លោក ផាន់ សុភាព៖ម្ចាស់ហាងហ្វូតូកូពី
លោក ផាន់ សុភាព មានទីលំនៅ នៅខេត្តបាត់ដំបង។ សុភាព គឺជាយុវជនឯករាជ្យម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យានិងឈានទៅបើកហាងហ្វូតូកូពីបានដោយខ្លួនឯង។ ក្រៅពីធ្វើជាម្ចាស់ហាងហ្វូតូកូពី គាត់ក៏ធ្វើការក្រៅម៉ោងជាមួយអង្គការតំណាងជនមានពិការភាព (OPD) ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពផងដែរ។ លោក សុភាព ប្រឈមមុខនឹងបញ្ហាពិការភាពរាងកាយតាំងពីកុមារភាព។
លោក ផាន់ សុភាព រស់នៅក្នុងខេត្តបាត់ដំបង ហើយមានជំងឺប្រចាំកាយតាំងពីតូច។ គាត់បានជួបប្រទះការរើសអើងនៅពេលគាត់សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា។ មិត្តភ័ក្តិរបស់គាត់ធ្វើត្រាប់តាមដំណើររបស់គាត់ ហើយសើចចំអកចំពោះពិការភាពរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការមាក់ងាយអវិជ្ជមាននេះមិនបានបញ្ឈប់ សុភាព ពីភាពជាម្ចាស់ការលើខ្លួនឯង និងការតាំងចិត្តក្នុងការសម្រេចបាននូវអនាគតរបស់គាត់នោះទេ។ គាត់បានបន្តទៅសាលារៀន ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ដែលនាំឱ្យគាត់អាចបើកហាងហ្វូតូកូពីបានរហូតដល់សព្វថ្ងៃ។
សុភាព មានសុទិដ្ឋិនិយម និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ។ ក្រៅពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ សុភាពបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែករចនាក្រាហ្វិក ការនិយាយជាសាធារណៈ និងការស្វែងរកមតិគាំទ្រ។ លោក សុភាព ក៏កំពុងធ្វើការក្រៅម៉ោងជាមួយអង្គការតំណាងជនមានពិការភាព (OPD) ផងដែរ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពស្វែងយល់បន្ថែមអំពី បញ្ហាប្រឈមរបស់គាត់ និងសម្របសម្រួលឱ្យមានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាព។ គាត់បានចាប់ផ្តើមហាងហ្វូតូកូពីរបស់គាត់ជាមួយនឹងកុំព្យូទ័រមួយគ្រឿងនិងម៉ាស៊ីនហ្វូតូកូពីមួយគ្រឿងប៉ុណ្ណោះ ក្រោយមកទៀត គាត់បានពង្រីកសេវារបស់គាត់ ជាមួយនឹងម៉ាស៊ីនហ្វូតូកូពីជាច្រើនគ្រឿង និងកុំព្យូទ័រជាច្រើនទៀត ដើម្បីផ្តល់សេវាជាច្រើនប្រភេទដល់អតិថិជន។
លោក សុភាព សូមផ្ញើសារលើកទឹកចិត្តទៅកាន់ជនមានពិការភាពដទៃថា៖ «ប្រសិនបើអ្នកចង់បានជោគជ័យក្នុងការងារអ្វីមួយ អ្នកត្រូវតែមានការតាំងចិត្តនិងផ្តោតជាសំខាន់ទៅលើវា បន្តសំដៅទៅមុខ រៀនជំនាញថ្មីៗ ហើយសំខាន់បំផុតកុំបោះបង់»៕