ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល៖ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងសហគមន៍

ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល៖ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពនៅក្នុងសហគមន៍

លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី បទដ្ឋានបចេ្ចកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដោយលោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំអគារសាធារណៈដែលមានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល នឹងអនុញ្ញាតិឱ្យជនមានពិការភាព រួមទាំងកុមារ ស្រ្តីមានផ្ទៃពោះ និងជនចាស់ជរា អាចចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសហគមន៍ ដើម្បីទទួលបានការអប់រំ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារ​ និងសេវាសំខាន់ៗផ្សេងទៀតកាន់តែប្រសើរឡើង។

រដ្ឋាភិបាលអូស្រ្តាលី តាមរយៈ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) បានគាំទ្រដល់វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃនេះ ចាប់ពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ អគ្គលេខាធិដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមជំនួយបច្ចេកទេសដោយអង្គការ Humanity & Inclusion (HI)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីកសាងសមត្ថភាពដល់អង្គការបណ្តាញជនពិការ អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល ស្តីពីបទដ្ឋានបចេ្ចកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដើម្បីឱ្យអ្នកទាំងនោះក្លាយជាគ្រូបង្គោលថ្នាក់ជាតិ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកវគ្គបណ្តុះគ្រូបង្គោលថា ជនមានពិការភាព មានសិទ្ធិជនដែលមិនមានពិការភាព រួមទាំងសិទ្ធិក្នុងការចូលរួមពេញលេញក្នុងសហគមន៍។ ឯកឧត្តម​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យប្រាកដថាអគាររដ្ឋបាលសធារណៈមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដែលអគាររដ្ឋបាលសធារណៈទាំងនោះរួមមាន គ្រឹះស្ថានអប់រំ គ្រឹះស្ថានសុខាភិបាល​ រួមទាំងផ្លូវដើរ ជម្រាល និងបន្ទប់ទឹកជាដើម ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាព។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលគ្រួបង្គោលនេះ នឹងផ្តល់ដល់គ្រូបង្គោលនូវជំនាញ និងចំណេះដឹងទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល និងជួយគាត់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបន្តទៅដល់ភាគីពាក់ព័ន្ធនៅក្នុងសហគមន៍។

ឯកឧត្តម មករា បានបញ្ជាក់ទៀតថា ដើម្បីធានាឱ្យបានការគិតគូរជាមុន និងការដាក់បញ្ចូលការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព គួរចាប់ផ្តើមនៅដំណាក់ដំបូងនៃការសាងសង់។ ឯកឧត្តម បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ជាការពិចារណាពីការបង្កលក្ខណៈងាយស្រួលនេះនៅដំណាក់កាលរៀបចំប្លង់អគារ ដែលអគាររដ្ឋបាលសាធារណៈ និងអគារផ្សេងៗទៀតត្រូវបានរចនា និង សាងសង់ រួមទាំងអគារដែលមានស្រាប់ និងអគារថ្មី ត្រូវតែរចនា និងកែសម្រួលឱ្យស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ។

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលបន្ទុកលើបទដ្ឋានបចេ្ចកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព បានបញ្ជាក់ថា បទដ្ឋានបចេ្ចកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ត្រូវបានអនុម័តនៅឆ្នាំ២០២១៨ ដែលជាឯកសារផ្លូវការដ៏ទូលំទូលាយមួយសម្រាប់ម្ចាស់អគារ និងអ្នកម៉ៅការសាងសង់ ដើម្បីអនុលោមតាមបទដ្ឋានបច្ចេកទេស ជាពិសេសពាក់ព័ន្ធនឹងដាក់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដែលតម្រូវដោយច្បាប់។ ឯកសារស្តីពី បទដ្ឋានបចេ្ចកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ត្រូវបានបង្កើតឡើងដោយ អគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធផ្សេងទៀត។

យោងទៅលើលិខិតលេខ ១១៦៩ ចេញថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយ​ក្រសួងមហាផ្ទៃ ក្នុងគោលបំណងជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពី «ការដាក់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព នៅក្នុងគម្រោងសាងសង់ ឬសំណង់ហេដ្ឋាចនាសម្ព័ន្ធរូបវន្តសាធារណៈនានា របស់រដ្ឋបាលរាជធានីខេត្ត»។ ឯកឧត្តម អ៊ុង សម្បត្តិ បានបញ្ជាក់ថា នេះជាលទ្ធផលដែលចេញពីសកម្មភាពរួមរបស់ក្រសួងពាក់ព័ន្ធក្រោមការដឹកនាំរបស់ឯកឧត្តម ឯម ច័ន្ទមករា ក្រុមការងារបច្ចេកទេសនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងដៃគូពាក់ព័ន្ធ រួមទាំង អង្គការ Humanity & Inclusion ។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកដើម្បីឱ្យចេញជាលិខិតនេះ ដែលរំពឹងថា នឹងរួមចំណែកក្នុងសកម្មភាពឆ្ពោះទៅមុខក្នុងការធានាថា ការដាក់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលនៅគ្រប់អគារនៃប្រទេសកម្ពុជា។

លោក ជរ រ៉ាដា ប្រធានគម្រោងនៅអង្គការ Humanity & Inclusion និងជាសមាជិកក្រុមការងារបច្ចេកទេស ទទួលបន្ទុកផ្នែកបទដ្ឋានបចេ្ចកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព  បានបញ្ជាក់ថា អង្គការ Humanity & Inclusion បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសម្មភាពជនពិការ ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឈានទៅសម្រេចគោលរួមរបស់យើង គឺការសម្របសម្រួលឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល។ អង្គការ Humanity & Inclusion បានរួមចំណែកក្នុងការអភិវឌ្ឍន៍បទដ្ឋានបចេ្ចកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព និងបន្តគាំទ្រដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីផ្តល់ការកសាងសមត្ថភាពដល់មន្រ្តីថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។

កម្មវិធី ACCESS បាននឹងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវគុណភាព និងបរិយាបន្នសេវាសម្រាប់ជនមានពិការភាព៕