បរិយាបន្នពិការភាពនៅក្នុងកិច្ចគាំពារសង្គម ដើម្បីជម្នះបញ្ហាប្រឈមកំឡុងពេលកូវីដ-១៩ និងបង្កើតសង្គមមួយប្រកបដោយបរិយាបន្ន

បរិយាបន្នពិការភាពនៅក្នុងកិច្ចគាំពារសង្គម ដើម្បីជម្នះបញ្ហាប្រឈមកំឡុងពេលកូវីដ-១៩ និងបង្កើតសង្គមមួយប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ អង្គការជនពិការកម្ពុជា ក្នុងកិច្ចសហការជាមួយនាយកដ្ឋានសុខមាលភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី កិច្ចគាំពារសង្គមនិងពិការភាពសម្រាប់អង្គការតំណាងជនពិការ។

តាមរយៈការគាំទ្រពីកម្មវិធី ACCESS ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្រ្តាលី វគ្គបណ្តុះបណ្តាលរយៈពេលបួនថ្ងៃត្រូវបានរៀបចំឡើង ដោយមានទំាងការចូលរួមពីសំណាក់ សមាជិកអង្គការតំណាងជនពិការ រួមទាំងសហព័ន្ធស្រ្តីមានពិការភាព។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនការយល់ដឹងក្នុងចំណោមតំណាងអង្គការជនពិការ ស្តីពីបរិយាបន្នពិការភាព នៅក្នុងកិច្ចគាំពារសង្គម ដើម្បីលើកកម្ពស់បរិយាបន្នកិច្ចគាំពារសង្គមនៅកម្ពុជា។ លោកស្រី Sarah Wadley លេខាទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងឯកឧត្តម សំហេង បុរស​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ស្វាគមន៍នៅក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ។

អ្នកចូលរួមសរុបចំនួន៧០នាក់ បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលរួមទាំងតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្រសួងផែនការ​ នាយកដ្ឋានសុខមាលភាពជនពិការ​ នាយកដ្ឋានសុខមាលភាពសង្គម ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អង្គការជនពិការកម្ពុជា អង្គការតំណាងជនពិការ និងក្រុមការងារកម្មវិធី ACCESS ។

លោកស្រី ម៉ាក់ ម៉ូនីកា នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់ជនមានពិការភាព គឺតម្រូវឱ្យមានការចូលរួមពហុវិស័យពីភាគីពាក់ព័ន្ធ ដែលធ្វើការសហការគ្នាដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព។ លោកស្រី មានការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ដើម្បីគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា រួមទាំងការផ្តល់សម្ភារះការពារជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងការបើកវគ្គបណ្តុះបណ្តាលថា កិច្ចគាំពារសង្គម គឹជាការងារអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបានថា ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ត្រូវបានការពារនិងគាំទ្រ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលអូស្រ្តាលី ជាដៃគូយូរអង្វែង និងបានបន្តការគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា។

លោកស្រី Sarah Wadley បានមានប្រសាសន៍ថា៖ «កិច្ចគាំពារសង្គម គឺជាកិច្ចការងារអាទិភាពមួយនៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីនៅកម្ពុជា។ រដ្ឋាភិបាលអូស្រ្តាលីនៅតែប្តេជ្ញាគាំទ្រដល់ដៃគូយូរអង្វែង ដើម្បីលើកកម្ពស់ភាពធនរបស់ប្រជាជនកម្ពុជា ជាពិសេសក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ»៕