ពិការភាពមិនអាចរារាំងណារ៉េតមិនឱ្យបន្តក្តីសុបិន្តរបស់គាត់បានទេ

ពិការភាពមិនអាចរារាំងណារ៉េតមិនឱ្យបន្តក្តីសុបិន្តរបស់គាត់បានទេ

ឈួយ ណារ៉េត មានកម្សោយផ្នែករាងកាយ។ ក្នុងវ័យកុមារភាពរបស់គាត់ គាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ត នៅពេលគាត់ប្រឈមមុខនឹងការរើសអើង និងមិនត្រូវបានលើកទឹកចិត្ត។ ទោះយ៉ាងណាក៏ដោយ កត្តាទាំងនេះមិនបានរារាំងគាត់មិនឱ្យបន្តក្តីសុបិន្តរបស់គាត់ ដើម្បីក្លាយជាមនុស្សដែលពឹងផ្អែកលើខ្លួនឯងទេ។

ដោយមានការគាំទ្រពីកម្មវិធី ACCESS របស់អូស្រ្តាលី ណារ៉េតបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដើម្បីកែលំអរអាជីវកម្មរបស់គាត់ និងបានចូលរួមជាមួយបណ្តាញសហគ្រិន។ ក្នុងកំឡុងពេលការរាតត្បាតរបស់ជំងឺកូវីដ-១៩ ណារ៉េត បានដេរកាបូប សម្លៀកបំពាក់នារី និងម៉ាស់ ព្រមទាំងគ្រឿងអលង្ការសម្រាប់លក់ផងដែរ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពី Agile Development Group ដែលជាសហគ្រាសសង្គម បង្កើតឱកាសសេដ្ឋកិច្ចដល់ជនមានពិការភាព ដើម្បីលើកកម្ពស់បរិយាបន្នភាព និងឯករាជ្យភាព បច្ចុប្បន្ននេះ ណារ៉េត កំពុងគ្រប់គ្រងការលក់ផលិតផលរបស់គាត់តាមអ៊ិនធឺណេត តាមរយៈទំព័រហ្វេសប៊ុក ដែលលោកអ្នកអាចទិញផលិតផលរបស់គាត់បានគឺ Nareth – Wear Your Elephant

ណារ៉េត បាននិយាយថា៖ «ក្តីសង្ឃឹមមិនបាត់បង់ទេ ដរាបណាយើងនៅមានជីវិត។ ពេលដែលអ្នកអស់កម្លាំង អ្នកអាចសម្រាកបាន ប៉ុន្តែអ្នកមិនអាចឈប់បានទេ។ អ្នកត្រូវតែបន្តដំណើររបស់អ្នក»។

កម្មវិធី ACCESS បង្កើតឡើង ដោយមានការគាំទ្រជាយូរមកហើយរបស់យើង ដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រីនៅកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អូស្រ្តាលី ក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍដែលរាប់បញ្ចូលពិការភាពនៅក្នុងតំបន់របស់យើង៕