សិក្ខាសាលារៀនសូត្រ និងចែករំលែក៖ ស្វែងយល់ពីក្តីសុបិន្ត បញ្ហាប្រឈម និងតម្រូវការរបស់ជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង

សិក្ខាសាលារៀនសូត្រ និងចែករំលែក៖ ស្វែងយល់ពីក្តីសុបិន្ត បញ្ហាប្រឈម និងតម្រូវការរបស់ជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង

«ក្តីសុបិន្តរបស់ខ្ញុំ គឺតស៊ូមតិដើម្បីសិទ្ធិរបស់ខ្ញុំ ដើម្បីកាត់បន្ថយការរើសអើង។ ខ្ញុំចង់មានដំណើរកម្សាន្ត និងរីករាយដូចអ្នកដទៃ និងមានគ្រួសារមួយដោយខ្លួនឯងមួយ» នេះជាសម្តីរបស់ កញ្ញា ឱ សារ៉ាត់ ដែលមានពិការភាពផ្នែកប្រាស្រ័យទាក់ទង និងលេបអាហារ។ ខណៈដែលមិត្តរួមក្រុម មានស្ថានភាពស្រដៀងគ្នា បាននិយាយថា លោកចង់សន្សំលុយឱ្យបានច្រើន និងកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកទាំងពីរបានចែករំលែកនូវក្តីស្រម៉ៃរបស់ខ្លួនទៅកាន់អ្នកចូលរួមកំឡុងពេលសិក្ខាសាលារៀនសូត្រ និងចែករំលែក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ ដែលរៀបចំឡើងដោយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌(ACCESS)  ដោយមានការគំាទ្របច្ចេកទេស ពីអង្គការធ្វើឱ្យប្រសើរឡើងដល់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងលេបអាហារនៅកម្ពុជា (OIC Cambodia)។

សិក្ខាសាលានេះ គាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ដែលមានគោលបំណង ពិភាក្សាបញ្ហាប្រឈមនានារបស់ជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង និងសកម្មភាពជាក់ស្តែង ដើម្បីដោយស្រាយនូវឧបសគ្គទាំងនេះ រួមទាំងពេលទៅទទួលសេវា ព្រមទាំងសិក្សាពីបទពិសោធរបស់អ្នកផ្តល់សេវាដែលធ្វើការសម្រាប់ និងជាមួយជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។

សិក្ខាកាមដែលចូលរួមសិក្ខាសាលា រួមមាន ជនមានពិការភាពដោយក្នុងការប្រាស្រ័យទាក់ទង តំណាង ដៃគូអនុវត្តគម្រោង រួមទាំងអង្គការជនពិការកម្ពុជា អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ សហគ្រាសសង្គមអ៊ែដ្យាយល៍ អង្គការ ADD International អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID) អង្គការជំនួយផ្នែកច្បាប់កម្ពុជា(LAC) និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO)។ សមភាគីរដ្ឋាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនីធិជនពិការ វិទ្យាស្ថានជាតិអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានវត្តមាននៅក្នុងសិក្ខាសាលានេះដែរ។

លោកស្រី Anne ROUVE-KHIEV ប្រធានកម្មវិធីACCESS បានមានប្រសាសន៍នៅក្នុង​ការបើកសិក្ខាសាលាថា កម្មវិធី ACCESS បានធ្វើការពង្រឹងដល់សិទ្ធិជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយធ្វើការក្នុងភាពជាដៃគូ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តគម្រោង។ លោកស្រី បានមានប្រសាសន៍បន្ថែមថា សិក្ខាសាលានេះ មានសារៈសំខាន់ ដោយបានផ្តល់ការណែនាំអំពីជំនួយ និងតម្រូវការសម្ភារៈផ្សេងៗ ឱកាសរៀនសូត្រពីបញ្ហាប្រឈម និងតម្រូវការនៅក្នុងទទួលសេវា និងបង្ហាញពីព័ត៌មានអំពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពជាមួយជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។

នៅក្នុងកិច្ចសហការជាមួយអង្គការ OIC Cambodia និងកម្មវិធីACCESS សិក្ខាសាលាចំនួន៦ ស្តីពី «បរិយាបន្នពិការភាពក្នុងការប្រាស្រ័យទាក់ទង» ត្រូវបានផ្តល់ដល់អ្នកពាក់ព័ន្ធចំនួន១៦២នាក់ (៨៤នាក់ជាស្រ្តី) នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលមានដូចជា អង្គការដៃគូអនុវត្តគម្រោង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ ក្រុមប្រឹក្សាសកម្មភាពខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងក្រុមការងារកម្មវិធីACCESS៕