ព័ត៌មានចុងក្រោយ

ក្នុងសប្តាហ៍នេះ ឯកអគ្គរាជទូតអូស្ត្រាលី Pablo Kang បានបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីសកម្មភាពនៃកម្មវិធីជំនួយអូស្រ្តាលីដោយផ្ទាល់។ នៅខេត្តសៀមរាប ឯកអគ្គរាជទូត បានពិនិត្យមើលសកម្មភាពគម្រោងមួយចំនួន ក្រោមការអនុវត្តកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី~កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)។ (more…)


កម្មវិធី ACCESS មានមោទនភាពក្នុងការប្រកាសអំពីអង្គការដៃគូអភិវឌ្ឍន៍ចំនួន១៣ ដែលមកពីអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដែលនឹងធ្វើការងារសំដៅចូលរួមចំណែកដល់ការពង្រឹងលទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព និងស្ត្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ កម្មវិធី ACCESS បានជ្រើសរើសអង្គការដៃគូអភិវឌ្ឍន៍តាមរយៈដំណើរការជ្រើសរើសដែលមានភាពប្រកួតប្រជែង ដឹកនាំដោយក្រុមការងារយន្តការវិនិយោគដែលមានភាពប្រកួតប្រជែង។ (more…)


ដើម្បីអបអរសាទរទិវាជនមានពិការភាពជាតិ និងអន្តរជាតិ ស្ថានទូតអូស្រ្តាលីមានមោទនភាពក្នុងការចែករំលែកដំណើររឿងជីវិតរបស់លោកស្រី ងួន សុភ័ក្រ កានីកា ដូចតទៅ៖ ទោះបីជាជួបបញ្ហាប្រឈមជាច្រើនក្នុងនាមជាស្រ្តីមានពិការភាព ក៏ដោយ ក៏លោកស្រី កានីកា បានបញ្ជប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសង្គមកិច្ច ហើយបច្ចុប្បន្នកំពុងបម្រើការងារជាគ្រូបង្រៀនកម្រិតឧត្តមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លទ្ធភាពទទួលបានការអប់រំមិនមែនជារឿងងាយស្រួលនោះទេសម្រាប់លោកស្រី។ “មិត្តរួមថ្នាក់របស់ខ្ញុំមើលមកខ្ញុំដូចជាមនុស្សចំលែកដោយសារខ្ញុំមានពិការភាព”។ ទោះយ៉ាងណា ពិការភាពពុំបានរារាំងការសម្រេចក្តីសុបិន្តរបស់លោកស្រីដើម្បីក្លាយជាគ្រូបង្រៀននោះទេ។​ ផ្ទុយទៅវិញ វាបានជួយឱ្យលោកស្រីដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ក៏ដូចជាក្នុងឆាកអន្តរជាតិ។  លោកស្រីបានមានប្រសាសន៍ថា៖ “ទោះបីជាអ្នកប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ សូមកុំបោះបង់ អ្នកត្រូវបន្តដំណើរទៅមុខដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្ត ថ្ងៃណាមួយក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត” ។ លោកស្រី កានីកា កាន់តែមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលលោកស្រីទទួលបានឱកាសចុះធ្វើកម្មសិក្សានៅស្ថាតទូតអូស្រ្តាលី នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយរឹតតែមានទំនុកចិត្តខ្លាំងជាងមុន នៅពេលដែលលោកស្រីបានទៅចូលរួមសិក្សារយៈពេលខ្លីដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍អូស្រ្តាលី។ សព្វថ្ងៃនេះ លោកស្រី កានីកា កំពុងចូលរួមចែករំលែកចំណេះដឹង និងជំនាញរបស់លោកស្រីដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ កម្មវិធី ACCESS គឺជាកម្មវិធីដែលស្ថិតក្រោមការផ្តួចផ្តើម និងគាំទ្រដោយ រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលដៅពង្រឹងនិរន្តរភាព គុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។


ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម ៥នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ៦៤ឆ្នាំ បានរាយការណ៍ថាបានជួបប្រទះនឹងអំពើហិង្សាលើរាងកាយ ឬផ្លូវភេទដោយដៃគូជិតស្និទ្ធនៅក្នុងជីវិតរបស់ពួកគេ។ ស្ត្រីដែលមានពិការភាពកាន់តែងាយទទួលរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់។ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) គាំទ្រស្ត្រីគំរូដូចជាអ្នកស្រី ងិន សារិន មន្រ្តីនគរបាលយុត្តិធម៌មកពីមន្ទីរកិច្ចការនារីខេត្តសៀមរាប។ មន្រ្តីនគរបាលយុត្តិធម៌ដូចជាអ្នកស្រី ងិន សារិន កំពុងជួយឱ្យជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រទទួលបានសិទ្ធិទទួលបានយុត្តិធម៌។ អ្នកស្រី ងិន សារិន ថ្លែងថា៖ “ខ្ញុំពិតជារីករាយដែលបានជួយដល់ជនរងគ្រោះដោយសារអំពើហិង្សានៅពេលពួកគេត្រូវការជំនួយ។ តួនាទីសំខាន់របស់យើងគឺដាក់ពាក្យបណ្តឹងជូនជនរងគ្រោះដែលជាជនងាយរងគ្រោះ ឬជួបវិបត្តិផ្លូវចិត្ត រៀបចំរបាយការណ៍ ធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌ និងតាមដានករណីតុលាការ រួមទាំងសវនាការ និងការផ្តន្ទាទោស”។ អ្នកស្រីបន្តថា៖ “ខ្ញុំសូមលើកទឹកចិត្តដល់ជនរងគ្រោះទាំងអស់ដែលបានឆ្លងកាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រមកទទួលជំនួយពីយើង។ នៅទីនេះយើងផ្តល់ជំនួយដែលពួកគេត្រូវការ”។ តាមរយៈគម្រោងដែលគាំទ្រដោយអូស្រ្តាលីយុទ្ធនាការ ១៦ថ្ងៃ នៃការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រកំពុងផ្តល់ក្តីសង្ឃឹមចំពោះសកម្មភាពរបស់កម្ពុជាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។


ថ្ងៃចន្ទទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាទិវាអន្តរជាតិប្រឆាំងនឹងហិង្សាទៅលើស្រ្តី និងក្មេងស្រី និងជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ យុទ្ធនាការ ១៦ ថ្ងៃ តែងតែអំពាវនាវឱ្យមានសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលត្រូវបានពិភពលោកចាត់ទុកថាជាអំពើរំលោភសិទ្ធិមនុស្សដ៏រ៉ាំរ៉ៃ។ ក្នុងរយៈពេល ១៦ ថ្ងៃនៃយុទ្ធនាការនេះ ប្រជាជនទូទាំងពិភពលោកនឹងរួបរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ បញ្ហាប្រឈមទាក់ទងនឹងឥរិយាបទរើសអើងលើស្រ្តី និងអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវសេវាផ្លូវច្បាប់ និងការទទួលបានសេវាដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS នឹងចូលរួមគាំទ្រដល់ដៃគូរបស់ខ្លួនគឺក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តនៅតាមខេត្តគោលដៅទាំងបីគឺខេត្តកំពង់ស្ពឺ កំពង់ចាម និងសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នានាសំដៅជម្រុញការចូលរួមរបស់យុវជនក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី និងលើកកម្ពស់ការយល់ដឹងអំពីបុព្វហេតុ និងផលប៉ះពាល់នៃអំពើហិង្សា។


កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្រ្តាលីបានសហការជាមួយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បាទា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សសកម្មភាពជនពិការ​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ក្នុងខេត្តគោលដៅទាំង ៣​(ខេត្តសៀមរាប កំពង់ចាម​ និងកំពង់ស្ពឺ) ដើម្បីពិភាក្សាអំពីយន្តការនៃការសម្របសម្រួលការងារ និងការអនុវត្តកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)។ កម្មវិធី ACCESS ផ្តល់ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធនានាសំដៅចូលរួមចំណែកពង្រឹងការទទួលបានសេវា និងសិទ្ធិជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)។ កម្មវិធី ACCESS បានណែនាំពីសកម្មភាពនានាក្នុងខេត្តគោលដៅទាំង ៣​ ដែលគាំទ្រដល់ការទទួលបានសេវារបស់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សកម្មភាពទាំងនោះរួមមានការផ្តល់ការគាំទ្រដល់ការបង្កើត និង/ឬពង្រឹងយន្តការសម្របសម្រួល និងបញ្ជូន សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ការទទួលបានឱកាសការងារសម្រាប់ជនមានពិការភាព សេវាសុខភាព ជំនួយផ្នែកផ្លូវច្បាប់ និងសេវាសង្គមនានាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សិក្ខាសាលានេះទទួលបានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធប្រមាណជាង ២០០ នាក់។


លោកអនុប្រធានទូត Luke Arnold បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅកម្ពុជា»។ គោលការណ៍ណែនាំដែលបង្កើតឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាសកម្មភាពជនពិការនេះបានបង្កើតស្តង់ដារបច្ចេកទេសសម្រាប់អ្នកសាងសង់ ស្ថាបត្យករ និងអ្នករចនាក្នុងការរចនា និងសាងសង់បរិដ្ឋានរូបវ័ន្តសមស្របសម្រួលឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។ ការគាំទ្ររបស់អូស្ត្រាលីមានទាំងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រដល់ជនមានពិការភាពអាចប្រើប្រាស់ទីតាំងសាធារណៈប្រកបដោយសមភាព និងអាចមានសិទ្ធិពលរដ្ឋពេញលេញ៕


កាលពីពេលថ្មីៗនេះ ក្រសួងកិច្ចការនារីបានសហការជាមួយកម្មវិធី ACCESS រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៣ (NAPVAW III) ជាមួយស្រ្តីមានពិការភាព។ នេះគឺជាលើកដំបូងដែលស្រ្តីមានពិការភាពមានឱកាសចូលរួមក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាង NAPVAW III។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីពិនិត្យឡើងវិញនូវសេចក្ដីព្រាង NAPVAW III និងធាតុចូលនូវចំណុចដែលបាត់ ចន្លោះប្រហោង និងយោបល់ផ្សេងៗ ដែលឆ្លើយតបទៅនឹងតម្រូវការ​ និងបញ្ហារបស់ស្ត្រីមានពិការភាពដែលរងផលប៉ះពាល់ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។


រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៖ កម្មវិធី ACCESS បានសម្របសម្រួលរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃកន្លះស្តីពីការរៀ​បចំផែនការសកម្មភាពរួមដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពី​ការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះគឺជាជំហានចុងក្រោយដែលបានផ្តល់ឱកាសដល់ដៃគូទាំងអស់រៀបចំ និងធានាបាននូវផែនការសកម្មភាពរួមគ្នាសម្រាប់ផ្នែកទាំងពីរដែលមានលក្ខណៈពេញលេញ ហើយអាចធ្វើទៅបាន​ ក៏ដូចជាជុំរញការសម្របសម្រួល និងការសហការគ្នារវាងផ្នែកទាំងពីរ។


កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងកិច្ចការនារីបានសហការជាមួយកម្មវិធី ACCESS រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សា​​ជាមូលដា្ឋនដល់ស្រ្តី និងក្មេងសី្រជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រដល់មន្រ្តីមកេពីក្រសួងកិច្ចការនារី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល​៣ថ្ងៃនេះគឺដើម្បីផ្តល់ការណែនាំដល់អ្នកសម្របសម្រួលបង្គោលអំពីសៀវភៅបណ្តុះបណ្តាលស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សា​​ជាមូលដា្ឋនដល់ស្រ្តី និងក្មេងសី្រជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ និងអភិវឌ្ឍន៍សមត្ថភាពដល់មន្រ្តីក្រសួងកិច្ចការនារីដើម្បីឱ្យពួកគេអាចផ្តល់​វគ្គបណ្តុះបណ្តាលនេះ​បន្តទៅ​អ្នកពាក់ព័ន្ធផ្សេងទៀត។