សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព បង្កើនចំណេះដឹងដល់មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព បង្កើនចំណេះដឹងដល់មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលីដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCES) និងអង្គការ UNDP បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីចែករំលែកនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម ឯម ច័ន្ទមករា និង ឯកឧត្តម ឆាន់ វឌ្ឍនៈ បានសហការដឹកនាំកិច្ចវគ្គសិក្ខាសាលានេះ។​

អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ រួមមាន តំណាងមកពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងម​ន្ទីរជំនាញនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសកម្មភាពខេត្តចំនួន៥ រួមមានខេត្តកំពង់ចាម កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និងខេត្តបាត់ដំបង រួមទាំងអភិបាលរងខេត្ត និង​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។

សិក្ខាមានគោលបំណង បង្កើនការយល់ដឹងពីយុទ្ធសាស្រ្តអាទិភាពនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្នុងចំណោមមន្រ្តីពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព​លើថវិកានៃក្រសួងស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ដែលបានកំណត់។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា  ដំណើរការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព​ ២០១៩-២០២៣ បានទទួលធាតុចូលពីដៃគូពាក់ព័ន្ធជាច្រើន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន​ អង្គការក្រៅរដ្ឋាភិបាល អង្គការ តំណាងជនពិការ និងជនមានពិការភាព។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីអនុវត្តនូវ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពទទួលបានជោគជ័យ ចាំបាច់ត្រូវមានការគាំទ្រពីអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានានូវធនធានគ្រប់គ្រាន់។ ឯកឧត្តម បាននិយាយថា៖ «ការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងឆ្លុះបញ្ជាំងដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមស្របទៅនឹងរបៀបវារះកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងការពង្រឹងទំនាក់ទំនងគោលនយោបាយថវិកា នៅក្នុងការអនុវត្តការងារទៅតាមថវិកាដែលបានកំណត់»។

លោក Connor Floyd បានមានប្រសាសន៍នៅក្នុងសុន្ទរកថា៖ «រដ្ឋាភិបាលអូស្រ្តាលី គឺជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព។ តាមរយៈ កម្មវិធី ACCESS យើងធ្វើការសហការយ៉ាងជិតស្និតជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ និងសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធានាថា ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពមានប្រសិទ្ធិភាព»។ លោកFloyd បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ការលើកកម្ពស់បរិយាបន្នពិការភាព គឺមិនមែនជាកាតព្វកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាតែម្នាក់នោះទេ ប៉ុន្តែវាគួរតែជាផ្នែកមួយនៃរបៀបវារះរបស់អ្នករាល់គ្នា តាមរយៈកម្មវិធីថវិកា និងសកម្មភាពដែលបានកំណត់ ឬជាការបញ្ជ្រៀបចូលទៅក្នុងការងារស្នូលនៅគ្រប់លំដាប់ថ្នាក់ និងវិស័យនានា»។

មន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើបទបង្ហាញការងារអាទិភាពសំខាន់ៗ និងបទបញ្ញត្តិពាក់ព័ន្ធនានា ពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព​លើថវិការបស់ក្រសួងស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ដែលបានកំណត់។ មន្រ្តីអគ្គលេខាធិការដ្ឋាន ក៏បានចែករំលែកផងដែរនូវលទ្ធផលពីសកម្មភាព និងការអភិវឌ្ឍផែនការថវិកានៃក្រុមប្រឹក្សាសកម្មភាពខេត្តទាំង៥។ ជាងនេះទៅទៀត អ្នកជំនាញខាងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏បានធ្វើបទបង្ហាញពីទិដ្ឋាភាពរួមនៃធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយគូសបញ្ជាក់ពីការអនុវត្តល្អៗ និងបញ្ហាប្រឈមមួយចំនួន។

កំឡុងពេលកិច្ចប្រជុំ ឯកឧត្តម ប៊ូ វង្សសុខា បានងបង្ហាញនូវការគាំទ្រចំពោះ ចំណាប់អារម្មណ៍របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការក្លាយជាអង្គភាពថវិកា និងពិនិត្យមើលលទ្ធភាពនៃការដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធសមភាពយេនឌ័រ និងបរិយាបន្នពិការភាពនៅក្នុងសារាចរណែនាំស្តីពីដំណើរការរៀបចំសេចក្តីព្រាងថវិកាឆ្នាំ២០២៣ ដែលនឹងចេញនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២២។ ការប្តេជ្ញានេះ នឹងជួយគាំទ្រដល់កិច្ចប្រឹងប្រែងស្វែងរកការគាំទ្រមតិរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ពីសំណាក់ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រោង ថវិកាសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនៅតាមវិស័យផ្សេងៗ។

កម្មវិធី ACCESS គឺបាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិលើកទី៣ និងផែនការសកម្មភាពជាតិស្តីពីពិការភាពលើកទី២ ពីឆ្នាំ២០២១៩-២០២៣។ គោលបំណងរួមរបស់កម្មវិធី ACCESS គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាប្រកបដោយគុណភាព បរិយាបន្ន និងនិរន្តរភាពសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕

កំណត់ចំណាំសំខាន់៖

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឆាន់ វឌ្ឍនៈ ជារដ្ឋលេខាធិការ និងប្រធានក្រុមការងារសកម្មភាពជនពិការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថ

ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា