វគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រពីចម្ងាយសម្រាប់មន្រ្តីនាយកដ្ឋានសុខមាលភាពជនពិការ

វគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រពីចម្ងាយសម្រាប់មន្រ្តីនាយកដ្ឋានសុខមាលភាពជនពិការ

កំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រុមងាយរងគ្រោះ ជាពិសេសជនមានពិការភាព​ និងជងរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រឈមនឹងភាពតានតឹងផ្លូវចិត្ត និងភាពឯកោ។ ដូច្នេះ ការគាំទ្រផ្លូវចិត្តពីចម្ងាយ បានដើរតួនាទីសំខាន់មួយ ដើម្បីធានាបាននូវការបន្តផ្តល់សេវា ក្នុងពេលមានជំងឺរាតត្បាត។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS)  បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កាលពីថ្ងៃទី១ និងទី២ ខែកក្តដា ឆ្នាំ២០២១ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) និងក្រសួងកិច្ចការនារី និងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS នាយកដ្ឋានសុខមាលភាពជនពិការ ក្រោមក្រសួងសង្គមកិច្ច យុទ្ធជននិងយុវនីតិសម្បទា បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបឋមផ្លូវចិត្ត និងការគាំទ្រពីចម្ងាយសម្រាប់មន្រ្តី១៧រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យអ្នកផ្តល់សេវា / មន្រ្តីនៃនាយកដ្ឋានសុខុមាលភាពជនពិការ អាចផ្តល់ជំនួយ និងការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយដល់ក្រុមគោលដៅ ជាពិសេសស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ​ ក្នុងកំឡុងពេលនៃការរីករាលដាលដោយជំងឺកូវីដ-១៩។

អ្នកចូលរួមវគ្គបណ្តុះបណ្តាលរួមមាន តំណាងនាយកដ្ឋានសុខុមាលភាពជនពិការក្រោមក្រសួងសង្គមកិច្ច យុទ្ធជននិងយុវនីតិសម្បទា ក្រសួងកិច្ចការនារី តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS។

លោកស្រី អាន រូខៀវ ប្រធានកម្មវិធី ACCESS បានសម្តែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងកិច្ចប្រឹងប្រែងរបស់នាយកដ្ឋានសុខមាលភាពជនពិការ និងក្រសួងកិច្ចការនារី ជាពិសេសកំឡុង ពេលមានជំងឺរាតត្បាtជំងឺកូវីដ-១៩ នៅក្នុងការគាំទ្រសេវាប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព សម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។​ លោកស្រី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារះសំខាន់ណាស់ ដើម្បីជាជំនួយដល់អ្នកផ្តល់សេវាចាំបាច់ ដើម្បីជាចំណេះដឹងបន្ថែម ក្នុងការផ្តល់ជំនួយបឋម និងការគាំទ្រផ្នែកផ្លូវចិត្ត ដល់ជនងាយរងគ្រោះកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រី ក៏មានកោតសរសើរដល់ក្រុមការងារTPO ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះ។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ បានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់នៅក្នុងការការអនុវត្តនូវសេវាទំនាក់ទំនងបន្ទាន់ លេខ«១២៧០» ដើម្បីផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់សម្រាប់ជនមានពិការភាព។ លោក ម៉ាលីណូ មានការកោតសរសើរ ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS  ចំពោះនាយកដ្ឋានសុខមាលភាពជនពិការ ដើម្បីជាជំនួយដល់ជនមានពិការភាព។

វគ្គបណ្តុះបណ្តាលនេះ ​បានប្រព្រឹត្តិទៅដោយជោគជ័យ នៅក្នុងការផ្ទេរជំនាញចាំបាច់ និងពាក់ព័ន្ធ ដល់ការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីរដ្ឋាភិបាល សម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ជនងាយរងគ្រោះ ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩៕