រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់យុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី!

រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់យុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី!

ថ្ងៃចន្ទទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាទិវាអន្តរជាតិប្រឆាំងនឹងហិង្សាទៅលើស្រ្តី និងក្មេងស្រី និងជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ យុទ្ធនាការ ១៦ ថ្ងៃ តែងតែអំពាវនាវឱ្យមានសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលត្រូវបានពិភពលោកចាត់ទុកថាជាអំពើរំលោភសិទ្ធិមនុស្សដ៏រ៉ាំរ៉ៃ។ ក្នុងរយៈពេល ១៦ ថ្ងៃនៃយុទ្ធនាការនេះ ប្រជាជនទូទាំងពិភពលោកនឹងរួបរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ បញ្ហាប្រឈមទាក់ទងនឹងឥរិយាបទរើសអើងលើស្រ្តី និងអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវសេវាផ្លូវច្បាប់ និងការទទួលបានសេវាដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS នឹងចូលរួមគាំទ្រដល់ដៃគូរបស់ខ្លួនគឺក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តនៅតាមខេត្តគោលដៅទាំងបីគឺខេត្តកំពង់ស្ពឺ កំពង់ចាម និងសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នានាសំដៅជម្រុញការចូលរួមរបស់យុវជនក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី និងលើកកម្ពស់ការយល់ដឹងអំពីបុព្វហេតុ និងផលប៉ះពាល់នៃអំពើហិង្សា។