វគ្គបណ្តុះបណ្តាលស្តីពី បរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាលស្តីពី បរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ចាប់ពីថ្ងៃទី២០​ដល់២២ខែកក្កដា អង្គការADD International​ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីពីបរិយាបន្នពិការភាពទៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមចំនួន៣៣នាក់ ដែលជាតំណាងមកពីក្រុមជួយខ្លួនឯង សហព័ន្ធស្រ្តីមានពិការភាព និងអង្គការជនពិការ។ អ្នកចូលរួមទាំងនោះត្រូវបានជ្រើសរើសមកពីខេត្តគោលដៅទាំង៣របស់គម្រោង IDEA  មានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ និង កំពង់ស្ពឺ។

វគ្គបណ្តុះបណ្តាលនេះ មានគោលដៅបញ្ជ្រាបបរិយាបន្នពិការភាពនៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងចំណោមអង្គការជនពិការ និងក្រុមជួយខ្លួនឯង។ សិក្ខាសាលានេះក៏ចូលរួមចំណែកផងដែរក្នុងការកសាងសមត្ថភាពរបស់គេ ក្នុងការឆ្លើយតបពហុវិស័យរ រួមទាំងពិការភាព និង អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្មវិធី ACCESS ធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។

អង្គការADD International គឺជាដៃគូអនុវត្តថ្មីរបស់គម្រោងACCESS ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវគម្រោងIDEA ដែលមានគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹង និងការចែករំលែកចំណេះដឹងជាពហុវិស័យរវាងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្នែកពិការភាព ដែលចូលរួមចំណែកសម្រេចនូវគោលបំណងជារួមរបស់ACCESS ក្នុងការផ្តល់ឱកាសដល់ស្រ្តី និងក្មេងស្រីដែលមានពិការភាព ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនិងយេនឌ័រទទួលបានសេវាប្រកបដោយបរិយាបន្ន និរន្តភាព និងសមធម៌។

លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បាន បញ្ជាក់ថា៖ «ស្រ្តីមានពិការភាព ភាគច្រើនប្រឈមនឹងការលំបាកជាងគេនៅក្នុងសេវាសាធារណៈ និងឯកជន រួមមានការទទួលបាននូវសេវាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ។​ ស្រ្តី​​ និងកុមារីមានពិការភាព ជួបប្រទះការរើសអើងទ្វេរដង ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សាទាក់ទងនិងយេនឌ័រ ការរំលោភបំពានផ្លូវភេទ  និងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម»។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអូស្រ្តាលី ដែលបន្តគាំទ្រដល់ផ្នែកពិការភាព និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈកម្មវិធីACCESS នៅកម្ពុជាដើម្បីធ្វើឱ្យវាមានភាពកាន់តែប្រសើរឡើង និងទទួលបានសេវាកម្មប្រកបដោយគុណភាព»។

លោក លន់ បូរិទ្ធី នាយកប្រចាំប្រទេសអង្គការ ADD International បានគូសបញ្ជាក់ថា៖ «នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ជាមួយកម្មវិធីACCESS ហើយវាជាកម្មវិធីពិសេស ពីព្រោះយើងអាចទំនាក់ទំនងជាមួយដៃគូរដ្ឋាភិបាលរួមមាន ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការគាំទ្រពីកម្មវិធីACCESS ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះកើតឡើងបាន»។

អ្នកចូលរួមម្នាក់មកពីស្រុកសំរោងទង បាននិយាយថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យគាត់នូវការយល់ដឹងបន្ថែមពីបរិយាបន្នពិការភាពនៅក្នុងសេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយគាត់នឹងចែករំលែកចំណេះដឹងនេះបន្តទៅសហគមរបស់គាត់នៅពេលត្រលប់ទៅផ្ទះវិញ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបញ្ចប់ជាមួយលោកស្រី អាន រូខៀវ ប្រធានកម្មវិធីACCESS លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក លន់ បូរិទ្ធី នាយកប្រចាំប្រទេសអង្គការ ADD International ដែលបានប្រគល់លិខិតបញ្ជាក់ការសិក្សាទៅដល់អ្នកចូលរួមទាំងអស់៕