សិក្ខាសាលាពិគ្រោះយោបល់ស្តីពី នីតិវិធីហិរញ្ញវត្ថុ និងហិរញ្ញប្បទាននៃមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី នីតិវិធីហិរញ្ញវត្ថុ និងហិរញ្ញប្បទាននៃមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា

នាពេលថ្មីៗនេះ មូលនីធិជនពិការ និងអង្គការ HI បានសហការគ្នារៀបចំឱ្យមានសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី នីតិវិធីហិរញ្ញវត្ថុ និងហិរញ្ញប្បទាននៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា ឆ្នាំ២០២១ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌(ACCESS)។

សិក្ខាសាលានេះគោលបំណង ជូនដំណឹង កំណត់ និងពិភាក្សាអំពីនិតិវិធីហិរញ្ញវត្ថុ និងការផ្តល់មូលនិធិដល់វិស័យស្តារនិតិសម្បទា និងកំណត់ធាតុផ្សំនៃផែនការហិរញ្ញវត្ថុ សម្រាប់ការផ្តល់ដល់វិស័យស្តារនិតិសម្បទា រួមទាំងប្រធានបទ ដូចជាឱកាសសំខាន់ បញ្ហាប្រឈម តួនាទី​ ការទទួលខុសត្រូវ និងពេលវេលា។

មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា​ បានដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទៅដល់ជនមានពិការភាព។ សេវាចម្បងដែលផ្តល់ដោយមណ្ឌលស្តាររួមមាន ឧបករណ៍ផលិតអវយវះសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយផ្សេងៗទៀត ការផ្តល់ការព្យាបាលដោយចលនានៅដំណាក់បន្ទាប់ និងដំណាក់កាលរយៈពេលវែង និងការផ្តល់រទេះរុញ និងសេវាសង្គមជាដើម។

អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះរួមមាន តំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការជនពិការកម្ពុជា មូលនិធិជនពិការ មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា​ អង្គការ HI និងអង្គការផ្សេងៗទៀត។

រដ្ឋាភិបាលអូស្រ្តាលី​តាមរយៈកម្មវិធី ACCESS បានគាំទ្រដល់មណ្ឌលស្តារចំនួន៦នៅកម្ពុជា ជាពិសេសមណ្ឌលស្តារនៅខេត្តសៀមរាប គៀនឃ្លាំង (ភ្នំពេញ) ព្រៃវែង ក្រចេះ តាកែវ និងមណ្ឌលស្តារនៅខេត្តកំពង់ចាម តាមរយៈកិច្ចអន្តរាគមន៍ រួមមាន ការអភិវឌ្ឍន៍គោលនយោបាយនិងគោលការណ៍ណែនាំ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព។

លោក ម៉ម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានមានប្រសាសន៍ថា ការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី​ ACCESS និងដៃគូអនុវត្តគម្រោង ផ្តល់សារៈសំខាន់ដល់ជនមានពិការភាពនៅកម្ពុជា ហើយធាតុចូលពីអ្នកចូលរួម និងអ្នកជំនាញដែលទទួលបានពីសិក្ខាសាលានេះ នឹងត្រូវប្រើយ៉ាងមានប្រសិទ្ធិភាពដើម្បីអនុត្តន៍ និងកែលម្អរសេវាសម្រាប់ជនមានពិការភាព។​

លោកស្រី Elizabeth Adler លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយណាស់ដែលបានឃើញមូលនិធិជនពិការ មានភាពជាម្ចាស់ដើម្បីសម្របសម្រួលការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា។ ការធ្វើបែបនេះនឹងជួយធានាបាននូវនិរន្តភាពហិរញ្ញវត្ថុរបស់មណ្ឌលស្តារ ដែលជាលទ្ធផលជាក់ស្តែងវាផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព»។

កម្មវិធី​ ACCESS សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ អង្គការ HI និងអ្នកពាក់ព័ន្ធសា្តរនីតិសម្បទា ដើម្បីពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងធានាបាននូវសេវាចាំបាច់សម្រាប់ក្រុមងាយរងគ្រោះ៕