សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិក្នុងខេត្តសៀមរាប កំពង់ចាម និងកំពង់ស្ពឺ

សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិក្នុងខេត្តសៀមរាប កំពង់ចាម និងកំពង់ស្ពឺ

កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្រ្តាលីបានសហការជាមួយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បាទា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សសកម្មភាពជនពិការ​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ក្នុងខេត្តគោលដៅទាំង ៣​(ខេត្តសៀមរាប កំពង់ចាម​ និងកំពង់ស្ពឺ) ដើម្បីពិភាក្សាអំពីយន្តការនៃការសម្របសម្រួលការងារ និងការអនុវត្តកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS)។ កម្មវិធី ACCESS ផ្តល់ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធនានាសំដៅចូលរួមចំណែកពង្រឹងការទទួលបានសេវា និងសិទ្ធិជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)។

កម្មវិធី ACCESS បានណែនាំពីសកម្មភាពនានាក្នុងខេត្តគោលដៅទាំង ៣​ ដែលគាំទ្រដល់ការទទួលបានសេវារបស់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សកម្មភាពទាំងនោះរួមមានការផ្តល់ការគាំទ្រដល់ការបង្កើត និង/ឬពង្រឹងយន្តការសម្របសម្រួល និងបញ្ជូន សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ការទទួលបានឱកាសការងារសម្រាប់ជនមានពិការភាព សេវាសុខភាព ជំនួយផ្នែកផ្លូវច្បាប់ និងសេវាសង្គមនានាសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សិក្ខាសាលានេះទទួលបានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធប្រមាណជាង ២០០ នាក់។