ស្ថានទូតអូស្ត្រាលី ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី

ស្ថានទូតអូស្ត្រាលី ប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារី

នាថ្ងៃទី ៩​ ខែមិនា ឆ្នាំ ២០២០ ស្ថានទូតអូស្ត្រាលី នៅកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ២០២០ ក្រោមប្រធានបទ “ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីមានពិការភាព”។

ស្រ្តី និងក្មេងស្រីមានពិការភាព ទទួលរងការរើសអើងទ្វេរដងបើធៀបនឹងមនុស្សទូទៅ ដែលជាហេតុធ្វើឲ្យស្រ្តី និងក្មេងស្រីដែលមានពិការភាពទាំងនោះ មានហានិភ័យខ្ពស់ពីអំពើហឹង្សាទាក់ទងនឹងយេនឌ័រ ការមិនយកចិត្តទុកដាក់ ការធ្វើបាប និងការកេងប្រវ័ញ្ចជាដើម។ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានរៀបចំទិវានេះឡើង ក្រោមកិច្ចសហការជាមួយ Agile Development Group និងអង្គការ Light for the World ដើម្បីបង្ហាញពីវិធីសាស្រ្តការងារនៃអង្គការទាំងពីរខាងលើ ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីមានពិការភាព តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាកម្មប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថា(ACCESS)។

ពិធីនេះក៏ជាឱកាសដ៏ល្អមួយដែលអ្នកចូលរួមទាំងអស់គ្នា បានដឹងពីបទពិសោធន៍ ដ៌គួរឲ្យស្ញប់ស្ញែង របស់ស្រ្តីមានពិការភាពមួយចំនួន។ ជាបទពិសោធន៍ដែលធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថ និងបរិយាប័នពិការភាពក្នុងសហគមន៍ ពោលគឺលោកស្រី សារ៉េត កញ្ញា សួរ សាន និងស្រីពេជ្រ ដែលបានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងបទពិសោធន៍នានាដែលពួកគាត់បានជំនះកន្លងមក។ ស្ថានទូតអូស្ត្រាលី ក៏មានសេចក្តីរីករាយផងដែរ ដោយមានវត្តមានពីក្រសួងកិច្ចការនារី និងអតីតនិស្សិតស្រី ពីររូបដែលទទួលបានអាហារូបករណ៍ពីអូស្រ្តាលី នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។ ស្ត្រីដែលជាអតីតនិស្សិតទាំងពីររូបនោះ នឹងបន្តវគ្គសិក្សាថ្នាក់បណ្ឌិត (PhD) របស់ខ្លួនក្នុងពេលឆាប់ៗនេះក្រោមអាហារូបករណ៍សាកលវិទ្យាល័យ Curtin និងសាកលវិទ្យាល័យ La Trobe ។


អូស្រ្តាលីប្តេជ្ញាឲ្យមានបរិយាប័ន្នពិការភាព សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងនៅតាមគេហដ្ឋាននិងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទាំងបុរសនិងស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតពិភពលោកមួយ ដែលស្ត្រីនិងក្មេងស្រី មានសិទ្ធិ និងឱកាសស្មើគ្នាគ្រប់ទីកន្លែង។