វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តីនិងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តីនិងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កាលពីថ្ងៃទី២៧ និង២៨ ខែសីហា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំ ក្នុងការបញ្ជូនស្រ្តីនិងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ»។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនជំនាញក្នុងការគ្រប់គ្រងករណី និងការបញ្ជូនដោយផ្តោតលើគោលការណ៍យកចិត្តទុកដាក់លើជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ  និងសិក្សាបន្ថែមទៀតអំពីការចុះបញ្ជីករណី ទម្រង់បញ្ជូន និងការប្រមូលទិន្នន័យ។

អ្នកចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ភ្នាក់ងារ និងមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារីមកពីថ្នាក់ជាតិ និងថ្នាក់ខេត្តដែលមកពីខេត្តទាំង៨រួមមាន សៀមរាប កំពង់ស្ពឺ កំពង់ចាម ព្រះស៊ីហនុ ត្បូងឃ្មុំ ព្រះវិហា និងស្ទឹងត្រែង។

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺជាឧទាហារណ៏ជាក់ស្តែងមួយនៃការអនុវត្តគម្រោង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ។ គោលការណ៍ណែនាំ និងការគ្រប់គ្រងករណីបញ្ជូន គឺជាសមិទ្ធិផលមួយដ៏សំខាន់នៃភាពជាដៃគូរបស់រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលីឆ្ពោះទៅរកការបញ្ចប់អំពើហិង្សាលើស្រ្តីឆ្នាំ២០១៤-២០១៧។

លោកស្រីបានបន្ថែមទៀតថា៖«ដើម្បីធានាបាននូវការអនុម័ត និងការប្រើប្រាស់គោលការណ៍ណែនាំទាំងនេះឱ្យមានប្រសិទ្ធិភាព យើងចាំបាច់ត្រូវបន្តវិនិយោគលើការអភិវឌ្ឍសមត្ថភាពរបស់អ្នកផ្តល់សេវា។ គោលការណ៍ណែនាំនេះគឺជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីបង្ហាញជម្រើសសម្រាប់ជនរងគ្រោះដោយអំពើហិង្សាធ្វើការសម្រេចចិត្ត ហើយអាចទទួលបានសេវាប្រកបដោយគុណភាព»។

លោកជំទាវ ញាញ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់ថា អ្នកផ្តល់សេវា ត្រូវគោរពតាមគោលការណ៍សំខាន់ៗទាំង៦ រួមមាន គោរពសិទ្ធិមនុស្ស ធានាបាននូវសុត្ថិភាពជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ធានាបាននូវភាពឯកជន និងរក្សាការសម្ងាត់ មិនស្តីបន្ទោស និងវិនិច្ឆ័យ ផ្តល់ភាពអង់អាចដល់ស្រ្តី និងមិនរើសអើង។

អ្នកចូលរួមវគ្គបណ្តុះបណ្តាល លោកស្រី សោម សុផានី មានតួនាទីជាប្រធានការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារីខេត្តព្រះស៊ីហនុ បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រីទទួលបាននូវចំណេះដឹងបន្ថែមសម្រាប់គាំទ្រសេវាកម្មនៅសហគមរបស់លោកស្រី។ ចំណែកឯលោក នើយ សុខនាម អ្នកចូលរួមមកពីខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃគឺវាមានសារះសំខាន់សម្រាប់អ្នកផ្តល់សេវាថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រនៅក្នុងការបញ្ជូនពួកគេទៅស្ថាប័នពាក់ព័ន្ធ។

ក្នុងរយៈពេល៩ខែចុងក្រោយ តាមរយៈកម្មវិធីACCESS ជនរងគ្រោះដោយអំពើហិង្សាពាក់ព័ន្ធឹនិងយេនឌ័រជាង៦០០នាក់ ត្រូវបានផ្តល់ជូននូវសេវា​ផ្សេងៗរួមមាន សេវាផ្នែកសុខភាព និងច្បាប់ សេវាប្រឹក្សាយោបល់ និងគំាទ្រផ្នែកសេដ្ឋកិច្ចនិងសង្គម។ ជាងនេះទៀត កម្មវិធីACCESS បានផ្តល់នូវការកសាងសមត្ថភាពទៅដល់អ្នកផ្តល់សេវាជាង១០០០នាក់នៅខេត្តគោលដៅទាំង៨។ អ្នកផ្តល់សេវាទាំងនោះភាគច្រើនជាមន្រ្តីរដ្ឋាភិបាល៕