វគ្គបណ្តុះបណ្តាលជំនាញ និងចំណេះដឹងតាមបែបឌីជីថលទៅដល់មន្រ្តីរដ្ឋាភិបាល អង្គការជនពិការ និងដៃគូរអនុវត្តគម្រោងរបស់កម្មវិធី ACCESS

វគ្គបណ្តុះបណ្តាលជំនាញ និងចំណេះដឹងតាមបែបឌីជីថលទៅដល់មន្រ្តីរដ្ឋាភិបាល អង្គការជនពិការ និងដៃគូរអនុវត្តគម្រោងរបស់កម្មវិធី ACCESS

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ វិធីនៃការធ្វើការងារបានផ្លាស់ប្តូរនៅកម្ពុជា ដោយកែប្រែរបៀបធ្វើការ និងអនុវត្តន៍សកម្មភាពផ្សេងៗតាមប្រព័ន្ធអនឡាញវិញ។ ដូច្នេះ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងមុខងាររបស់វា បានតើតួនាទីយ៉ាងសំខាន់ដើម្បីបន្សាំ និងធ្វើការងារតាមវិធីថ្មីនេះ ឱ្យបានជោគជ័យ។

កាលពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលីកម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS)  អ៊ែដ្យាយល៍ឌឺវេឡុមម៉ិនគ្រុប បានរៀបចំវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពីចំណេះដឹងតាមបែបឌីជីថល។ គោលបំណងទូទៅនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានស្តីពីការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង សម្រាប់ធ្វើការពីចម្ងាយ ដែលប្រព័ន្ធទាំងនោះរួមមាន Zoom  និង Google Suite ដែលអ្នកចូលរួមអាចធ្វើការយ៉ាងមានប្រសិទ្ធភាព និងសហការបានយ៉ាងល្អជាមួយដៃគូរ គម្រោងក្នុងបរិបទថ្មីនេះ។

អ្នកចូលរួមនៅក្នុងវគ្គបណ្តុះនេះរួមមានអ្នកចូលរួមសរុបមានចំនួន៤២នាក់ តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាប ព្រមទាំងតំណាងមកពីអង្គការជនពិការ និងដៃគូរអនុវត្តគម្រោងរបស់កម្មវិធី ACCESS។ អ្នកចូលរួមទាំងនោះបានផ្តល់នូវមតិយោបល់វិជ្ជមាន អំពីវគ្គបណ្តុះបណ្តាលនេះ។ ជាក់ស្តែង ៩៥,៨៣ភាគរយនៃអ្នកចូលរួមចូលចិត្តវគ្គបណ្តុះបណ្តាលនេះ ហើយ៨៣,៣៣ភាគរយនៃអ្នកចូលរួម បាននិយាយថា កម្មវិធីសិក្សាឆ្លើយតបនឹងអ្វីដែលគាត់រំពឹងទុក។ អ្នកចូលរួម ៦០ភាគរយ និយាយថាមេរៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺមានប្រយោជន៍ណាស់ ចំពោះពួកគាត់ក្នុងការអនុវត្តន៍ការងារ និង៤០ភាគរយនិយាយថា វាមានប្រយោជន៍ចំពោះការងាររបស់គាត់៕