បុគ្គលិកមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ទទួលបានវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មពីចម្ងាយ

បុគ្គលិកមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ទទួលបានវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មពីចម្ងាយ

ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបន្តជះឥទ្ធិពលដល់ប្រជាជនកម្ពុជា ក៏ដូចជាសាកលលោក។ ដោយសារវិធានការគម្លាតសង្គម និងការរឹតបន្តឹងការបំលាស់ទី ការទទួលសេវាគឺត្រូវបានកំណត់ ហើយជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព ប្រឈមនឹងឧបសគ្គក្នុងការទទួលបានព័ត៌មានអំពីសេវា និងការគាំទ្រដែលជាតម្រូវការរបស់គាត់។

ជាផ្នែកមួយនៃកិច្ចបន្តប្រឹងប្រែងគាំទ្របរិយាបន្នពិការភាពនៅកម្ពុជា អង្គការ Humanity and Inclusion (HI) ជាដៃគូមួយក្នុងចំណោមដៃគូអនុវត្តគម្រោងរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS) ដែលបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការផ្តល់សេវាស្តារលទ្ធភាពពលកម្មពីចម្ងាយ សម្រាប់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម ដែលធ្វើនៅក្នុងខែឧសភា ឆ្នាំ២០២០ និងវគ្គបណ្តុះបណ្តាលសម្រាប់មណ្ឌលស្តារនៅគៀនឃ្លាំងដែលស្ថិតនៅទីក្រុងភ្នំពេញ ធ្វើនៅខែធ្នូ ឆ្នាំ២០២០។

ដោយវគ្គបណ្តុះបណ្តាលទាំងពីរខាងលើនេះទទួលបានជោគជ័យ កាលពីថ្ងៃទី ៣ និងទី៤ ខែឧសភា ឆ្នាំ២០២១ អង្គការ Humanity and Inclusion បានសហការជាមួយមូលនិធិជនពិការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលតាមអ៊នឡាញ ស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មពីចម្ងាយ សម្រាប់មណ្ឌលស្តារ នៅខេត្តសៀមរាប ព្រៃវែង ក្រចេះ និងតាកែវ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ការយល់ដឹងអំពីគោលការណ៍ និងសារៈសំខាន់នៃសេវាស្តារលទ្ធភាពពលកម្មពីចម្ងាយ។ បុគ្គលិករបស់មណ្ឌលស្តារដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានរៀនសូត្រពីលក្ខខណ្ឌនានាក្នុងការធ្វើផែនការស្តារលទ្ធភាពពលកម្មពីចម្ងាយ ដ៏ដូចជាដឹងពីដំណើរការ និងឧបករណ៍ស្តារ និងវិធីសាស្រ្តក្នុងការអនុវត្តន៍លើការងារ និងតាមដានការងារស្តារលទ្ធភាពពលកម្មពីចម្ងាយនៅមណ្ឌលស្តារ។​

អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាល បានចូលរួមពិភាក្សាយ៉ាងសកម្ម និងសម្តែងជាអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់សេវាពីចម្ងាយ ដល់ជនមានពិការភាព។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS បានគាំទ្រដល់មណ្ឌលស្តារ៥ ក្នុងចំណោមមណ្ឌលស្តារទាំង១១នៅកម្ពុជា ដូចជាមណ្ឌលស្តារនៅខេត្តសៀមរាប នៅគៀនឃ្លាំង (ភ្នំពេញ) ព្រៃវែង ក្រចេះ និងតាកែវ។ ACCESS ក៏បានគាំទ្របន្ថែមដល់មណ្ឌលស្តារនៅខេត្តកំពង់ចាមផងដែរ តាមរយៈកិច្ចអន្តរាគមន៍ជាតិ ដូចជាការអភិវឌ្ឍគោលនយោបាយ និងគោលការណ៍ណែនាំ និងគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាពផងដែរ៕