រដ្ឋាភិបាលអូស្រ្តាលី ផ្តល់សម្ភារការពារបន្ថែម ដល់ជនមានពិការភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

រដ្ឋាភិបាលអូស្រ្តាលី ផ្តល់សម្ភារការពារបន្ថែម ដល់ជនមានពិការភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ក្រុមងាយរងគ្រោះ ជាពិសេសជនមានពិការភាព​ មានហានិភ័យខ្ពស់ក្នុងការឆ្លងនៅពេលទៅទទួលសេវាសាធារណៈ។ ជាមួយគ្នានេះដែរ មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក៏មានការលំបាកក្នុងការផ្តល់សេវាដល់ជនមានពិការភាព កំឡុងពេលរាតត្បាត ដោយសារការវិធានការរឹតបន្តឹង និងគម្លាតសង្គម ព្រមទាំងកង្វះខាតនូវឧបករណ៍ទំនាក់ទំនង និងសម្ភារសម្រាប់ផ្តល់សេវាប្រកបដោយសុវត្ថិភាព។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១​ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) នៅក្នុងកិច្ចសហការជាមួយអង្គការ Humanity and Inclusion(HI) បានផ្តល់សម្ភារការពារបន្ថែម និងសម្ភារទំនាក់ទំនងដល់មូលនិធិជនពិការ និងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទំាង៩។ សម្ភារទាំងនេះ នឹងប្រើជាប្រយោជន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាស្តារ ផ្តល់ដល់អតិថិជនដែលជាជនមានពិការភាព ដែលគម្រោងបានគាំទ្រ។ សម្ភារដែលបានប្រគល់រួមមាន ម៉ាស់វេជ្ជសាស្រ្តចំនួន ១៨៩៥០០ម៉ាស់ ជេលលាងដៃចំនួន៤០៦០ដប អាល់កុលសម្លាប់មេរោគចំនួន១៤៤០ដប សាប៊ូ៤០០០ដុំ ទែរម៉ូម៉ែត្រចំនួន១៦ និងថាបប្លែតចំនួន១០ ដែលជួយឱ្យអ្នកផ្តល់សេវាងាយស្រួលក្នុងការផ្តល់សេវាស្តារពីចម្ងាយ។ សម្ភារទំនាក់ទំនងផ្សេងទៀតក៏ត្រូវបានផ្តល់ដែរ រួមមាន ទូរទស្សន៍ចំនួន៥គ្រឿង កាមេរ៉ា១គ្រឿង កាមេរ៉ាសម្រាប់កិច្ចប្រជុំឬព្រឹត្តិការផ្សេងៗចំនួន១គ្រឿង កូនសៀវភៅផ្សព្វផ្សាយចំនួន២៥០០ និងខិតប័ណ្ណចំនួន៤៥០១។

អ្នកចូលរួមនៅក្នុងពិធីប្រគល់ទទួលនោះរួមមាន តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ក្រុមការងារកម្មវិធីACCESS មូលនិធិជនពិការ មណ្ឌលស្តារចំនួន៩ នៅតាមបណ្តារខេត្តផ្សេងៗ មានដូចជា កំពង់ចាម សៀមរាប តាកែវ ព្រៃវែង ស្វាយរៀង គៀនឃ្លាំង(ភ្នំពេញ) កណ្តាល កំពង់ឆ្នាំង និងព្រះស៊ីហនុ។ អង្គការ HI, and Exceed Worldwide in Cambodia ក៏មានវត្តមាននៅក្នុងពិធីនោះដែរ។

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ទទួលនោះថា៖ «រដ្ឋាភិបាលអូស្រ្តាលីបានបានបន្តដាក់ក្រុមជនងាយរងគ្រោះ ជាពិសេសជនមានពិការភាពជាចំណុចស្នូលនៃការឆ្លើយតបជំងឺកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារឡើងវិញ។ រដ្ឋាភិបាលរបស់យើង បានអនុម័តនូវការបន្តកម្មវិធី ACCESSចំនួន២ឆ្នាំទៀត រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ហើយយើងមានក្តីសោមនស្សណាស់ដែលបានបន្តការងារជាមួយមូលនិធិជនពិការ ដើម្បីធានាបានថា សេវាចាំបាច់ ដូចជាសេវាស្តារនៅតែអាចបានផ្តល់ ប្រកបដោយគុណភាពកំឡុងពេលនិងក្រោយពេលវិបត្តិកូវីដ-១៩ »។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានប្រសាសន៍ថា​ មណ្ឌលស្តារបន្តការផ្តល់សេវាពីចម្ងាយដល់ជនមានពិការភាពក្នុងកំឡុងពេលវិបត្តិកូវីដ-១៩។ លោកមានការកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈ ACCESS រួមទាំងការផ្តល់នូវសម្ភារការពារកូវីដ-១៩ និងសម្ភារទំនាក់ទំនង។ លោកសង្ឃឹមថា ការគាំទ្រនេះ នឹងចូលរួមពង្រឹងកិច្ចការងាររបស់មណ្ឌលស្តារ ប្រកបដោយប្រសិទ្ធិភាពក្នុងការគ្រប់គ្រង និងអាចផ្តល់សេវាប្រកបដោយគុណភាព និងនិរន្តភាពសម្រាប់ជនមានពិការភាព ក្រុមគ្រួសាររបស់ពួកគេ និងសង្គម៕