សិក្ខាសាលាឆ្លុះបញ្ជាំងពីកម្មវិធីរយៈពេល៦ខែ

សិក្ខាសាលាឆ្លុះបញ្ជាំងពីកម្មវិធីរយៈពេល៦ខែ

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ សិក្ខាសាលាឆ្លុះបញ្ជាំងពីកម្មវិធីរយៈពេល៦ខែ ត្រូវបានរៀបចំឡើងដោយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS) ដោយមានការចូលរួមពីតំណាងមកពីក្រសួងកិច្ចការនារី(MoWA) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា​(MoSVY) ក្រុមប្រឹក្សាសកម្មភាពជនពិការ(DAC)  មូលនិធិជនពិការ (PWDF) និងអង្គការដៃគូអនុវត្ត។

សិក្ខាសាលាឆ្លុះបញ្ជាំងពីកម្មវិធីរយៈពេល៦ខែនេះ គឺជាលំហាត់រៀនសូត្រជាប្រចាំសម្រាប់កម្មវិធីដែលផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធកម្មវិធីដើម្បីជួបគ្នាបង្កើតគំនិត និងពិភាក្សាអំពីសមិទ្ធិផលសំខាន់ៗ មេរៀនដែលបានរៀន និងបញ្ហាប្រឈមនានា ក៏ដូចជាស្នើឱ្យមានការឱ្យយោបល់ឬសកម្មភាពកែតម្រូវសម្រាប់ការអនុវត្តនាពេលអនាគត។ លំហាត់នេះមានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃការរាតត្បាតរាជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ ដោយរួមទាំងការអនុវត្តរបស់កម្មវិធី ACCESS ផងដែរ។  ជាងនេះទៀត ការរឹតបន្តឹងដែលជាផ្នែកមួយនៃវិធានការណ៍បង្ការដូចជា ការចល័តនៅក្នុងនិងក្រៅប្រទេស គម្លាតសង្គម និងការជៀសវាងការប្រមូលផ្តុំសាធារណៈ និងការអនុវត្តន៍កម្មវិធី ក៏រងនូវផលប៉ះពាល់ផងដែរ។

លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម របស់ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ យើងបានរឹតបន្តឹងនៃការបំលាស់ទីអស់រយៈជាច្រើនខែ។ ទោះជាយ៉ាងនេះក្តី យើងនៅតែបន្តផ្តល់សេវាជួយដល់ជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមនៅក្នុងការសម្រេចគោលដៅដែលបានគ្រោងទុកក្នុងរយៈពេល៦ខែចុងក្រោយនេះក៏ដោយ ប៉ុន្តែយើងទទួលបាននូវឱកាសថ្មីក្នុងការស្វែងរកវិធីដើម្បីអនុវត្តសកម្មភាពដែលបានគ្រោងទុករបស់យើងខណៈពេលដែលអនុវត្តគម្លាតសង្គម។ ការផ្តល់សេវាអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រតាមរយៈហ្សូម និងតាមទូរស័ព្ទ គឺជាឧទាហរណ៏ដែលបង្ហាញពីវិធីនៃការផ្តល់សេវាកំឡុងពេលកូវីដ-១៩»។

លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា៖ «កំឡុងពេលរាតត្បាតនេះ យើងបានកសាងសមត្ថភាពដល់អ្នកផ្តល់សេវាអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ តាមរយៈសិក្ខាសាលា និងការផ្តល់ប្រឹក្សាដល់ជនរងគ្រោះដោយអំពើហិង្សាតាមអនឡាញ។ ជាងនេះទៀត យើងក៏មានពិធីប្រគល់សម្ភារការពារទៅដល់ខេត្តគោលដៅតាមរយៈការឧបត្ថម្ភពីកម្មវិធីACCESS ផងដែរ»។

តាមរយៈកម្មវិធីACCESS រដ្ឋាភិបាលអូស្រ្តាលី បានដាក់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សានៅក្នុងចំណុចកណ្តាលនៃការឆ្លើយតបជំងឺកូវីដ-១៩ និងក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរ។ សិក្ខាសាលាឆ្លុះបញ្ចាំងគឺជាលំហាត់មួយប្រកបដោយផ្លែផ្កាដែលបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃកម្មវិធី ដើម្បីធានាបាននូវវិធីសាស្រ្តរួមមួយឆ្ពោះទៅរកការអនុវត្តកម្មវិធី និងការផ្តល់សេវាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩៕