បានទទួលស្គាល់ នូវការគាំទ្ររបស់ដៃគូអនុវត្តគម្រោង តាមរយៈកម្មវិធីACCESS ក្នុងការផ្តល់សម្ភារះការពារជំងឺកូវីដ-១៩ និងសារអប់រំដល់ជនមានពិការភាពតាំងពីដើមឆ្នាំ២០២០។ ជាងនេះទៅទៀត វឌ្ឍនភាពនេះក៏ត្រូវបានបង្ហាញផងដែរនៅក្នុងការអភិវឌ្ឍ និងអនុវត្តក្របខណ្ឌគោលនយោបាយ និងគោលការណ៍ណែនាំផ្សេងៗ ដូចជាការដាក់ឱ្យដំណើរការកម្មវិធីការងារ (ឱកាស) ដែលជាការណែនាំផ្នែកបរិយាបន្នពិការភាពសម្រាប់និយោជក់ វគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល ដល់អ្នកផ្តល់សេវាសាធារណៈ និងនិយោជក់ សេចក្តីព្រាងច្បាប់ស្តីពីពិការភាព ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងការអភិវឌ្ឍជម្រាលនៅថ្នាក់ឃុំនៅខេត្តចំនួន៥រួមមានសៀមរាប កំពង់ចាម កំពង់ស្ពឺ បាត់ដំបង និងក្រចេះ។ ដោយវិបត្តិជំងឺកូវីដ-១៩ បានជះឥទ្ធិពលមួយចំនួនដូចជា​ ជនមានពិការភាពដែលទទួល សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា មានការធ្លាក់ចុះ៣៥ភាគរយនៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ ២០១៩។ ទោះជាយ៉ាងណាក្តី ដោយធ្វើការជាមួយអង្គការដៃគូអនុវត្តគម្រោង Humanity & Inclusion ការផ្តល់សេវាពីចម្ងាយត្រូវបានផ្តល់ដល់មូលនិធិជនពិការ និងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅខេត្តកំពង់ចាម។​ វគ្គបណ្តុះបណ្តាលជំនាញផ្នែកឌីជីថលក៏បានផ្តល់ដល់ថ្នាក់ដឹកនាំមូលនិធិជនពិការផងដែរនៅក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីមានការសហការកាន់តែប្រសើរនៅក្នុងកិច្ចប្រជុំ ឬធ្វើបទបង្ហាញតាមអនឡាញ។​

តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក រស់ ឆាយ បានទទួលស្គាល់នូវភាពជោគជ័យ របស់កម្មវិធីACCESS និងវឌ្ឍនភាពសំខាន់ដែលសម្រេចបានកាលពីត្រីមាសមុន ទោះបីជាមានការ មានការបិទខ្ទប់  និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសក៏ដោយ។ លោកបាន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា៖ «ការអភិវឌ្ឍបរិយាបន្នពិការភាព នៅតែជាចំណុចសំខាន់នៃកម្មវិធី ជំនួយរបស់អូស្រ្តាលី។ ភាពជាដៃគូរបស់យើង សម្រាប់យុទ្ធសាស្រ្តស្តារឡើងវិញ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចខិតខំរបស់យើងនឹងត្រូវរាប់បញ្ចូលទាំងបរិយាបន្នពិការភាព ដោយសារពួកគេប្រឈមនឹងភាពងាយរងគ្រោះជាច្រើន»។

កម្មវិធីACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង នៅលើវិស័យពីរធំៗ គឺវិស័យពិការភាព និងវិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីលើកកម្ពស់បរិយាបន្នពិការភា និងផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕