អបអរសាទរកម្ពុជា ដែលក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ លើរបៀបវារៈអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន
កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ លើរបៀបវារៈអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន (CBID) ត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រោមប្រធានបទ៖ ការពង្រឹងសិទ្ធិអំណាចសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាពកំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន។ សន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើក ប្រារព្វឡើងជារៀងរាល់បួនឆ្នាំម្តង ដើម្បីចែករំលែកនូវសំឡេង លើកកម្ពស់ពីឧត្តម្មានុវត្ត នវានុវត្តន៍ឯកសារ បង្កើតទិសដៅថ្មី បង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្រ្ត និងបង្កើតសេវាទាក់ទងនឹងពិការភាពប្រកបដោយនវានុវត្តន៍។
សន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ លើរបៀបវារៈអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបណ្តាញស្តារនីតិសម្បទាសហគមន៍អាស៊ីប៉ាស៊ីហ្វិក ដោយមានអ្នកចូលរួមប្រមាណ២៩០នាក់។ សន្និសិទនេះ ក៏ទទួលបានការគាំទ្រផងដែរផ្នែកបច្ចេកទេស និងថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។ កំឡុងពេលកិច្ចពិភាក្សាក្រុមធំ និងក្រុមតូច ពិភាក្សាត្រូវបានលាតសន្ធឹងលើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធ សុខមាលភាពសង្គម កិច្ចគាំពារសង្គម និងបរិយាបន្នសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព និងការអនុវត្តន៍ល្អៗ ភស្តុតាង និងនវានុវត្តន៍នៅក្នុងអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្នកំឡុងពេល និងក្រោយពេលរាតត្បាតនៃជំងឺកូវីដ-១៩។
តាមរយៈកម្មវិធី ACCESS អូស្រ្តាលី បានគាំទ្រដល់កិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គការបណ្តាញជនមានពិការភាព និងវិស័យឯកជន ព្រមទាំងគាំទ្រដល់ការអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីពិការភាព៕