វេទិកាសហគ្រិនស្រ្តីមានពិការភាព ក្រោមប្រធានបទ សហគ្រិនភាព និងទីផ្សារប្រកបដោយបរិយាបន្ន

វេទិកាសហគ្រិនស្រ្តីមានពិការភាព ក្រោមប្រធានបទ សហគ្រិនភាព និងទីផ្សារប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២២ វេទិកាសហគ្រិនស្រ្តីមានពិការភាព ត្រូវបានរៀបចំឡើងដោយ សហគ្រាសសង្គមអ៊ែដ្យាយល៍​( Agile) និងនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា។ វេទិកានេះ​មានគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីការរួមចំណែកសេដ្ឋកិច្ចសង្គមរបស់សហគ្រិនស្រ្តីមានពិការភាព និងបង្ហាញពីភាពចម្រុះនៃប្រភពមូលនិធិដែលមានសក្តានុពល និងឱកាសអាជីវកម្ម។

តំណាងសហគ្រិនស្រ្តីមានពិការភាពម្នាក់ លោកស្រី​ ឃួន សុជាតា មានពិការភាពរាងកាយ បានបង្ហាញពីចំណាប់អារម្មណ៍អំពីវេទិកានេះ និងបញ្ជាក់ពីការចង់ចូលរួមនៅវេទិកានេះ។ បន្ទាប់ពីលោកស្រីចូលរួមជាមួយ Agile  លោកស្រីសង្កេតឃើញមានការផ្លាស់ប្តូរ រួមមាន លោកស្រីមានភាពជឿជាក់ជាងមុន និងបង្កើនជំនាញក្នុងផ្នែកទីផ្សារ ការគ្រប់គ្រង់ហិរញ្ញវត្ថុ និងកសាងទំនាក់ទំនង។ លោកស្រីមានសារដើម្បីចែករំលែកទៅសហគ្រិនស្រ្តីមានពិការភាពថា៖ «កុំអស់សង្ឃឹម អ្នកក៏អាចធ្វើអី្វដូចអ្នកដទៃបានដែរ។ ទោះបីជាយើងដើរយឺតបន្តិច ប៉ុន្តែយើងនៅតែដើរទៅមុខ។ កុំចុះចាញ់ដោយសារពិការភាពរបស់យើង»។

លោក Ian Jones នាយកប្រតិបត្តិនៅ Agile  បានគូសបញ្ជាក់ពីឧបសគ្គនានាដែលប្រឈមចំពោះសហគ្រិនស្រ្តីមានពិការភាពនៅក្នុងការបង្កើត និងដំណើរការអាជីវកម្មរបស់ពួកគេ។ លោកបាននិយាយថា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)  Agile បានដំណើរការកម្មវិធីបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋានពោធិព្រឹក្ស និងកម្មវិធីបណ្តុះបណ្តាលអាជីវកម្មថ្នាក់ជាន់ខ្ពស់ពោធិព្រឹក្សសម្រាប់សហគ្រិនស្រ្តីមានពិការភាព ដើម្បីគាំទ្រពួកគេក្នុងការកសាងអាជីវកម្មពីកម្រិតមូលដ្ឋាន និងអាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនស្រ្តី ដើម្បីឈានទៅកម្រិតបន្ទាប់។ Agile នឹងកំណត់ជំហ៊ានបន្ទាប់ ដើម្បីបង្កើនការយល់ដឹងអំពីការរួមចំណែកសេដ្ឋកិច្ចសង្គមរបស់ស្រ្តីមានពិការភាព ក្នុងការរួមចំណែកនៅទូទាំងអង្គការតំណាងជនមានពិការភាព និងទូទាំងសហគ្រាសធនតូច និងមធ្យម និងតួអង្គរដ្ឋាភិបាលដែលពាក់ព័ន្ធ។

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាថា តាមរយៈភាពដៃគូរបស់កម្មវិធី ACCESS ជាមួយ Agile ស្រ្តីមានពិការត្រូវបានគាំទ្រ និងបង្វឹក ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមអាជីវកម្មរបស់ពួកគេឱ្យមានសក្តានុពលពេញលេញ។ លោកបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលអូស្រ្តាលី មានមោទនភាពក្នុងការគាំទ្រវេទិកានេះ តាមរយៈកម្មវិធី ACCESS ដើម្បីលើកកម្ពស់បរិយាបន្នសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រិនស្រ្តីមានពិការភាព ដែលឱកាសទាំងនេះរួមទាំងការគាំទ្រក្នុងការទទួលបានការងារធ្វើ ឬការប្រកបរបរចិញ្ចឹមជីវិត គំនិតផ្តួចផ្តើមសហគ្រិន ការបញ្ចប់កម្មវិធី សហគ្រិនភាព Agile និងវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

នៅក្នុងវេទិកានេះដែរ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការកោតសរសើរចំពោះរដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រដល់Agile ក្នុងការអភិវឌ្ឍវគ្គបណ្តុះបណ្តាលសម្រាប់ស្រ្តីមានពិការភាព ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំនាញទន់ ក៏ដូចជាការកសាងទំនុកចិត្ត និងជំនាញបច្ចេកទេស រួមទាំងការគ្រប់គ្រងអាជីវកម្ម ដែលរួមចំណែកដល់ការអុនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព៕